លិខិតមិត្តអ្នកអាន៖ សច្ចភាពប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាត្រូវតែផ្តល់ជូនលោក ហ៊ុន សែន

7

ថ្មីៗនេះមានការវិភាគមួយចេញផ្សាយដោយប្រព័ន្ធឃោសនាដែលមាននិន្នាការប្រឆាំងនឹង​រដ្ឋា​ភិ​បាល ជុំវិញការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្លឹមសារបទវិភាគនោះ គឺ​មាន​ចេតនា​បន្តុះ​បង្អាប់ស្នាដៃ​និងកិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំងកម្ពុជាយ៉ាងអយុត្តិធម៌​ដែល​មិន​អាច​ទទួល​យក​បាន​។ អ្នក​​វិភាគដែលប្រើខួរក្បាលដែលគេចាក់បំពេញដោយមនោគមន៍​វិជ្ជា​បរទេស និង​វិភាគ​បែក​ស៊ី​ឈ្នួល​បម្រើ​ផល​ប្រយោជន៍បរទេស បានបង្កើតតួលេខបំភ្លៃការ​ពិតដោ​យ​លើកឡើងថា លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស​​កម្ពុជា​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ គឺឈ្នះ​លើ​តែ​ព​ល​រដ្ឋខ្លួនឯង ឈ្នះ​តែ​ខាង​កម្ទេច​អ្នក​នយោ​បាយ​ប្រឆាំង ហើយ​បរា​ជ័យ​លើការងារជាតិសំខាន់ៗ។ បទវិភាគបែបវាយប្រហារ និង​ទាត់​ចោល​តម្លៃ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ហ៊ុន សែន នេះគឺអយុត្តិធម៌ណាស់សម្រាប់រូបលោក និងប្រជាពលរដ្ឋកម្ពុជា ដោយ​សារ​ខ្លឹម​សារ​នៃ​បទ​វិភា​គ​នោះមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង មានតែការបញ្ចេញបញ្ចូលដោយបំភ្លៃ និង​គ្មាន​សច្ច​ភាព​ទាល់​តែ​សោះ។

ឆ្លើយតបនឹងបទវិភាគដែលបម្រើមនោគមន៍វិជ្ជានយោបាយបរទេស និងបម្រើផលប្រយោជន៍​​ពួក​ប្រឆាំងផ្កាប់មុខខាងលើនេះ និង​ដើម្បី​ផ្តល់​ជា​គំនិត​មួយ​ចំនួន​ក្នុង​ការ​ពិចារ​ណា​ថ្លឹង​ថ្លែង​ពី​ការ​ពិត​ជាក់​ស្តែង​ជុំវិញបញ្ហាខាងលើ ខ្ញុំសូមរំលឹកព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រពិត ក្នុងសង្គម​កម្ពុ​ជា ក៏​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែងរបស់បុរសខ្លាំង ហ៊ុន សែន មកធ្វើការបង្ហាញដូចតទៅ៖

-បុរសខ្លាំង ហ៊ុន សែន មិនមែនកាន់អំណាច ឬដឹកនាំប្រទេសរយៈពេល៤០ឆ្នាំ ដូចការបំភ្លៃឡើយ គឺរយៈពេល ៣៤ ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥មក។ គួររំលឹកថា បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដឹក​នាំ​ចលនា​តស៊ូ​រំដោះ​ជាតិ​ ទទួល​បាន​ជោគ​ជ័យ​នៅ​ឆ្នាំ​១៩៧៩ គឺកម្ពុជាពេលនោះគ្មានអ្វីទាំងអស់។

-ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺកម្ពុជាចំណាយពេលអស់២០ឆ្នាំ គឺ​ជា​ដំណាក់​កាល​ដៃ​ម្ខាង​ធ្វើ​សង្គ្រាម និងដៃម្ខាងអភិវឌ្ឍប្រទេសជាតិ នៅពេលដែល​កម្ពុជា​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែង​ចែក​ជា​តំបន់​សង្រ្គាម និង​សន្តិភាព ថ្វីបើមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ​ថ្ងៃទី​២៣ តុលា ១៩៩១ ដើម្បី​បញ្ចប់​​សង្រ្គាម​ស៊ី​វិល​​នៅ​កម្ពុជាមែន ប៉ុន្តែ​ជាក់​ស្តែង​នៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​ក្រោម​ការ​សម្រប​សម្រួល​របស់​បរទេសឡើយ។ ​ដោយសារតែភាគីខ្មែរក្រហម​នៅ​តែផ្តាច់ខ្លួន និង​បន្ត​វាយ​ប្រហារ​លើ​រដ្ឋា​ភិបាល។

