ទិវាជាតិនៃការចងចាំ ២០ឧសភា ដែលប្រជាពលរដ្ឋគ្រប់រូបមិនអាចបំភ្លេចបាននៃរបប ខ្មែរក្រហម

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
4

កែប៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិតប្រមាណជាង ២២០០នាក់ បាននាំគ្នារៀបចំពិធីរំលឹកទិវាចងចាំ ២០ឧសភា នៅទីធ្លាវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាពលរដ្ឋ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ។

លោក កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប បានមានប្រសាសួរនាំថា ថ្ងៃទី ២០ ឧសភា ជាទិវាចងចាំមិនអាចបំភ្លេចបាននូវ សោកនាដកម្មដ៏ខ្លោចផ្សា ដែលប្រជាជនកម្ពុជា យើងក៏ដូចជាប្រជាជននៅខេត្តកែប នៅតែចងចាំទុកមិនអាចបំភ្លេចបានឡើយនូវសម័យកាលនរកអវិចីបានកើតឡើងយ៉ាងស្រស់ៗ នៅលើទឹកដីនៃមាតុភូមិកម្ពុជាអស់រយៈពេល ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនោះ គឺរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ របបខ្មែរក្រហម ដែល បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់។

លោកអភិបាល ក៏បានបន្ថែមទៀតថាការជួបជុំរៀបចំទិវាចងចាំនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ របស់បញ្ញវ័ន្តអ្នកស្នេហាជាតិ និងឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណខ័ណ្ឌរបស់ លោក អ្នក ទាំងនោះនៅខេត្តកែប ក៏ដូចជានៅទូទាំងប្រទេស ។ សូមដួងវិញ្ញាណ លោកអ្នកទាំងនោះ អនុមោទនាទទួលយក និងសូមបានស្ថិតនៅក្នុងសុគតិភព ជារៀងរហូតតទៅ ។

តាមសក្ខីកម្មជាក់ស្តែង បានបញ្ជាក់ ថាក្រុមជន ដែលបានធ្វើការប្រទូស្តរាយ នឹងព្រះត្រៃសរណគមន៍ ពេលស្លាប់វិញ មិនបានទទួលកិត្តិយសទេ មានជាអាទិ៍ខ្មោច ប៉ុល ពត សុន សេន តា ម៉ុ ក អៀង សារី ជាដើម ។ ចំំណែក មេដឹកនាំជាន់ខ្ពស់ របស់ពួកគេទោះបីជាមានវ័យចាស់ ជរាយ៉ាងណាក្តី ក៏ត្រូវរងនូវ អកុសលពិបាកកើតជាសត្វ ប្រែត សត្វនរក ក្នុងអបាយភូមិ យ៉ាងលំបាកវេទនាទាំង ក្នុងជាតិនេះ និងបណ្តាជាតិតៗ ទៅមុខទៀត ។

ការស្មូត្រកំណាព្យ និងការសម្តែងល្ខោនបង្ហាញពីការចូលកាន់កាប់អំណាចនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលពួកកងទ័ពអាវខ្មៅ បានជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានកាន់កាប់របបវាលពិឃាដ អស់រយៈ ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋជាច្រើន។ ផ្ទាំងទស្សនីយភាព នោះបានបង្ហាញ ពី ការដួលរលំទៅវិញនៃរបបខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងចាប់អតីតមេដឹកនាំ ខ្មែរក្រហមយកទៅ កាត់ទោសតាមច្បាប់ ផងដែរ៕

បញ្ចេញយោបល់