រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រទេស

ថ្ងៃអង្គារ ទី ១៤ ឧសភា ២០១៩​
31

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥- ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គោលនយោបាយនេះបានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖
១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់,
២) សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ,
៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំ ចេញនិងទីផ្សារក្នុងស្រុក,
៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល, និង
៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ យើងបានបង្កើតយន្តការសន្ទនាមួយ ហៅថា “វេទិការាជរដ្ឋាភិបាលផ្នែកឯកជន” ដោយមានការចូល រួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

វេទិកាវិស័យឯកជន និងរដ្ឋាភិបាលនេះ បានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនគឺ៖
១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា,
២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច, និង
៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកប ដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់