លិខិតមិត្តអ្នកអាន៖ ការរារាំង ឬដាក់សម្ពាធលើតុលាការជារឿងខុសច្បាប់

ថ្ងៃពុធ ទី ៨ ឧសភា ២០១៩​
19

ភ្នំពេញ៖ ខណៈដែលតុលាការសាលាដំបូងខេត្តបាត់ដំបង បានកោះហៅអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីមូលដ្ឋានមួយចំនួនរបស់អតីតគណបក្សប្រឆាំង ឲ្យចូលខ្លួន​មកបំភ្លឺពាក់ព័ន្ធ​នឹង​ការ​​សង្ស័យថាបានបំពានសាលដីការតុលាការកំពូល ក៏មានការ បំផុស ញុះញង់ ពីក្រៅ​ប្រទេស​ឲ្យអតីត​សកម្ម​ជនមូលដ្ឋានរបស់ក្រុមប្រឆាំង មកប្រមូលផ្តុំគ្នានៅពីមុខតុលាការ។

គោលបំណង របស់ពួកគេគឺចង់បង្កបង្កើតចលនាមហាជនប្រឆាំងនឹងតុលាការដើម្បីពួកគេរុញ បញ្ហាឲ្យមានភាពច្របូកច្របល់ និងអសណ្តាប់ធ្នាប់ក្នុងសង្គម ឬក៏អាចឈានដល់អំពើហិង្សា​ដែលពួកគេចង់បាន។ ការបំផុសបំផុល និងអំពើញុះញង់ឲ្យមានចលនាប្រឆាំងនឹងតុលាការ​នេះ​ បាន​ធ្វើឡើង​ក្រោមរូបភាព​អំពាវនាវ​ឲ្យចូល​រួមឃ្លាំ​មើល​នៅពី​មុខ​តុលាការ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ត្រូវ បានតុលាការកោះហៅទៅបំភ្លឺ។

ជាបឋមយើងគួរយល់ឲ្យច្បាស់អំពីអំណាចតុលាការ! នៅគ្រប់ប្រទេសលើលោកនេះ អំណាច​តុលាការគឺជាអំណាចឯករាជ្យនិងគ្មានអ្នកណាអាចប្រឆាំងឬបំពានបានឡើយ មិនថា​អ្នក​នោះ​ជារាស្ត្រសាមញ្ញ ឬជាមន្ត្រីមានបុណ្យស័ក្តិឡើយ។ សាលដីកា​តុលា​ការ​កំពូល គឺជា​សេចក្តី​សម្រេច​ចុង​ក្រោយ និង​បិទផ្លូវតវ៉ា។ ដូច្នេះ ករណី រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាម​ប្រាម​មិនឲ្យ​មន្ត្រី ១១៨​នាក់ របស់​​អតីតគណបក្ស​នេះ​ធ្វើនយោបាយ​រយៈ​ពេល ៥ឆ្នាំ គឺ​ជាការ​សម្រេច​ចុងក្រោយ​​ដែលគ្មាន​អ្នកណា​អាច​ប្រឆាំង ឬបំពាន​បានឡើយ។

ចំណុចសំខាន់ទី១៖ ដែលត្រូវចងចាំក្នុងសាលដីកាតុលាការកំពូលគឺអតីតបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ២០១៧ គឺជាគណបក្សខុសច្បាប់។ ដូច្នេះ រាល់​សកម្ម​ភាព​ណា​ដែលធ្វើឡើងក្នុងក្របខណ្ឌ នៃគណបក្សនេះគឺជាអំពើខុសច្បាប់ ហើយ​ប្រឆាំង​នឹង​សាល​ដីកាតុលាការកំពូល។ បងប្អូនដែលជាអតីតមន្ត្រី សកម្មជន ឬអ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​អាចធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ​ដល់អតីត​គណបក្ស ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ​ឡើយ។ ផ្ទុយទៅវីញ បើហ៊ានធ្វើ ត្រូវបានចាត់ទុកថា​ជាអំពើ​ប្រឆាំង​នឹង​សាល​ដីកា​តុលា​ការ​កំពូល ហើយ​សមត្ថ​កិច្ច​តុលា​ការ​នឹង​ចាត់​វិធាន​ការតាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ជន​ល្មើស​ដោយ​ចៀស​មិន​ផុត។

