លោក ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០១៩ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ថ្ងៃសៅរ៍ ទី ១៣ មេសា ២០១៩​
12

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០១៩ នៅបរិវេណ វិទ្យាល័យនេតយ៉ង់ ក្នុងក្រុងបាត់ដំបង ។

ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ២០១៩ នេះក៏មានកាអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ព្រមទាំងគ្រួសារស.ស.យ.ក ខេត្តបាត់ដំបង បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង លើកទី២ហើយ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមានកិច្ចសហការណ៍ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ។

ការរៀបចំឱ្យមានព្រឹត្តិការណ៍សង្រាន្តបាត់ដំបងនេះឡើង គឺក្នុងគោលបំណងធំៗចំនួន៥ រួមមាន ការទទួលទេវតាឆ្នាំថ្មី ការបង្ហាញពីវប្បធម៌ អរិយធម៌ សាសនា និងការរស់នៅរបស់ប្រជាជនខ្មែរ ការរៀបចំឱ្យមានការពិពរណ៍ពាណិជ្ជកម្មផលិតផលក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងផ្តល់ឱកាសដល់យុជន ចូលរួមការងារស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំដាក់តាំងបង្ហាញនូវផលិតផលក្នងស្រុក ក្នុងខេត្តនីមួយៗ ដូចជា ពោតយក្ស ក្រូចយក្ស ម្នាស់យក្ស និងមានលេងល្បែងប្រជាប្រិយ ល្បែងកំសាន្ត ផ្សេងៗជាច្រើន ព្រមទាំនៅពេលរាត្រី មានការប្រគុំតន្ត្រី មានការរៀបចំតែងលម្អភ្លើងពណ៌ នៅតាមស្តង់ និងតាមតំបន់នានាជាច្រើនទៀត ។

ក្នុងនោះផងដែរ លោក ស ខេង ក៏បានបញ្ជាក់បន្ថែមថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិតាំងពីបុរាណមកទល់បច្ចុប្បន្ន ធ្វើឲ្យប្រជាពលបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

លោកបានបន្តទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញឯកភាពជាតិតែមួយ និងមានការអភិវឌ្ឍន៍ប្រទេសកាន់តែខ្លាំងហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្តិភាពទើបយើងបានបង្កើតឡើងនូវសង្រ្កានឆ្នាំថ្មីនេះឡើង ។ បើគ្មានសុខសន្តិភាពពេញលេញក្នុងប្រទេសទេ យើងក៏មិនអាចមានឱកាសរៀបចំសង្រ្កាន្តឆ្នាំថ្មីជូនប្រជាពលរដ្ឋបានដើរលេងឲ្យសប្បាយរីករាយបានឡើយ៕

ចែករំលែក

បញ្ចេញយោបល់