ទស្សនៈមិត្តអ្នកអាន៖ ដីកាកោះហៅ គឺជាវិធានការច្បាប់លើជនសង្ស័យ

ថ្ងៃអង្គារ ទី ៧ ឧសភា ២០១៩​
5

ដោយ​សារ​តែ​ការ​ប្រឆាំង​នឹង​​សាលដីកា​​ស្ថាពរ​​របស់​​តុលាការ​​កំពូល​​ ដែល​​បាន​​កាត់​ក្តី​​រំលាយ​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​ កាល​​ពី​​ថ្ងៃ​​ទី​​១៦​​ ខែ​​វិច្ឆិកា​​ ឆ្នាំ​២០១៧​​ អតី​ត​​សកម្មជន​​បក្ស​​ប្រឆាំង​​​មួយ​​​ចំនួន​​ត្រូវ​​​បាន​​​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​ជាបន្ត​បន្ទាប់​។ ការ​ជួប​ប្រ​ជុំ​គ្នា​ជាទ្រង់​ទ្រាយ​តូច​ឬធំ​​ ​ឬ​ការ​ថ្លែង​សា​រ​​នយោបាយដោយ​បញ្ចេញ​​ឈ្មោះក្តី​ ឬមិន​បញ្ចេញ​ឈ្មោះ​គណបក្ស​ក្តី​ ឬ​ក្នុង​​នាម​ខ្លួន​ជា​អតីត​សកម្ម​ជន​​​​គណបក្ស​​ដែល​​ត្រូវ​​បាន​​ច្បាប់​​រំលាយ​​ក្តី​ នោះហើយ​គឺ​​​ជា​​​ការ​​ធ្វើ​​សកម្មភាព​​នយោបាយ​ដោយ​​រំលោភ​លើ​សាល​ដីកាតុលាការ​កំពូល​​​ ហើយ​សកម្មភាព​បែប​​នេះ​​​​គឺ​​ជា​​សកម្មភាព​​ខុស​ច្បាប់​​ទាំង​ស្រុង​ ដោយ​ហេតុ​ថា​​ អតីតគណបក្ស​សង្គ្រោះជាតិ​ត្រូវ​​បាន​​រំលាយ​​ដោយ​ច្បាប់​ ហើយអតីត​សកម្មជន និង​​អតីត​​មន្ត្រី​គណបក្ស​ប្រឆាំងទាំង​​នេះ​ គឺត្រូវ​ច្បាប់​​មិន​អនុញ្ញាត្តិ​​​ឱ្យ​​ធ្វើ​​​សកម្មភាព​​នយោបាយ​រយៈពេល​៥ឆ្នាំ​​​។

ការ​​ចេញ​​ដី​កា​​កោះហៅ​​​របស់​​តុលាការនេះ​​​ គឺ​​ជា​​វិធាន​​ការ​​​​​​ច្បាប់​​​លើ​​​ជន​​​សង្ស័យ​ ​ដែល​​​ត្រូវ​​​បាន​​​​តុលាការ​​​មើល​ឃើញ​ថា​ក្រុម​មួយចំនួន​នោះ​នៅតែ​មិន​គោរព​តាម​សាល​ដីកា​។ ជាការពិត​ ​វា​មិន​មែន​​ជា​​ដី​កា​​បំភ័យ​​មក​​លើ​​អតី​ត​​ថ្នាក់​​ដឹក​នាំ​ ​និងអតីត​​​សកម្មជន​​គណបក្ស​ប្រឆាំង​ឡើយ​ ព្រោះ​ថា​ ប្រសិន​បើ​ខ្លួន​​​ធ្វើ​សកម្មភាព​ប្រឆាំង​ក្នុង​នាម​គណបក្ស​ដែល​ស្រប​​ច្បាប់​​​នោះ​។​ ជាការ​កត់​សម្គាល់​ផង​ដែរ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​​នោះ​​គឺ​​ថា​​ក្រុម​អតី​ត​​​សកម្មជន​ទាំង​នោះ ​ហាក់​មាន​ផែន​​ការរៀប​ចំ​ទុក​​​​ជាមុន​ក្នុង​​ការ​​ធ្វើ​​​​សកម្មភាព​ឱ្យ​ស្រប​ពេល​នៃ​ដំណើរ​​ទស្សនៈ​កិច្ច​របស់​​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ក្នុង​គោល​បំណង​​ដុត​កំដៅ​ស្ថា​ន​ការណ៍​ឱ្យ​មើល​ទៅហាក់​​មាន​សភាព​អាប់​អួរ​។​​​