ចំណុចសំខាន់ទី២៖ ថ្មីៗនេះ រដ្ឋសភាក៏បានអនុម័តវិសោធនកម្ម ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ ដោយបាន​បើកផ្លូវឲ្យអ្នកជាប់បំរាមតុលាការមិនឲ្យធ្វើ នយោបាយរយៈពេល ៥​ឆ្នាំ​នោះ អាចស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបាន។ ដូច្នេះប្រសិនបើអ្នកជាប់បំរាមមានបំណងលើក បំរាមនោះចេញដើម្បីអាចធ្វើសកម្ម​​ភាព​នយោបាយបានធម្មតា​ឡើងវិញ ពួក​គេត្រូវ​ស្នើសុំទៅ​ក្រសួង​មហាផ្ទៃ ឬទៅ​នាយករដ្ឋមន្ត្រី ឬស្នើត្រង់ទៅព្រះមហាក្សត្រក៏បានដើម្បីសុំ​សិទ្ធិធ្វើ​នយោ​បាយឡើងវិញ។ ហើយផ្ទុយទៅវីញ អ្នកដែលមិនបានស្នើសុំ គឺមិន​អាច​ធ្វើ​សកម្ម​ភាព​នយោ​បាយ​បានឡើយ ហើយបើហ៊ានធ្វើគឺ មានន័យស្មើនឹង​ប្រឆាំង​ជាមួយសាលដីការ​តុលាការ​ដែល​ជាអំពើ​ខុសច្បាប់។

ដោយឡែក សម្រាប់អ្នកដែលបាន រួចពីបំរាមតាមរយៈការ ស្នើសុំសិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ​រួច​ហើយ​នោះ ពួកគេអាចធ្វើសកម្មភាពនយោបាយបានធម្មតាដោយ គ្មានការរារាំងឡើយ។ ប៉ុន្តែ គឺពួកគេក៏មិនអាចធ្វើសកម្មភាពក្នុងក្របខណ្ឌគណបក្សដែលតុលាការ បានរំលាយ​ចោល​នោះ​បានដែរ ពីព្រោះគណបក្សនោះត្រូវបានតុលាការចាត់ទុកថាខុសច្បាប់។

ក្នុងន័យនេះ អ្នកដែលត្រូវបានតុលាការខេត្តបាត់ដំបងកោះ​ហៅឲ្យទៅ​បំភ្លឺនៅពេលនេះ គឺប្រហែលមកពី​តុលាការចាប់បាន ភស្តុតាង ឬសង្ស័យថា បានធ្វើសកម្មភាព​ប្រឆាំង​នឹង​សាល​ដីកា​តុលាការកំពូលដូច​ដែលបានលើកឡើងខាងដើម។

ដូច្នេះប្រសិនបើសាមីជនយល់ឃើញថា ខ្លួនមិនបានធ្វើអ្វីខុសពីសាលដីកាតុលា​ការទេ នោះ​គ្មា​ន​អ្វីដែលត្រូវព្រួយបារម្ភឡើយពោលគឺមិនត្រូវខ្លាចស្រមោលខ្លួនឯងឡើយ។ ការ​ឆ្លើយ​បំភ្លឺ​ដោយស្មោះត្រង់ជាមួយតុលាការជាការគ្រប់គ្រាន់ដើម្បីការពារខ្លួនថា ពិតជាមិន បាន​ធ្វើ​សកម្ម​ភាព​ណា​មួយប្រឆាំងនឹងសាលដីកាតុលាការឡើយ ដូចសុភាសិតបូរាណខ្មែរពោលថា «មាស​សុទ្ធ​មិនខ្លាចភ្លើង»។