-កម្ពុជាទទួលបានការសម្របសម្រួលពីបរទេសតាមរយៈ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ដែល​មាន​ប្រទេស​​ហត្ថលេខីចំនួន ១៨​ប្រទេស+​កម្ពុជា។ ក៏ប៉ុន្តែ​នៅ​ពេលនោះ​ កម្ពុជា​ត្រូវ​បែងចែក​ជា​ ៤​ភាគី​ គឺរដ្ឋ​កម្ពុជា ហ្វ៊ុន ស៊ិន​ប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែររបស់​លោក​តា សឺន សាន និង​ខ្មែរក្រហម ដែល​រួមបញ្ចូល​គ្នា​ បង្កើត​ជា “ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់សម្រាប់កម្ពុជា”។

-ភាពមិនចុះសម្រុងគ្នាទាំងស្រុងនេះហើយដែលធ្វើឱ្យកម្ពុជានៅតែមិនមានឱកាសស្តារ និង​កសា​ង​​ប្រទេស​ឡើយនាសម័យនោះ។ តាមរយៈកិច្ចព្រមព្រៀងក្រុងបារីស កម្ពុជា​ទទួល​បាន​ជំនួយ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោតមួយដោយអ៊ុនតាក់។ ការបោះឆ្នោតជាលើកដំបូងរបស់កម្ពុជា ត្រូវបាន​ធ្វើឡើងនៅឆ្នាំ១៩៩៣ ដើម្បី​ស្វែងរកការគាំទ្រដែលកើតចេញពីសំលេងរ​បស់ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទាំ​ង​ប្រទេស ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្តី ភាគីខ្មែរក្រហមនៅតែមិនចូលរួម និងមិនគាំទ្រ​ការ​បោះ​ឆ្នោតនោះឡើយ។

-ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជា​បង្កើត​បាន​រដ្ឋាភិបាល​ចំរុះ​មួយ​ដែល​ដឹក​នាំ​ដោយ​ក្បាល​ម៉ាស៊ីន​​២។ ស្ថានការណ៍នៅតែមិនទាន់អំណោយផលនៅឡើយ សម្រាប់ការស្តារឡើងវិញ និង​កសាង​ប្រទេស​​ជាតិឱ្យមានការអភិវឌ្ឍ។

-រហូតដល់ឆ្នាំ១៩៩៨ បន្ទាប់ពីការបោះឆ្នោតជាតិលើកទី២ ក្នុង​គោលដៅកសាងសន្តិភាព និង​រំ​លាយ​អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម បុរសខ្លាំង ហ៊ុន សែន បាន​ដាក់​ចេញ​នូវគោល​នយោ​បាយ​ឈ្នះ​ឈ្នះ ដោយបានបោះទុនជីវិតចុះទៅតំបន់ខ្មែរក្រហម ការធ្វើ​សមា​ណ​រក​ម្ម​ខ្មែរ​ក្រហម​ ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចប់ការបែងចែកទឹកដី បញ្ចប់​សង្គ្រាម​រវាង​ខ្មែរនិ​ងខ្មែរ និងកសាងបាន​សន្តិ​ភាព​ពេញ​លេញ​ពេញ​ផ្ទៃ​ប្រទេស។

-នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នយោបាយឈ្នះឈ្នះនេះ បានទទួលជោគជ័យទាំងស្រុង ហើយ​កម្ពុជា​ក៏ចាប់ផ្តើមរកឃើញពន្លឺ និងឱកាសមាសរបស់ខ្លួនជាលើកដំបូងក្នុងប្រវិត្តិ ដើម្បីស្តារ និង​កសាង​ប្រទេស​ជាតិឡើងវិញ។

-ដូច្នេះកម្ពុជាបានចំណាយពេល ជិត៣០ឆ្នាំដើម្បីបង្រួបបង្រួម និងផ្សះផ្សារជាតិឡើងវិញ។ ទើប​តែ​​នៅ​ដើមឆ្នាំ១៩៩៩ប៉ុណ្ណោះ ដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​​ស្វែក​រក​ឱកាស​មាសសម្រាប់ស្តារ និងកសាងប្រទេសជាតិដោយពេលលេញ ក្នុងក្រប​ខណ្ឌ​សន្តិភាពពេញផ្ទៃប្រទេស។

