ទស្សនៈមិត្តអ្នកអាន៖ ពិសារនំបញ្ចុក ត្រូវតុលាការកោះហៅ?

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា ២០១៩​
16

នៅពេល​ដែល​គេ​នាំ​គ្នា​និយាយ​ជា​ប្រព័ន្ធ ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំងក្តី អតីត​សកម្មជន​តូច​តាច​នៅ​ថ្នាក់​​មូល​ដ្ឋាន​របស់​ក្រុម​ប្រឆាំង​ក្តី ហើយ​ត្រូវ​បាន​បន្ទ​រដោយមន្ត្រី​អង្គការ​សង្គម​ស៊ីវិលដែល​តាំង​ខ្លួន​ជា​អ្នក​ឯក​រាជ្យក្តី បាន​បង្កើត​ពាក្យ​ថ្មី​មួយ​ទៀត ក្នុងន័យ​ញុះញង់ បំផុស​ឲ្យ​មានចលនា​សម្អប់​មក​លើ​ប្រព័ន្ធ​តុលាការកម្ពុជា​​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ នោះគឺ​ពាក្យ​ ពិសារនំ​បញ្ចុក​ត្រូវ​តុលាការ​កោះ​ហៅ​​។

ស្តាប់​មើល​មួយ​ភ្លែត វា​ពិត​ជា​រឿងគួរឲ្យហួស​ចិត្ត​ ​គ្រាន់​តែ​ពិសារ​នំ​បញ្ចុក​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សួរនាំ។ ក៏ប៉ុន្តែ​តែបើ​យើងគិតពិចារណា​​បន្តិច ការ​បំផុស​ពាក្យ​ចោទ​ប្រកាន់​ដែល​ចម្លែកៗ​បែប​នេះ វាពិត​ជា​រឿង​គួរឲ្យ​អស់​សំណើច​ណាស់​ តើ​តុលាការ​ពិត​ជា​ទំនេរ​គ្មាន​ការ​ងារ​ធ្វើ ​ត្រូវ​ទៅ​កោះ​ហៅ​អ្នកពិសារ​នំ​បញ្ចុក​មក​សួរ​នាំ​? បើ​ខ្លួន​គិត​ថា គ្រាន់​តែ​​​ពិសារ​នំ​បញ្ចុក ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​​​ នោះប្រហែល​ជា​មាន​អ្នក​តវ៉ា​អាច​កើត​មាន​នៅ​ទូទាំង​ប្រទេស​ហើយ ដ្បិត អ្នក​ពិសារ​នំ​បញ្ចុក​មាន​នៅគ្រប់​ទីកន្លែង​ទាំង​អស់​នៅ​ទូទាំង​ព្រះ​រាជាណាចក្រកម្ពុជា​។

នំបញ្ចុក កើត​ចេញ​ពី​គ្រឿង​ផ្សំ​ពីវត្ថុ​ធាតុ​ដើម​ជាច្រើ​នប្រភេទរួម​មាន៖​ អង្ករ បន្លែ ត្រី សាច់ ដែលជា​អត្ត​សញ្ញាណ​​​មួយ​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ប្រវត្តិកាល​ដ៏យូរ​លង់​ណា​ស់​មក​ហើយ។ បច្ចុប្បន្ន​ នំ​បញ្ចុក​នៅ​តែ​ពេញ​និយម​សម្រាប់​​ជន​ជាតិ​​ខ្មែរ និង​ជន​បរទេស​​ខ្លះ​ដែល​​ធ្វើ​ដំណើរ​ទេសចរណ៍​មក​កម្សាន្តនៅកម្ពុជា ក៏​ដូច​​ជាជន​បរទេស​ខ្លះ​​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​នៅកម្ពុជា​ផង​ដែរ។

យ៉ាង​ណា​មិញ ការ​ចោ​ទ​ប្រកាន់​មក​លើ​ប្រព័ន្ធ​តុលាការកម្ពុជារបៀប​​ក្មេង​បៀ​មដៃ រាក់​កំផែល​បែប​នេះ វា​ធ្វើ​ឲ្យ​ខ្លួន​ឯង​​បាត់​បង់​តម្លៃ​ទៅវិញ​ទេ(មិន​ឡូស៊ិក)។ បើ​ចោទ​ថា តុលាការ​កោះ​ហៅ​ដោយ​សារ​តែ​ពិសារ​នំ​បញ្ចុក ពួកគេ​ក៏គួរ​ជំរុញឲ្យ​តុលាការ​កោះហៅ​ផង​ដែរទៅ អ្នក​ពាក់​ព័ន្ធក្នុង​ការ​ផលិត​នំ​បញ្ជុក​ដូច​ជា អ្នក​ធ្វើ​នំ​បញ្ចុក អ្នក​ដឹក​ជញ្ជូន​នំ​បញ្ចុក​​យក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ អ្នក​លក់​នំ​បញ្ចុក ​អ្នកដាំ​បន្លែ​ប្រភេទ​ផ្សេងៗមួយ​ចំនួនទៀត​សម្រាប់​ធ្វើ​ជា​ល្បោយ​នំបញ្ចុក។ល​។ បើ​គ្រាន់​តែ​បំផុស​ឲ្យ​សកម្ម​ជន​ដ៏តិច​តួច​របស់​ខ្លួន​ទៅប្រមូល​ផ្តុំ​គាំទ្រ អ្នក​ដែល​ត្រូវ​បាន​តុលា​ការ​កោះ​ហៅដោយសារ​រំលោភបំពាន​សាល​ដីការ​តុលាការកំពូល​បិទផ្លូវ​តវ៉ានោះ ពួកគេគួរ​រក​ពាក្យ​ឲ្យ​ល្អ​ជាង​នេះ​បន្តិច​ ទើប​ធ្វើ​ឲ្យ​​គេមានការ​ចាប់​អារម្មណ៍​ខ្លះ។​

