កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួក

ថ្ងៃសុក្រ ទី ១៩ មេសា ២០១៩​
13

សៀមរាប៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួកចំនួន១៨គ្រួសារ ។ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ១- ឃុំដូនកែវ រលំ៣ខ្នង របើកដំបូលធ្ងន់ធ្ងរ ៦ខ្នង សរុប ៩ខ្នង និង២- ឃុំរើល៖ រលំ ២ខ្នង របើកដំបូលធ្ងន់ធ្ងរ ៧ខ្នង សរុប ៩ខ្នង ។

លោកស្រីអនុប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីក៏បានបន្តថា ថ្វីត្បិតតែអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោលឡើយ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ ១ – គ្រួសាររលំផ្ទះទួទលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែន៥ម៉ឺនរៀល។ ២ – គ្រួសារប៉ះពាល់ធ្ងន់ធ្ងរ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួច លោកស្រី និងសហការី បានជួបសួរសុខទុក្ខកុមារា រឿន ផាន់ណា អាយុ៨ឆ្នាំ រងគ្រោះដោយរលាកភ្លើងពេលចាក់សាំងម៉ូតូ រស់នៅភូមិ ទឹកជប់ ឃុំប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងបានផ្តល់ជូនអំណោយ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស និងថវិការមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់គ្រួសារទារកអាយុ៥ខែ មានជំងឺរលាកស្រោមខួរ កំពុងសម្រាកព្យាបាលនេះមន្ទីរពេទ្យនេះដែរ៕

ចែករំលែក

បញ្ចេញយោបល់