ក្រសួងមហាផ្ទៃប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
11

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧៤ នៃការបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) ដែលការចងចាំជាប្រវត្តិសាស្ត្ររបស់អង្គប្រតិបត្តិច្បាប់ ហើយត្រូវបានចាប់បដិសន្ធិ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍នៃកំណើតនេះផងដែរ ដែលត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ដ្រីនគរបាលគ្រប់ជាន់ថ្នាក់ផងដែរ។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ធ្លាប់បានបញ្ជាក់ថា ការដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំនេះ គឺដើម្បីរំលឹកនូវគុណូបការៈ របស់អតីតនគរបាលជំនាន់មុន និងក៏ជាការបង្ហាញនូវវីរៈភាព របស់នគរបាលជំនាន់មុនប្រាប់ដល់នគរបាលជំនាន់ក្រោយផងដែរ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានលើកឡើងទៀតថា មន្ត្រីនគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំពីជំនាន់មុន និងជំនាន់បច្ចុប្បន្ន បានចូលរួមពលិកម្ម គ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម រួមសហការគ្នាទប់ស្កាត់ បានរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម ហើយបានបញ្ចៀសនូវសកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន និងការពារពិធីបុណ្យជាតិ-អន្តរជាតិ ជាច្រើនប្រកបដោយសុវត្ថិភាព ជាពិសេសការពារបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងគណៈប្រតិភូអន្តរជាតិផងដែរ។ ក្រៅពីជួយការពារ និងថែរក្សាសុវត្ថិភាព សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល កងកម្លាំងនគរបាលទូទាំងប្រទេស ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។

ជាការកត់សម្គាល់ការរៀបចំធ្វើពិធីរំលឹកខួបលើកទី៧៤ឆ្នាំនេះ ក្រសួងមហាផ្ទៃ ធ្វើឡើងមានលក្ខណៈធំជាងពេលមុនៗ ដោយមានការតាំងពិព័រណ៍នូវរូបថត អនុស្សាវរីយ៍ជាច្រើន នៃសកម្មភាពរបស់នគរបាលគ្រប់រាជធានី-ខេត្ត និងនាយកដ្ឋាននានា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់