គួរ​ដឹង​ថា នៅគ្រប់ប្រទេសលើលោកនេះ អំណាចតុលាការ គឺជាអំណាចឯករាជ្យ និងគ្មានអ្នកណាអាចប្រឆាំង ឬបំពានបានឡើយ មិនថា អ្នកនោះជារាស្ត្រសាមញ្ញ ឬជាមន្ត្រីមានបុណ្យស័ក្តិឡើយ។ សាលដីកាតុលាការកំពូល គឺជាសេចក្តីសម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា។ ដូច្នេះ ករណីរំលាយគណបក្សសង្គ្រោះជាតិ និងការហាមប្រាមមិនឲ្យមន្ត្រីមួយ​ចំនួន​របស់អតីតគណបក្សនេះ​ធ្វើនយោបាយរយៈពេល ៥ឆ្នាំ គឺជាការសម្រេចចុងក្រោយដែលគ្មាន​អ្នកណាអាចប្រឆាំង ឬបំពានបានឡើយ។

ត្រូវចងចាំថា ក្នុងសាលដីកាតុលាការកំពូល គឺអតីតបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ​២០១៧ គឺជាគណបក្សខុសច្បាប់។ រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឡើងក្នុងក្របខណ្ឌនៃគណបក្សនេះ គឺជាអំពើខុសច្បាប់ ហើយប្រឆាំងនឹងសាលដីកាតុលាការកំពូលនោះ​ហើយ​។ ​ដូចនេះ អតីតមន្ត្រី សកម្មជន ឬអ្នកគាំទ្រអតីតបក្សប្រឆាំងមួយនេះ ក៏មិនអាចធ្វើសកម្មភាពណាមួយគាំទ្រដល់អតីតគណបក្សដែលត្រូវ​បានរំលាយ​ចោលនោះឡើយ។ ផ្ទុយទៅវិញ បើហ៊ានធ្វើត្រូវបានចាត់ទុកថា ជាអំពើប្រឆាំងនឹងសាលដីកាតុលាការកំពូល ហើយសមត្ថកិច្ចតុលាការ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងជនល្មើសដោយចៀសមិនផុត។

សរុប​មក​វិញ តុលាការ​កោះ​ហៅ​អតីត​សកម្ម​ជន​អតីត​បក្ស​ប្រឆាំងនៅក្នុង​ខេត្ត​បាត់​ដំបង​ទៅ​បំភ្លឺ​ ករណី​បំពាន​សាលដីការ​ស្ថាពររបស់​តុលាការ​កំពូល​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​គឺ​ជារឿង​ធម្ម​តា​នៃការ​អនុវត្ត​ផ្លូវ​ច្បាប់​​​​រ​បស់​កម្ពុជា មិន​ជាប់​ពាក់​ព័ន្ធ​រឿង​ពិសារ​នំបញ្ចុក​ទេ។ អ្នកដែលត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅឲ្យទៅបំភ្លឺនៅពេលនេះ គឺប្រហែលមកពីតុលាការចាប់បានភស្តុតាង ឬសង្ស័យថា បានធ្វើសកម្មភាពប្រឆាំងនឹងសាលដីកាតុលាការកំពូលដូចដែលបានលើកឡើងនោះ​ហើយ។ ​ប្រសិន​បើ​តុលាការ​រក​ពុំ​ឃើញ​មាន​ពិរុទ្ធ​ភាព​ទេ ពួក​គេ​នឹងមិន​មាន​ការ​ចោទ​ប្រកាន់​ឡើយ ក៏ប៉ុន្តែ​បើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​ទាំង​នោះ​ពិត​ជាបាន​រំលោភ​បំពាន​លើសាល​ដីកា​រ​តុលាការកំពូល​ដែល​បិទផ្លូវ​តវ៉ា ពួក​គេ​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់៕

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់