ចំណែកអ្នកណាដែលបាន ប្រឆាំងនឹងសាលដីកាតុលាការ កំពូលប្រាកដមែន ពួក​គេ​នឹង​ត្រូវ​ចាត់​ការតាមនីតិវិធីច្បាប់។ រឿងសំខាន់មួយទៀតដែលត្រូវ ចងចាំដែរនោះគឺ ចំពោះ​ករណី​ក្តី​ក្តាំ​នៅ​តុលាការ ការតតាំងគ្នាអាចធ្វើបានតែតាមរយៈផ្លូវច្បាប់តែ មួយគត់ពោលគឺ គេត្រូវ​រក​មេ​ធាវី ដែលពូកែដើម្បីតតាំងរឿងក្តីតាម រយៈការផ្តល់ភស្តុតាង ឬ ទឡ្ហីករណ៍​រឹង​មាំ​ដើម្បី​ការ​ពារ​ខ្លួន។

ជាធម្មតា ទោះនៅប្រទេសណាក៏ដូចគ្នាដែរ អ្នក​ចាញ់​ក្តី​មិន​ដែល​សប្បាយ​ចិត្ត​នឹង​តុលាការ​ឡើយ។ ពួកគេតែងចោទតុលាការថាបានសម្រេចក្តីដោយអយុត្តិធម៌ ហើយបដិសេធ ឬតវ៉ា​ចំពោះ​ការ សម្រេចនោះ។ ប៉ុន្តែ នៅក្នុងការ តវ៉ា គេមិនអាចប្រមូលមនុស្សទៅ រារាំង ឬ​ដាក់​សម្ពាធ​លើ​តុលាការ បានឡើយពីព្រោះនោះជាទង្វើខុសច្បាប់។

ករណីសកម្មជនអតីតបក្សប្រឆាំងដែលតុលាការខេត្តបាត់ដំបងកោះហៅនៅពេលនេះគឺជា ឧទាហរណ៍មួយ។ មានអ្នកញុះញង់ឲ្យប្រមូលផ្តុំគ្នាដើម្បីធ្វើ សកម្មភាពប្រឆាំងនឹងតុលាការ។ ខ្ញុំកត់សំគាល់ឃើញថាភាគច្រើន នៃអ្នកដែលបានញុះញង់ គឺជាមន្ត្រី អ្នក​នយោបាយ​អតីត​បក្ស​ប្រឆាំងនៅក្រៅប្រទេសដោយ ពួកគេយល់ថា ខ្លួនមានសុវត្ថិភាព និងរស់​នៅ​ស្រួល​ឯ​បរទេស​ដែលអាជ្ញាធរខ្មែរមិនងាយអាចធ្វើអ្វីពួកគេបានឡើយ បើទោះ​បីជា​ពួក​គេប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​យ៉ាងណាក្តី។

ពួកគេមិនហ៊ាចូលមកក្នុងប្រទេសដើម្បីធ្វើសកម្មភាពនយោបាយនោះទេពីព្រោះពួកគេដឹងច្បាស់ថា នោះជាអំពើខុសច្បាប់ ហើយបើហ៊ានធ្វើ នឹងត្រូវទទួលទោស។ ដូច្នេះ​ពួក​គេនៅ​សល់​តែ​ជម្រើស​មួយគត់ នោះគឺពួកគេប្រើប្រាស់ពលរដ្ឋក្នុងស្រុកដែលជាអតីតមន្ត្រី សកម្មជន ឬអ្នក​គាំទ្រ​ឲ្យ​ទទួល​ថ្មបាក់ជំនួស។ ហើយនៅពេល​ដែលបង​ប្អូន​ធ្វើសកម្ម​ភាព​ខុស​ច្បាប់​ហើយ​មាន​ទោស​ទណ្ឌ គឺ មិនមែនអ្នកនៅក្រៅប្រទេសទាំងនោះមកទទួលទោសជំនួសបងប្អូនឡើយ។ អ្នកទាំងអស់នោះបានត្រឹមតែយកបងប្អូនធ្វើអាជីវកម្មនយោបាយតែប៉ុណ្ណោះដោយមិនខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនឡើយ។ បើបងប្អូនមានទុក្ខកាន់តែខ្លាំង ពួកគេកាន់ តែសប្បាយ​ចិត្ត​ពី​ព្រោះ​ពួកគេអាចធ្វើអាជីវកម្មនយោបាយបានមួយគ្រា។

