អភិបាលរងស្រុកកំពង់លែង និងក្រុមការងារនៃក្រសួងសាធារការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពសាឡង់ថ្មី ដែលទើបសាងសង់រួច

ថ្ងៃសុក្រ ទី ១៩ មេសា ២០១៩​
11

កំពង់ឆ្នាំង៖ លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ អញ្ជើញរួមដំណើរជាមួយក្រុមការងារនៃក្រសួងសាធារការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពសាឡង់ថ្មី ដែលទើបសាងសង់រួចរាល់ត្រៀមប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងចុះពិនិត្យទីតាំងទំនប់ទឹកធំៗចំនួន ៣កន្លែង ដើម្បីជួសជុលកែតម្រូវ មុនប្រគល់បញ្ចប់ក្នុងរយៈពេលធានា ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តំបន់ងាយរងគ្រោះដោយទឹកជំនន់ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជូននៅអគារគ្រប់គ្រងគ្រោះមហន្តរាយ ១ខ្នងមាន២ជាន់ បំពាក់ដោយសម្ភារៈបច្ចេកទេស ឧបករណ៍ត្រួតពិនិត្យអាកាសធាតុ ជំរកស្នាក់នៅបណ្តោះអាសន្ន ធុងទឹក បង្គន់អនាម័យ ប្រព័ន្ធធារាស្ត្រធំៗចំនួន៣កន្លែង ទីទួលសុវត្ថិភាពចំនួន៦កន្លែង សាឡង់១គ្រឿង ទូកសង្រ្គោះបន្ទាន់ នឹងសម្ភារៈសង្រ្គោះជាច្រើនទៀត ជូនដល់អាជ្ញាធរស្រុក ពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងស្រុកកំពង់លែង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋពេលពេលមានគ្រោះមហន្តរាយទឹកជំនន់ ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់