-ឆ្លើយតបនឹងការលើកឡើងថា លោក ហ៊ុន សែន ដឹកនាំប្រទេសបាន៤០នោះ គឺ​ភស្តុតាង​អ្វី​ដែល​ជាក់​ស្តែងបំផុតគឺ លោក ហ៊ុន សែន ទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ប៉ុ​ណ្ណោះ​។ ហើយបើគិតពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាល​បុរសខ្លាំងប្រើ​ពេល​វេលាដឹកនាំ និង​កសាង​ប្រទេសកម្ពុជាដោយពេញលេញ ទើបតែបាន២០ឆ្នាំប៉ុណ្ណោះ ពោលគឺ​មិន​មែន​៤០​ឆ្នាំ​ដូច​ការ​បំភ្លៃ​ឡើយ។

-ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន បាន​កសាង​សមិទ្ធផលជាច្រើន រាប់មិនអស់ ដែល​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ពិត​ប្រាដក​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា។ រយៈ​ពេល​តែ២០ឆ្នាំ ទំហំ​នៃ​សមិទ្ធផល​ដែល​បាន​កើត​ឡើង​ក្រោម​ស្នាដៃ​នៃ​ស្ថានិក​សន្តិ​ភាព​​កម្ពុជា គឺវា​ធំធេង​ណាស់​ ដែលមិនអាចមើលរំលង និងទាន់ចោលតម្លៃបានឡើយ។

-សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម បណ្ណាល័យ មណ្ឌល​កុមារកំព្រា ការិយាល័យរដ្ឋបាលសាធារណៈ អគារខ្ពស់ៗ ខន់ដូរ សំណង់តូចធំ រោងចក្រ ស​ហគ្រាស ផ្សារ​ប្រពៃណី ផ្សារទំនើប ផ្សាររាត្រី កន្លែងកំសាន្ត តំបន់ទេសចរណ៍ ការ​បណ្តុះ​បណ្តា​ល​និង​កសាង​ធន​ធាន​មនុស្ស កំណែទម្រង់ប្រព័ន្ធសេវាសាធារណៈរបស់រដ្ឋ ការបង្កើន​និង​ជំរុញការវិនិយោគផ្ទាល់ពីបរទេស កំណើន​​ចំណូលរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចជាតិ ភាព​ជា​ដៃ​គូ​សហ​ប្រតិ​បត្តិការ​ជា​មួយ​បរទេស​លើ​ឆាក​អន្តរជាតិ កិច្ចខិតខំប្រឹងប្រែងក្នុង​ការការពារ​បេតិកភណ្ឌវប្បធម៌ទាំងរូបិយនិងអរូបិយ ការ​កែ​សំរួល​ប្រព័ន្ធ​ធារា​សាស្ត្របំរើដល់វិស័យកសិកម្ម និង​ដាក់ឱ្យដំណើរការឡើងវិញនូវប្រព័ន្ធផ្លូវដែក ការរៀបចំ​ដោយ​ជោគ​ជ័យ​នូវ​កិច្ចប្រជុំអន្តរជាតិ​ធំៗ​ជាច្រើនលើទឹកដីកម្ពុជា ដែលបានកសាងនូវឧត្តមភាព និង​កិត្តិ​នាម​របស់​កម្ពុជា​សារ​ជា​ថ្មី​លើ​ឆាកអន្តរជាតិ។ ក្រៅពីនេះនៅមានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋាភិបាលបុរស​ខ្លាំង​ស​ម្រេ​ចបាន។

តាមរយៈតថភាពពិតនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាន​ផ្តល់​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ កាន់​តែ​ខ្លាំង​ឡើងៗ បើទោះបីជាមានក្រុមអគតិ និង​ក្រុម​បំផ្លាញ​ជាតិ​ព្យា​យាមអូសទាញ និង​បំភ្លៃ​ការ​ពិត​យ៉ាង​ណា​ដ៏​ដោយ ក៏ជំហរប្រជាពលរដ្ឋដ៏ច្រើនលើសលុប នៅ​តែ​បង្ហាញ​ការ​​គាំទ្រ​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ក្នុងការ​បោះ​ឆ្នោ​ត​២០១៨។ ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ប្រជា​ពល​រដ្ឋកាន់តែផ្តល់​ទំនុកចិត្តកាន់តែ​ខ្ពស់​ចំ​ពោះ​លោ​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទាំង​នេះ​ជា​សច្ចភាព​ពិត មិនអាចប្រកែក​ឬបិទ​បាំង​បាន​ឡើយ៕

ដោយ៖ នាគសេន

ចែករំលែក

បញ្ចេញយោបល់