នៅក្នុង​ស្ថាន​ភាព​នេះ​ដែរ​ក្រុម​ប្រឆាំង​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​លេញ​ បែរ​ជានៅស្ងៀម​មិន​​ធ្វើ​សកម្ម​ភាព​ រីឯអ្នក​ដែល​សិទ្ធិ​នយោបាយ​ត្រូវបាន​​ហាម​ឃាត់​​ដោយ​​ច្បាប់​​បែរ​ជាខិតខំ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​​សកម្មភាពនយោ​បាយ​​ទៅ​វិញ។​​​ ក្នុង​ន័យ​នេះ​ គេ​អាច​វាយ​តម្លៃ​បាន​ថា​ ការ​ព្យាយាម​ធ្វើ​សកម្មភាព​ទាំង​​​បំពាន​ច្បាប់​របស់​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​មួយចំនួន​នៅក្នុង​ប្រទេស​ទាំង​នោះ​ គឺ​ប្រាកដ​ជាធ្វើ​តាម​​​​​ផែន​ការ​បញ្ជា​ពី​មេ​ក្រុម​​ឧទ្ទាម​​ក្រៅ​​ច្បាប់​​ពី​​ក្រៅ​ប្រទេស​​ ដើម្បី​បង្ក​ឱ្យ​មាន​សម្លេង​ប្រឆាំង​ខុសច្បាប់​ ហើយ​​​ត្រូវ​បាន​ចាត់​វិធាន​​ការដោយ​​​ផ្លូវ​ច្បា​ប់​យ៉ាង​ពិតប្រាកដ។​​ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ជា​លេស​ឱ្យ​មាន​ការ​​លើក​​ឡើង​អំពីបញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជា​ធិបតេយ្យ ស្រប​ពេល​ដែល​អ្នក​រាយ​ការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស ​មក​ធ្វើ​​​ការ​​នៅ​កម្ពុជា​​​​នា​ពេល​នេះ​ដែរ​។​​

ដូច្នេះ ក្នុង​ដំណាក់​កាល​នៃ​ការ​កោះហៅ​នេះ​ ជន​​សង្ស័យ​​ទាំង​​នោះ​​គួរ​​ចូល​​ទៅ​​បំភ្លឺ​​ការពារ​​ខ្លួន​​តាម​​​ច្បាប់​ ដោយ​​​កុំ​​ប្រញាប់ប្រញាល់​​​វាយ​​តម្លៃ​​ថា​​ជា​​ដីកា​បំភ័យ​ ឬ​​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​រំលោភ​សិទ្ធិ​មនុស្ស​ នោះឡើយ​។​

ជារួម​ ការ​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការ​តតាំង​ក្តីគ្នា​​នៅ​តុលាការ​ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​សិទ្ធិ​មនុស្ស​ និងការ​អនុវត្ត​ច្បាប់ដូច​​នៅ​​ក្នុង​​ប្រទេស​​ស៊ីវីល័យ​នានា​ក្នុង​ពិភព​លោក​ដូច្នោះ​ដែរ​ ហើយ​​ការ​ចេញ​ដីកាកោះហៅនេះ​​​ គឺ​​ជា​​វិធាន​​ការ​​អនុវត្ត​​ច្បាប់​​លើ​​ជន​​សង្ស័យប៉ុណ្ណោះ​។​ ប៉ុន្តែ​ ជារឿយៗ​ មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​រស់​​យ៉ាង​សុខ​សា​ន្តនៅ​​ក្រៅ​ប្រទេស ​តែង​តែ​​ប្រើ​ប្រាស់​​ប្រជាពលរដ្ឋ​ និង​អតីត​សកម្មជន​ឲ្យ​​ចេញ​​មុខ​​​ការពារ​​ និង​រងគ្រោះ​ជំនួស​ខ្លួន និងតែង​​​យក​​ប្រជាពលរដ្ឋ និង​អតីត​សកម្មជន​បក្ស​ឱ្យ​មក​​ប្រ​ឆាំង​​​ជា​មួយ​​រាជ​រដ្ឋា​​ភិ​បាល ​ដើ​ម្បី​​គោលដៅ​​នយោ​បាយ​របស់​ពួក​គេ​ជាដរាប​ ហើយ​ទី​បំផុត​គឺ​មាន​តែ​ប្រជាពលរដ្ឋ​ និង​អតី​ត​សកម្មជន​ដែល​ជឿ​ងប់​នូវ​ការ​បោក​ប្រាស់​ទេ​ដែល​ត្រូវ​ជាប់​គុគ​ច្រវ៉ាក់​ជំនួស​ពួក​គេ​៕​

 ដោយ​៖ សួន​ ចំរើន

បញ្ចេញយោបល់