ចុងបញ្ចប់​នៃការបញ្ចប់​សង្គ្រាម​ត្រជាក់​

ថ្ងៃសុក្រ ទី ២៣ ធ្នូ ២០១៦​
1317

ម្ភៃប្រាំឆ្នាំមុននៅសប្តាហ៍នេះ សហភាពសូវៀតបានចាញ់សង្រ្គាមត្រជាក់។ ម្ភៃប្រាំឆ្នាំក្រោយ រុស្ស៊ីបានចរចារឡើងវិញនូវលក្ខខណ្ឌនៃការចុះចាញ់។

ម្ភៃប្រាំឆ្នាំមុននៅសប្តាហ៍នេះ សហភាពសូវៀតលែងមានទៀតហើយ ហើយសង្រ្គាមត្រជាក់បានបញ្ចប់។ ទីក្រុងម៉ូស្គូចាញ់ ទីក្រុងវ៉ាស៊ីនតោនឈ្នះ។

ម្ភៃប្រាំឆ្នាំមុន ទស្សនៈរបស់រដ្ឋាភិបាលលោកខាងលិច ដូចជា លទ្ធិប្រជាធិបតេយ្យ ទីផ្សារ សេរី សិទ្ធិមនុស្ស ហាក់ដូចជាបង្ហាញឲ្យឃើញថាជាវិធីដ៍ល្អបំផុត មានស្ថិរភាពបំផុត និងមានសីលធម៌បំផុតក្នុងការដឹកនាំ។ ហើយមានការសម្រេចថាវិធីរបស់រដ្ឋាភិបាលលោកខាងលិចកាល ពី ២៥ ឆ្នាំមុន នឹងគ្រប់គ្រងប្រទេសរុស្ស៊ីថ្មីផងដែរ។

ពេលដែលសហភាពសូវៀតដួលរលំ មនុស្សជាច្រើននៅក្នុងស្រទាប់បញ្ញវន្តនៅតាមទីក្រុង ចង់ឲ្យមានការធ្វើបស្ចឹមប្រទេសនីយកម្មមួយ ដែលពួកគេជឿជាក់ថានឹងប្រែក្លាយប្រទេសរបស់ ខ្លួន និងជីវភាពរស់នៅរបស់ខ្លួនឲ្យមានភាពល្អប្រសើ។ ពួកគេបានគិតថា គ្រាន់តែលុបបំបាត់ របបកុម្មុយនីស្ត ពួកគេនឹងចាប់ផ្តើមការរស់នៅមួយដូចអាមេរិក និងអឺរ៉ុប។

ហើយការធ្វើបស្ចឹមប្រទេសនីយកម្មបានកើតឡើង។ រដ្ឋធម្មនុញ្ញដំបូងដែលបានតាក់តែងឡើងនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៩១ ត្រូវបានពង្រាង ឡើងតាមបែបផែនបស្ចឹមប្រទេសដោយមានការជួយជ្រោមជ្រែងពីមនុស្សវ័យក្មេងមកពីសកលវិទ្យាល័យ Harvard ។ យុគសម័យដឹកនាំឯកបក្សរបស់សហភាពសូវៀតត្រូវបានជំនួសដោយ ប្រព័ន្ធសភានិយមពហុបក្ស នៅពេលមួយនោះគឺមានបក្សនយោបាយជាង ១០០ បក្ស រួមទាំងគណបក្សមួយសំរាប់អ្នកចូលចិត្តស្រាបៀទៀតផង។ រំពិចនោះក៍មានសារព័ត៌មានសេរី និងសារព័ត៌មានប្រឆាំងយ៉ាងច្រើនតាមលក្ខណៈបស្ចឹមប្រទេស។  ក្រុមមនុស្សដដែលដ៍គួរឲ្យធុញ ដែលមកពីសកលវិទ្យាល័យ Harvard ពោលគឺមនុស្សក្មេងៗដូចជា លោក Jeffrey Sachs បានជួយជម្រុញ ឲ្យមានការផ្លាស់ប្តូរដ៍ឈឺចាប់នូវសេដ្ឋកិច្ចផែនការរបស់សហភាពសូវៀតទៅជាសេដ្ឋកិច្ចទីផ្សារ។ អ្នកជំនួញលោកខាងលិចបានហូរចូលក្នុងប្រទេសដើម្បីមកកើបលុយ ប៉ុន្តែក៍បាននាំមកនូវវិធីថ្មីរបស់ខ្លួនក្នុងការធ្វើអាជីវកម្មផងដែរ ដែលហាក់ដូចជាល្អជាង ដូចជា គណៈកម្មការនាយក អភិបាលកិច្ចសាជីវកម្ម ភាគហ៊ុន និងមូលប័ណ្ណជាដើម។ ប្រាក់ដុល្លារបានក្លាយជារូបិយប័ណ្ណ ដ៍ ពេញនិយម និងជឿទុកចិត្ត។ ផលិតផលលោកខាងលិចបានហូរជន់ចូលក្នុងទីផ្សាររុស្ស៊ី ដូចជា កូកាកូឡា ភាពយន្តហូលីវូត និងទូរស័ព្ទដៃ។

