ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា កាន់តែរឹងមាំ និងមានមិត្តកាន់តែច្រើន

ថ្ងៃអង្គារ ទី ៩ មេសា ២០១៩​
10

ក្រោយ​ការ​បោះ​ឆ្នោតតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​​ ឆ្នាំ​២០១៨ ​​ដែល​ត្រូវ​បានបណ្តា​​ប្រទេស​ជា​ច្រើន​​​នៅ​លើ​​សក​ល​​​លោក​​ទទួល​ស្គាល់​ និង​វាយ​​តម្លៃ​ថា​​​មាន​​លក្ខណៈ​​សេរី​ ត្រឹមត្រូវ ​យុត្តិធម៌​ និង​អាច​ទទួល​យក​បាន​មក​ រាជ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​កំពុង​តែ​បន្ត​អភិវឌ្ឍ​ប្រទេស​ និងពង្រឹង​ទំនាក់​ទំនង​និង​​​​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​បណ្តា​​ប្រទេស​ជាមិត្ត​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។​ ក្នុង​រយៈ​ពេល​ប្រមាណ​​មួយ​​​ខែ​​​ចុង​​ក្រោយ​​នេះ​ គេ​ឃើញ​ប្រ​មុខ​ដឹក​នាំ​រដ្ឋ​ ព្រះ​មហាក្សត្រសម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ឥស្សរៈ​​ជន​​ជាន់​​ខ្ពស់​​នៃ​​រាជរដ្ឋាភិបាល​ បាន​និង​កំពុង ​មមាញឹក​នៅក្នុង​កិច្ច​ការ​ពង្រឹង​ទំនាក់​ទំន​ង​​មិត្តភាព​ និង​កិច្ច​​សហប្រតិបត្តិការ រវាង​រដ្ឋ​ និង​​រដ្ឋ​ គួរ​ជាទី​​មោទនៈ​។

ជាក់​ស្តែង​ ​​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​​កូរ៉េ (កូរ៉េ​ខាង​ត្បូង) និង​លោកជំទាវ ដែល​ជាប្រទេស​និយម​​បច្ចឹម​​លោក​ បាន​​អញ្ជើញ​​មក​​បំពេញ​​ទស្សនៈ​កិច្ច​​​ផ្លូវ​រដ្ឋ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃទី​១៤-១៦ ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​​នេះ​​ ហើយ​នេះ​ក៏ជាការបញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ គឺ​ជារដ្ឋ​អធិប​តេយ្យ​ ស្មើ​មុខ​គ្នាពិត​ៗ​​ជាមួយបណ្តាប្រទេសនានា​លើ​សកល​លោក​​​។ នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នោះ​ ឯកឧត្តម​ប្រធានាធិបតី​ និង​លោកជំទាវ ​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​ករុណា​ ព្រះបាទ​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ដើម្បី​សម្តែង​នូវគាវរៈកិច្ច​ជាមួយ​ប្រមុខ​រដ្ឋ​​​​​ស្រប​​ច្បាប់​នៃ​ប្រទេស​មួយ​​ ក្នុង​ន័យ​ពង្រឹង​ និង​ពង្រីក​​​​ កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់​​​ទំនង​​នៃ​​ប្រទេស​​ទាំង​ពី​រ​​ថែម​​ទៀត​។​ នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ​ ប្រ​ធា​នាធិបតី​កូរ៉េ​ ក៏​បាន​ជួប​ទ្វេភាគី​ជាមួយលោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បី​ពិភាក្សា​លើកិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​ជាច្រើន​ ដូច​ជាពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​ ហិរញ្ញវត្ថុ​ ហេដ្ឋា​រចនាសម្ព័ន្ធ​​ ឧស្សា​ហកម្ម​ ជាដើម​​។ល។​​​

