អត្ថបទខ្លី៖ ពីក្រោយឆាក នៃរឿងនំបញ្ចុក គឺជាបទឧក្រិដ្ឋជាប្រព័ន្ធដ៏គ្រោះថ្នាក់

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា ២០១៩​
8

ទីបំផុតសកម្មជនអតីតបក្សសង្រ្គោះជាតិមួយចំនួននៅឯខេត្តបាត់ដំបង ត្រូវបានតុលាការកោះហៅ ដើម្បី​សួរ​នាំ​អំពីបទសង្ស័យមួយចំនួន ដែលក្រុមសកម្មជនបក្សនេះ បាននិង​កំពុង​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នៅ​ពី​ក្រោយ​វាំងនន​នៃ​ការជួបជុំគ្នាហូបនំបញ្ចុក។

ជាការពិត ប្រសិនបើ គេស្តាប់មួយភ្លែត វាជារឿងកំប្លែងសើចលេង តែប្រសិនបើគេនាំគ្នាពិនិត្យឱ្យ​បាន​​​ស៊ីជម្រៅនៅពីក្រោយខ្នងនៃវាំងនននំបញ្ចប់ វាគឺជាបណ្តុំនៃប្រព័ន្ធការងារ​ជាសេណារីយោ​ខាង​នយោ​បាយ​ដ៏គ្រោះថ្នាក់ដល់សន្តិភាព និងស្ថេរភាពនយោបាយ ដែលរដ្ឋអំណាចអនុវត្តច្បាប់មានភស្តុតាងជាច្រើន ដើម្បី​ធ្វើការចោទប្រកាន់ ដោយសារទង្វើររបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងការអំពាវនាវ ការបំផុសបំផុល ការញុះ​ញង់ និងការបញ្ឆេះកំហឹងមហាជន និង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​នាំ​គ្នា​ងើប​បះ​បោរ​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី។ វា​ច្បាស់ណាស់ថា នៅពីក្រោយវាំងនននៃការជួបជុំគ្នា ដើម្បីហូបនំបញ្ចុក ពួក​គេ​បាន​ទទួល​បញ្ជា​ពី​ក្រុម​ចលនាឧទ្ទាមក្រៅច្បាប់ដែល​មានការចាត់​តាំង​ច្បាស់​លាស់​នៅឯនាយសមុទ្រ ហើយបាននិង​កំពុង​ទទួល​​អនុវត្តដោយក្រុមសកម្មជន និងអ្នកគាំទ្រមួយ​ចំនួននៅ​មូល​ដ្ឋាន ក្នុងជំនឿដ៏ល្ងង់ខ្លៅ និង​អំពើ​បោក​ប្រាស់​មួយ​ដែលថា ទណ្ឌិត ជាមេចលនាឧទ្ទាម​ក្រៅ​ច្បាប់​នឹង​វិល​ត្រឡប់ចូលស្រុកវិញ។

ពួក​ក្រុមប្រឆាំងមិនគួរប្រញាប់ធ្វើសេចក្តីអធិប្បាយ ឬធ្វើបុរេវិនិឆ្ឆ័យ​ដោយ​ខុស​ឆ្គង​អំពីវិធានការ​ផ្លូវ​ច្បាប់ ពិសេសនីតិវិធីតុលាការខេត្តបាត់ដំបងដែលកំពុង​ពិនិត្យ​មើល​លើករណី​នៃ​ទង្វើរ​ដ៏សង្ស័យ​របស់​រដ្ឋ​អំណាច ឬ មន្រ្តីអនុវត្តច្បាប់ឡើយ។ ជាការពិត ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ហើយ​តុលាការ​ជា​ស្ថា​ប័ន​ឯករាជ្យមានសិទ្ធិអំណាចអនុវត្តច្បាប់ និងនីតិវិធីតុលាការដ៏ត្រឹមត្រូវក្នុងគោលដៅដើម្បីធានាបានថា ច្បាប់​ប្រទេសត្រូវបានអនុវត្ត សន្តិសុខ សណ្តាប់សង្គមត្រូវបានការពារ ហើយ​សិទ្ធិ​សេរីភាព​បុគ្គល​ក៏ត្រូវ​បាន​ការពារ​ដោយច្បាប់ផងដែរ។

រដ្ឋធម្មនុញ្ញកម្ពុជាការពារសិទ្ធិសេរីភាពសម្តែងមតិ  និងការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែ ការ​សិទិ្ធ​នៃការបញ្ចេញមតិ និងជួបប្រជុំគ្នាត្រូវតែបានធានាថា សន្តិសុខ និងសណ្តាប់សង្គមមិនត្រូវធ្វើប៉ះពាល់ ឬ នាំ​បង្កើតឱ្យមានអំពើប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ ព្រមទាំងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនភាគច្រើនក្នុងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ដូច្នេះ ប្រសិនបើ គ្មានអំពើល្មើស ក៏គ្មានទោសទណ្ឌអ្វីដែរ ក៏ប៉ុន្តែ គេក៏មិន​ត្រូវនាំ​គ្នា​ធ្វើ​បុរេវិនិឆ្ឆ័យ​លើ​តុលាការនោះទេ ព្រោះនោះវាជាអំពើប្រមាថតុលាការ។ តុលាការគ្រាន់តែជាស្ថាប័នអនុវត្តច្បាប់ ស្វែង​រក​យុត្តិ​ធម៌ និងភាពត្រឹមត្រូវដោយត្រូវធានាថា ច្បាប់ប្រទេសត្រូវបានអនុវត្ត ហើយ​សង្គម​ជាតិ​ទាំង​មូល​មាន​សុខ​សន្តិ​ភាព ស្ថេរភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងរក្សាបានទំនៀមទម្លាប់ដ៏ល្អរបស់ប្រទេស៕

បញ្ចេញយោបល់