«របៀបធ្វើនយោបាយ រុញឲ្យខ្លោច រោចឲ្យឆៅ» ដោយយកឈាម និង​ទឹក​ភ្នែក​ពល​រដ្ឋ​ជា​ឈ្នាន់​នៅតែពេញនិយមយ៉ាងខ្លាំងនៅក្នុងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា។ នយោបាយ​បែប​​នេះ​តែង​តែ​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ខ្លួន​ឯង​ឥត​ស្រាក​ស្រាន។

ដូច្នេះសូមបងប្អូនកុំចាញ់បោកអ្នកនយោបាយក្បាលមិនជាប់មេឃ ជើង​មិន​ជាប់​ដីទាំង​នោះ​ឲ្យ​សោះ។ ពួកគេដឹងតែពីរុញសភាពការណ៍ឲ្យឆេះសន្ធោសន្ធៅ។ ប៉ុន្តែ នៅ​ពេល​ដែល​បងប្អូន​មាន​ទុក្ខ​លំបាក ជាប់គុកដោយសារតែអំពើខុសច្បាប់ ពួកគេមិន​អាច​ជួយ​ដោះស្រាយ​បាន​ឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ទុកបញ្ហាតាមរយះការចិញ្ចឹមទំនាស់នេះឲ្យនៅកាន់តែយូរ គឺកាន់តែល្អ។

ករណីលោក កឹម សុខា និង​អ្នក​ជាប់​ពន្ធ​នាគារ​កន្លង​ទៅ​ជា​ឧទាហរណ៍ជា​ក់ស្តែង​ស្រាប់​ដែល​បងប្អូន​អាច​ដកពិសោធន៍បាន នោះគឺនៅទីបំផុតបានត្រឹមសោកា ហើយថែមទាំងទទួល បាន​ការ​ប្រមាថថាជាប់គុកសិប្បនិម្មិត ឬជាប់​គុកដោយ​បែបនេះ​គ្មាន​ប្រយោជន៍​ឡើយ​ព្រោះ​មិន​អាច​ធ្វើ​អ្វីបាន។ មេរៀននេះគួរតែបងប្អូនយល់ដឹងបានហើយ។

ខ្ញុំបានតាមដាន និងបានកត់សំគាល់ឃើញថា ទំនងជាបងប្អូនមិន​ចាញ់បោក​អ្នក​នយោបាយ​ទាំងនោះហើយបានជាមិនឃើញមានមនុស្សច្រើនចេញមក ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ដូច​ការ​អំពាវ​នាវនោះឡើយ។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ សូមបងប្អូនចងចាំចុះថា ការរារាំង ឬដាក់សម្ពាធលើតុលាការគឺជារឿងខុស​ច្បាប់។ ដូច្នេះ​ចូរ​យើង​កុំ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដែល​នឹងនាំទុក្ខទោសដល់ខ្លួន​ឯង។ ប្រទេសមានច្បាប់ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាង រឹងមាំរបស់រដ្ឋាភិបាល។ គ្មាន​អំពើ ខុសច្បាប់​ណា​មួយ​អាច​មក​ផ្តួល​រដ្ឋា​ភិបាល​បាន​ឡើយ​ហើយ អាជ្ញាធរក៏នឹង​មិនអនុញ្ញាតឲ្យមានការប្រពឹត្តខុសច្បាប់បានដែរ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញយោបល់