រយះពេល ២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧%

ថ្ងៃពុធ ទី ១៥ ឧសភា ២០១៩​
23

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុង រយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិត ទាប ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។

កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈ ពេល៥ឆ្នាំ(២០១៤-២០១៨)ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន ១លានកន្លែង។

ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨ លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៨។ យើងរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ៕

ចែករំលែក

បញ្ចេញយោបល់