មក​ដល់​ពេល​នេះ​ ទំហ៊ំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-កូរ៉េ​ខាងត្បូង​ មាន​ការកើន​ឡើង​​​គួ​រ​ឱ្យ​កត់​សម្គាល់​។ ការវិនិយោគរបស់​កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​​ចំនួន​​ ៤.៥៦​ ពាន់​លាន​ដុល្លារ​ គិតចាប់​ពី​ឆ្នាំ១៩៩៤​ ដល់​ឆ្នាំ២០១៨​។​ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី​ មាន​ការកើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​នៅ​ក្នុង​ឆ្នាំ២០១៨​ ទំហំ​​ពាណិជ្ជកម្ម​​​សរុប​ មាន​ចំនួន​៩៧៥​លាន​ដុល្លារ​ កើន​ឡើ​ង​១១% ​បើ​ប្រៀប​ធៀប​​នឹង​​ឆ្នាំ២០១៧​។​​​ កំណើន​ទំហំ​​​វិនិយោគ​​​​ជា​​លំដាប់​​នេះ​ បង្ហាញ​​ថា​​វិនិយោគិន​​បរទេស​ ​មា​ន​​ទំនុក​​ចិត្ត​កាន់​តែ​​ខ្លាំង​​ចំពោះ​ការ​ដឹក​នាំ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​​ដឹកនាំ​​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។ ងាក​មក​មើល​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន​វិញ​ ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​រឹត​ចំណង​​សាមគ្គី​ភាព និង​ធ្វើ​សហប្រតិបត្តិការ​​ជាមួយ​គ្នា​កាន់​តែ​ល្អប្រសើរ​ថែម​ទៀត​ ហើយ​ភាគី​ជប៉ុន​នៅ​តែ​​​បន្ត​​​គាំ​ទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ទាំង​ផ្នែក​បច្ចេកទេស​ និង​ថវិ​កា​ ដដែល​។

កាល​ពី​ថ្ងៃ​ទី​៣ ខែមេសា​ ​​​ឆ្នាំ​២០១៩​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និង​លោក​ ហ៊ីដេ​ហ៊ី​សា​ ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បាន​អញ្ជើញ​​កាត់​ខ្សែ​បូ​​រួម​គ្នា​ដាក់​ឱ្យ​​ដំណើរ​ការ​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ​(ស្ពាន​ជ្រោយ​ចង្វារ​ទី​១)​​ ​បន្ទាប់​​ពី​​បាន​ជួស​ជុល​កែ​លំអរ​រួច​រាល់​។​ ស្ពានជ្រោយចង្វារទី១​នេះ​ បានដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ត​ភ្ជាប់​​រាជធានី​​ភ្នំពេញ​ឆ្លង​កាត់​លើ​ទន្លេ​សាប​ ដែល​ត្រូវ​បាន​សាង​សង់​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣​ តាមរយៈ​ជំនួយ​ឥតសំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​។​ ដោយ​សារ​តែ​ភាព​ទ្រុឌ​ទ្រោម​ រាជរដ្ឋាភិបាល​​កម្ពុជា​ បាន​ស្នើ​សុំ​ដល់​មិត្ត​ជប៉ុន​ ជួយ​ជួស​ជុល​ឡើង​វិញ​នៅ​ឆ្នាំ​២០១៧​ អស់​ទឹក​ប្រាក់​ប្រមាណ​ ៣០លាន​ ដុល្លារ​អាមេរិក ដែល​ជាជំនួយ​ឥត​សំណង​របស់​​មិត្ត​ជប៉ុន​ ​ហើយ​ស្ពាន​នេះ​​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នៅមុន​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​។​

គួរ​កត់​សម្គាល់​ថា​ ប្រទេស​ជប៉ុន​ គឺ​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយឥត​សំណង​ធំជាង​គេ​​​ដល់​​កម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ហើយ​ទំហ៊ំពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺមាន​ការ​កើន​ឡើង​ជាលំដាប់​ពី​មួយ​ឆ្នាំ​​ទៅ​​មួយ​ឆ្នាំ​​។ ​​បើ​តាម​​​ទិន្នន័យ​​​ពី​​​​​អង្គការ​​​ពាណិជ្ជកម្ម​​​ក្រៅ​​​ប្រទេស​ជប៉ុន (JETRO) ​ទំហ៊ំ​​​ពាណិជ្ជកម្ម​​ទ្វេ​​ភាគី​​​​រវាង​​​​កម្ពុជា​ និង​​ជប៉ុន​ ​កាល​ពី​​ឆ្នាំ​​២០១៦​ មាន​​ជាង​​​១.៥ ពាន់​​លាន​​ដុល្លារ​ ក្នុង​នោះ​​​​ការ​​នាំ​​ចេញ​​របស់​​​​កម្ពុជា​​​ទៅ​​​ជប៉ុន​​មាន​ជាង​ ១.២ ​​ពាន់​​លាន​​ដុល្លារ​ ខណៈ​​ការ​​នាំ​​ចូល​​របស់​​ជប៉ុន​​​មក​​កម្ពុជា​​ មាន​​តែ​​ជាង​​ ៣០០​ ​លាន​​ដុល្លារ​​ប៉ុណ្ណោះ​​។​ កម្ពុជា និង​ជប៉ុន ​បាន​​សន្យា​ថា​​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​​ ២ ពាន់​​លាន​​ដុល្លារ​​នៅ​​ឆ្នាំ​​ខាង​​មុខ​​។ ការ​សន្យា​នេះ​ធ្វើ​ឡើង​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​​លោក​​នាយក​រដ្ឋ​មន្ត្រី ជប៉ុន ស៊ីនហ្សូ អា​បេ ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៤ ​ថ្ងៃ​ទៅ​ជប៉ុន កាល​ពី​ពេល​​កន្លង​​ទៅនេះ​​​។