ជាមួយគ្នានេះ រុស្ស៊ីបានក្លាយពីមហាអំណាចនុយក្លេអ៊ែមួយទៅជាប្រទេសតូចតាចមួយយ៉ាង ឆាប់រហ័សទាំងផ្នែកវប្បធម៌ និងភូមិសាស្រ្តនយោបាយ។ បណ្តាប្រទេសសន្ធិសញ្ញាក្រុងវ៉ាសាវី និង សាធារណរដ្ឋក្នុងអតីតសហភាពសូវៀតបានតំរងជួរគ្នានៅមុខទ្វារអង្គការណាតូ ហើយរុស្ស៊ី ត្រូវបានគេមើលឃើញថាជាទឹកដីអ្នកប្រមឹក និងកូនក្រមុំដែលគេអាចបញ្ជាទិញតាមប្រៃសណីយ៍បាន ពោលគឺជាទីកន្លែងមួយដែលគេសើចចំអក ជាជាងភ័យខ្លាច។ ក្រុមវរៈជនរបស់ប្រទេសមិន សប្បាយចិត្តចំពោះការក្លាយពីអាណាចក្រមួយដ៍អស្ចារ្យនៅលើពិភពលោក ទៅជាប្រទេសមួយ ប្រឈមនឹងគ្រាប់មីស៊ីល។ ឬត្រូវបានចំអកមើលងាយដោយលោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងជាជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ជាច្រើនដែលបាន ក្លាយជាសេដ្ឋី ថាជា “ប្រទេសនីហ្សេរីយ៉ាដែលមានព្រិល” ឬ ត្រូវបានសមាជិកសភាមកពីបក្ស សាធារណរដ្ឋធ្លាប់បានហៅនៅក្នុងការសន្ទនាមួយថាជា “ស្ថានីយប្រេងរបស់ចិន”។ សូម្បីតែចំពោះ ប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន ដែលរិះគន់វិមានក្រឹមឡាំង ក៍មានភាពអាម៉ាស់ហើយធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងដែរ។

ចំពោះបញ្ញវន្តរុស្ស៊ីមួយចំនួនដែលមានទស្សនៈអភិរក្សនិយម ដែលមួយចំនួនច្រើនមាន ឥទ្ធិពល លើលោក Vladimir Putin នៅក្នុងអាណត្តិទីបីរបស់លោកជាប្រធានាធិបតី គឺថា គំនិតដែលឲ្យរុស្ស៊ី ធ្វើជាប្រទេសប្រជាធិបតេយ្យគឺជាបរាជ័យមួយសំរាប់ខ្លួនឯង។ វាគឺជាការដាក់ប្រព័ន្ធរដ្ឋាភិបាល បរទេសមួយ ដែលមិនសក្តិសមចំពោះប្រពៃណីរបស់រុស្ស៊ី និងភាពតឹងរ៉ឹងជាប្រវត្តិសាស្រ្តលើ ភាពអស្ចារ្យ លើឯកភាពផ្ទៃក្នុង និងការចុះញ៉មរបស់បុគ្គលចំពោះរដ្ឋមួយដ៍ខ្លាំង និងមានលក្ខណៈមជ្ឈការ។ ពួកគេរួមទាំងលោក Putin មិនពេញចិត្តចំពោះការធ្វើបស្ចឹមប្រទេសនីយកម្ម ជាពិសេស ការបង្ហាញនូវភូមិសាស្រ្តនយោបាយរបស់ខ្លួន ដូចជា ការទម្លាក់គ្រាប់បែករបស់អង្គការ ណាតូនៅឆ្នាំ ១៩៩៩ លើប្រទេសយូហ្គោស្លាវីទោះបីជាមានការប្រឆាំងតវ៉ាពីក្រុងម៉ូស្គូក៍ដោយ។

បន្ទាប់មក នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ កម្មវិធីរបស់លោក George W. Bush ចំពោះការផ្លាស់ ប្តូររបបដឹកនាំ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យបានគាំទ្រឲ្យមានការងើបបះបោរប្រជាធិបតេយ្យនៅក្នុងអតីតសាធារណរដ្ឋសូវៀត ដូចជា Georgia Ukraine និង Kyrgyzstan ។ ចំណុចនេះ បានធ្វើឲ្យលោក Putin មានការតក់ស្លុតយ៉ាងខ្លាំង ដោយលោកមានការភ័យខ្លាចថាក្រុងវ៉ាស៊ីនតោននឹងគាំទ្រឲ្យមានការបះបោរស្រដៀងគ្នានៅទីក្រុងមូស្គូ។ លោកបានឆ្លើយតបដោយធ្វើឲ្យ ការប្រឆាំងលោកមានទំហំតូចទៅៗ និងបង្កើតចលនាយុវជនគាំទ្ររដ្ឋាភិបាលដែលមានលក្ខណៈប្រយុទ្ធ និងធ្វើឲ្យសារព័ត៌មានឯករាជ្យដែលនៅសេសសល់ក្នុងស្រុកចុះទន់ខ្សោយ។ បន្ទាប់មក កើតមានការដួលរលំនៃរបប Saddam Hussein របប Hosni Mubarak របប Muammar al-Qaddafi និង របប Bashar al-Assad ដែលសឹងតែជិតដួលរលំ ដែលទាំងអស់នេះសុទ្ធតែក្នុងនាម លទ្ធិប្រជាធិបតេយ្យបស្ចឹមប្រទេស។ ហើយបន្ទាប់មកមានការប្រឆាំងតវ៉ានៅក្បែរជញ្ជាំងវិមានក្រឹមឡាំងរបស់អ្នកក្រុងម៉ូស្គូដែលនិយមបស្ចឹមប្រទេស ដោយទាមទារឲ្យមានទម្រង់រដ្ឋាភិបាល មួយដែលមានតម្លាភាព និងការទទួលខុសត្រូវកាន់តែច្រើនថែមទៀត។ ពួកគេបានឈរនៅក្នុងអាកាសធាតុត្រជាក់នាសិសិរដូវក្នុងខែ ធ្នូ ឆ្នាំ ២០១១ ហើយទាមទារចំៗឲ្យមានរដ្ឋាភិបាលតាមបែបអឺរ៉ុប។

