ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ និងនីតិរដ្ឋ

ថ្ងៃអាទិត្យ ទី ៥ ឧសភា ២០១៩​
15

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្នុង​ដំណើរ​បំពេញ​បេសកកម្ម​​នៅកម្ពុជា​​អំឡុង​ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​ បាន​សម្តែង​ការ​អបអរជាមួយ​នឹង​សមិទ្ធផល​ថ្មីៗរបស់​រាជរដ្ឋាភិបាល​ទាក់​ទង​បញ្ហា​សិទ្ធិ​មនុស្ស។ ទោះ​យ៉ាង​នេះ​ក្តី​ លោក​ស្រី​បានលើក​ពី​បញ្ហា​ខ្លះទាក់​ទង​ទៅនឹងការ​ស​ម្រេ​ច​របស់​តុលាការកម្ពុជា​​ ដោយ​​មិន​អនុញ្ញាត​ឲ្យ​លោក​ស្រី ចូល​ជួប​លោក កឹម សុខា ​អតីត​ប្រធាន​គណបក្ស​ប្រ​ឆាំង​។

​​ក្រោយជំនួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាល​ពី​​ថ្ងៃអង្គារ៍ដើម​សប្តាហ៍នេះ​​​លោកស្រី រ៉ូណា ស្មីត បាន​និ​យា​យ​​ថា ក្នុងនាមជាមន្ដ្រីជំនាញដែលតែងតាំងដោយអង្គការសហប្រជាជាតិ លោកស្រីគួរត្រូវបាន​អនុញ្ញាត​ឲ្យ​ជួបគ្រប់​ភាគីទាំងអស់ រួមទាំងលោក កឹម សុខា ផងដែរ។ ​ក៏ប៉ុន្តែ​​ចៅក្រមស៊ើប​សួរបាន​បញ្ជាក់​ច្បាស់​ហើយ​ថា សំណុំ​រឿង​របស់​លោក កឹម សុខា នេះ កំពុង​ស្ថិតនៅក្នុង​នីតិវិធី​ស៊ើប​អង្កេត​​នៅឡើយ។ ហើយ​បើ​ផ្អែក​ទៅ​លើ​នីតិ​វិធី​ច្បាប់​ គឺ​ចៅក្រម​ស៊ើប​សួរ​មាន​ឆន្ទានុសិទ្ធិ​ឲ្យ​ជួប​ ឬ​មិនឱ្យ​ជួប​ ដោយ​សារ​ករណីនេះ​ស្ថិតនៅក្នុងដំណើរការនៃការស៊ើបសួរ

ជាគោលការណ៍ លោក​ស្រី រ៉ូណា ស្មីត ​​ពិត​ជាមិនអាច​យក​តែមជាអ្នក​រាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ មក​គ្របសង្កត់​លើ​ប្រព័ន្ធ​យុត្តិធម៌របស់​កម្ពុជាបានឡើយ ព្រោះ​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ និង​នីតិរដ្ឋ​​។ ម្យ៉ាង​ ការ​ចុះ​មកបំពេញ​បេសកកម្ម​​របស់​លោក​ស្រី​នៅកម្ពុជា​នេះ​ក៏ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ដែរ។ តែ​បើ​លោក​ស្រី​យល់​ថា ខ្លួនអាច​ជួប​លោក កឹម សុខា ដែល​តុលាការ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ជួប​នោះ គឺ​ជា​ការ​ជ្រៀតជ្រែក​​ចូល​​កិច្ច​​ការ​​ផ្ទៃក្នុង​របស់​​កម្ពុជាហើយក្នុង​នាម​ជារដ្ឋ​អធិបតេយ្យមួយកម្ពុជា​មិន​អាច​ទទួល​យក​បានទេ​។ ត្បិត​ថា កម្ពុជា​ ជា​សមាជិក​អង្គការ​សហប្រជាជាតិក៏ពិត​មែន តែ​​មិនមែន​មាន​ន័យ​ថា អាច​ឲ្យប្រទេសដទៃ ឬមន្ត្រី​ណា​ម្នាក់​ក្នុង​ស្ថាប័នអន្តរជាតិ​ណា​មួយ​ រាប់​ទាំង​អ្នក​រាយការណ៍ពិសេស​​របស់​អង្គការ​សហប្រជាជាតិផង​​ ​មក​​ជ្រៀត​ជ្រែ​ក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​ខ្លួន​បានឡើយ។ ដូចនេះ​ លោក​ស្រី រ៉ូណា ស្មីតគួរតែ​​​គោរពច្បាប់​​ ក៏​ដូច​ជាកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ផង មិន​អាច​ធ្វើ​អ្វីៗទៅ​តាម​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​បាននោះ​ទេ​ ហើយក៏​ត្រូវ​គោរព​ច្បាប់​រប​ស់​អង្គការ​សហប្រជាជាតិផង​ដែរ។

ទោះយ៉ាង​ណានៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​​អ្នក​រាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូបនេះនៅកម្ពុជា​នា​​ពេល​នេះ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ និង​ការ​វិវត្ត​ជា​វិជ្ជមាន​នានា ពិសេសទាក់​ទង​ការ​ងារ​ជំនួយ​កា​រងារ​ផ្នែក​ច្បាប់​ និង​បាន​អបអរ​សាទរ​នូវការ​បង្កើត​យន្ត​ការ​ថ្មី​មួយ​ទៀត​ គឺ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នា​យ​ក​រដ្ឋមន្ត្រី​ដែល​ជួយ​​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ស្ត្រី​ដែលក្រីក្រ​នៅកម្ពុជា។

​​សង្ឃឹម​ថា វត្តមាន​ជាថ្មី​របស់​លោក​ស្រី​ រ៉ូណា​ស្មីត​ មក​កម្ពុជា​នាពេល​នេះ​ គឺ​មិន​មែន​ជា​ការ​មក​បង្គាប់​បញ្ជា​ម្ចាស់​ប្រ​ទេស​ណាមួយ​​នោះ​ទេ​។ ការ​វាយ​តម្លៃ​ និង​ការ​រិៈគន់​ប្រកប​ដោយ​ការស្ថាបនា​ គឺ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​កិច្ច​ស​ហ​ប្រតិបត្តិការ​​ជាបន្ត​ ដើម្បី​ឈាន​ទៅ​រក​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​។ ផ្ទុយទៅ​វិញ​ ការ​ចេញ​របាយ​ការណ៍​ដែល​​មាន​របៀប​វារៈ​នយោបាយនៅពី​ក្រោយ​ ដោយ​​​គ្មាន​កិច្ច​ពិភាក្សា​ និង​ការ​ពន្យល់​​គ្នា​​ទៅវិញ​​ទៅមក​ វា​នឹង​អាច​ឈាន​​​ទៅ​រក​ការ​ប្រឈម​ដាក់​គ្នា​ដែល​ជា​រនាំង​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ និង​​ការ​​អភិវឌ្ឍ​​។​

ជាការកត់​សម្គាល់ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​​ ព្រមទាំង​​មាន​​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើក​ស្ទួយ​ស្ថាន​ភាព​សិទ្ធិមនុស្ស​​​នៅកម្ពុជាឲ្យ​កាន់​តែ​ប្រសើរ​ឡើង​​​​ផ្អែក​លើ​គោ​លការណ៍​នីតិរដ្ឋ​​៕​

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់