បើ​ទោះ​បី​កម្ពុជា​ ពេល​នេះ​ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ដែល​ជា​តំណាង​គណៈ​កម្មការ​​​អឺរ៉ុប​ បន្ត​គំរាម​ដាក់​សម្ពាធ​មក​លើ​បញ្ហា​ព្យួរ​ និង​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​សហ​ភាព​​​អឺរ៉ុប ហៅកាត់ថា EBA ​ក្តី​ ក៏នៅ​មាន​​សមាជិកព្រឹទ្ធសភា​​អឺរ៉ុប​ និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មួយចំនួន​នៅ​តែ​មិន​យល់​ស្រប​​ជា​មួយ​វិធាន​ការ​នេះ​ឡើយ​​​​​ ហើយ​ពួក​គេ​បាន​ចាត់​ទុក​ការ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​នៅពេល​នេះ​គឺជា​​របៀប​វារៈខាងនយោបាយ​ច្រើន​ជាង​លេស​ចោទ​ប្រកាន់ពីបញ្ហាសិទ្ធិមនុស្ស និង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​។​

ក្នុង​​ជំនួប​រវាង​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​​ទំនង​​ជា​មួយ​រដ្ឋ​សភា​-ព្រឹទ្ធសភា​ កាលពីខែមុន​​នៅ​ទីស្តីការ​ក្រសួង លោក​ ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ ( Francois Grosdidier) សមា​ជិក​​ព្រឹទ្ធសភា​​បារាំង​និង​ ជា​អនុប្រធាន​ក្រុម​មិត្តភាពព្រឹទ្ធសភាបារាំង​-កម្ពុជា​ បា​ន​អះអាង​ថា​ បើនិយាយ​ពី​ប្រជា​​ធិបតេយ្យ និង​ការ​គោរព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺមាន​លក្ខណៈ​​​ល្អប្រសើរ ជាង​​​ប្រទេសនៅអឺរ៉ុប​ និង​នៅ​​ប្រទេស ប្រជាធិ​ប​តេយ្យ​មួយ​​ចំនួន​​ទៅ​​ទៀត​ ដែល​ប្រទេស​ខ្លះ មាន​ការ​ឡើង​កាន់អំណាច​មិន​​មាន​ការ​បោះ​ឆ្នោត​​ផង។​ ទន្ទឹម​​នេះ​ សហភាព​អឺរ៉ុប​ មក​​និយាយ​​​​តែ​​ពី​​​កម្ពុជា ខណៈ​ដែល​​កម្ពុជា​មាន​​ការ​រៀបចំ​​ការ​បោះឆ្នោត​គ្រប់​អាណត្តិ​ និង​មាន​គណបក្ស​នយោបាយ​​ជា​ច្រើន​ ​ចូលរួម​ប្រកួត​ប្រជែង​ ពិសេស​ការ​បោះ​ឆ្នោត​ កាលពី​ឆ្នាំ​២០១៨​កន្លងមក ដែល​មាន​​គណបក្ស​នយោបាយ​​ រហូតដល់​​ទៅ២០បានចូលរួម និងមាន​ប្រ​ជា​​ពល​រដ្ឋ​ទៅ​​បោះឆ្នោតជាង ៨៣​ភាគរយ។ សមាជិក​ព្រឹទ្ធសភា​​បារាំង​រូប​នេះ បាន​ធ្វើ​ការប្រៀបធៀបចំៗ​ ទៅ​នឹង​ប្រទេស​អ៊ីតាលី​ ដែលជា​ប្រ​ទេស​​​​​សមាជិក​​​អឺរ៉ុប ដែល​មិន​បាន​គោរព និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ពេញ​​លេញ​​​នៅ​ឡើយ​ទេ​​មក​​​​​ដល់​​ពេល​​នេះ​ តែ​បែរ​ជា​បណ្តាប្រទេស​នៅ​ក្នុង​អឺរ៉ុប​ខ្លួន​ឯង​ និង​ សហរដ្ឋ​អាមេរិក​​ ធ្វើ​​មិន​​ដឹង​ មិន​ឮ​ទៅ​វិញ​។​ លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ យល់​ថា នៅក្នុង​​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ របស់​លោក​នៅ​​កម្ពុជា​នេះ លោក​បាន​មើល​ឃើញ​ច្បាស់​ពី​សភាព​ការណ៍​​​ពិត​នៅកម្ពុជា ទាំង​​ល្បឿន​នៃ​ការអភិវឌ្ឍ ការរីក​ចម្រើ​ន​វិស័យ​សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់​ប្រជា​ជន​កម្ពុជា ​គឺ​មាន​ភាព​ធូរធារ ពិសេស​បាន​ឃើញ​ពី​ជីវភាពរស់នៅ​​របស់​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​​ពី​ការ​លើកឡើង​ របស់​បុគ្គល​​មួយចំនួនដែលថា​​​គ្មាន​ការ​គោរព​​សិទ្ធិមនុស្ស និង​មិនមាន​​លទ្ធិប្រ​​ជា​ធិ​បតេយ្យ​។​

ជា​រួម​ កម្ពុជា​បច្ចុប្បន្ន​ គឺ​ខុស​ពី​ទស្សវត្ស​ឆ្នាំ​៨០​ ដែល​ត្រូវ​ហ៊ុំ​ព័ទ្ធសេដ្ឋ​កិច្ច​យ៉ាង​អយុត្តិធម៌​ពី​សំណាក់​​​បរទេស​។ សេដ្ឋ​កិច្ច​​កម្ពុជា​ ពេល​​នេះ​កាន់​តែ​រឹង​មាំជាលំដាប់​​ និង​ត្រូវ​​ទទួល​ស្គាល់​ដោយ​ក្រុម​ការងារ​​​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ ដែលពួក​គេ​​បាន​​មកធ្វើ​ការ​សិក្សាវាយតម្លៃ អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​​នៅ​កម្ពុជា​។ ក្រុម​ការ​ងារមូល​និធិរូបិយវត្ថុ​អន្តរជាតិ​ បានវាយ​តម្លៃ​​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​​​បន្ត​​ក្នុង​កំណើន​​រឹងមាំ​ ​ជា​មធ្យម​ប្រមាណ​ ៦.៥%​ ទៅ​ ៧%​ ក្នុង​១​​ឆ្នាំ​ ​សម្រាប់​​រយៈ​ពេល​​ខ្លី និង​មធ្យម​ខាង​​មុខ​ ហើយ​​ដែលការ​វាយតម្លៃនេះ​គឺ​​ស្រប​​​​ទៅ​​នឹង​​ស្ថានភាព​​​ល្អ​ប្រសើរ​​​នៃ​​លទ្ធផល​​អនុវត្ត​ ផ្នែក​សារ​ពើ​ពន្ធ​​។

ដោយ​ប្រកាន់​យក​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជាមិត្ត​ទាំង​អស់​ ប្រជាជន​​កម្ពុជា​ រីក​រាយ​ជាមួយ​នឹង​ចំ​ណងមិត្តភាព​គ្រប់​ប​ណ្តាប្រទេស​​ និង​ខិតខំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយប្រទេស​ទាំង​អស់​​នៅ​លើ​​ពិភព​​លោក​​ មិនថា​មិត្ត​ក្នុង​ប្លុក​សេរី​ ឬ​មិត្ត​ក្នុង​ប្លុកកុំ​ម្មុយនីស្តឡើយ​​  ហើយ​ប្រជាជន​កម្ពុជា​ក៏​មិន​​​ត្រូវ​​​ការ​​​ឱ្យ​​​មាន​​​ការ​​​ជ្រៀ​ត​​​ជ្រែក​​ចូល​​​កិច្ច​ការ​​ផ្ទៃ​​ក្នុង​​របស់​​ខ្លួន​​​ផង​​ដែរ​​​៕​

 ដោយ​៖ សួន ចំរើន​​

ចែករំលែក

បញ្ចេញយោបល់