ប៉ុន្តែ ក្នុងខែ ធ្នូ ឆ្នាំ ២០១៦ ២៥ ឆ្នាំ ក្រោយរុស្ស៊ីចាញ់សង្រ្គាមត្រជាក់ ហើយបស្ចឹមប្រទេស ឈ្នះ លោក Putin ពិតជាបានឈ្នះចុងបញ្ចប់នៃសង្រ្គាមនេះដែលបានអូសបន្លាយ។ លោកបាន លៃលកដោយជោគជ័យដើម្បីចរចាឡើងវិញនូវលក្ខខណ្ឌអន្តរកាលដ៍យូរអង្វែង និងរង្គោះរង្គើរបស់រុស្ស៊ីក្រោយសម័យសហភាពសូវៀត និងបញ្ចប់ដោយកែប្រែលក្ខខណ្ឌនៃការបរាជ័យដោយ គ្មានការបង្ហូរឈាមរបស់សហភាពសូវៀត។ ២៥ ឆ្នាំក្រោយមក ឩត្តមភាពខាងសីលធម៌របស់លោក ខាងលិចត្រូវបានលាតត្រដាងតាមរយៈទីភ្នាក់ងារ CIA ដែលបានសន្និដ្ឋានថាទាហានវាយប្រហារ តាមអ៊ីនធើណិតរបស់លោក Putin បានព្យាយាមធ្វើឲ្យលោក Donald Trump ឈ្នះឆ្នោតប្រធានាធិបតី។

ប៉ុន្តែ មិនមែនដើម្បីតែលោក Trump នោះទេ គឺដើម្បីសាបព្រួសភាពវឹកវ។ នេះគឺជាប្រតិបត្តិ ការមួយដែលបានកើតឡើង ដែលជាភស្តុតាងបង្ហាញថា ឥឡូវនេះ រុស្ស៊ីគឺជាអំណាចមួយដ៍ខ្លាំង គ្រប់គ្រាន់ដើម្បីជះឥទ្ធិពលលើការបោះឆ្នោតមួយដ៍សំខាន់ជាងគេនៅក្នុងប្រទេសមួយដែលសំខាន់ ជាងគេនៅលើពិភពលោក។ ហើយពេលដែលអ្នកឈ្នះល្បែងបែបនេះ ហើយអ្នកឈ្នះដ៍អស្ចារ្យ ដោយអ្នកបានជួយជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលបង្ហាញខ្លួនជាដៃគូមួយ ទាបជាងលោក Putin ទៅហើយនោះ តើនៅមានអ្វីទៀត ដែលជាឩត្តមភាពខាងសីលធម៌របស់ លោកខាងលិច? តើរដ្ឋាភិបាលប្រភេទណាដែលពិតជាល្អជាង?

ដូច្នេះ បន្ទាប់ពីបានមើលបស្ចឹមប្រទេសដាក់គំរូនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសរុស្ស៊ីអស់រយៈពេលច្រើនទសវត្សរ៍ លោក Putin មិនត្រឹមតែបញ្ឈប់គំរូនេះប៉ុណ្ណោះទេ តែ ថែមទាំងកែប្រែគំរូនោះទៀតផង។ អស់រយៈពេលជាច្រើនឆ្នាំ លោក បានប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយដែលឩបត្ថម្ភថវិកាដោយវិមានក្រឹមឡាំង ដូចជាសារព័ត៌មាន RT ដើម្បីធ្វើសង្រ្គាមនៅ អឺរ៉ុបលើទស្សនៈនៃការពិតដែលគេអាចដឹង និងអាចផ្ទៀងផ្ទាត់បាន។ លោកបានផ្តល់ថវិកាដល់ គណបក្សនយោបាយឆ្វេងនិយម និងស្តាំនិយមដើម្បីបំផ្លាញនយោបាយស្ងប់ស្ងាត់ជាធម្មតានៅ អឺរ៉ុប។ លោកត្រូវបានចោទប្រកាន់ថាបាន “បំពាក់អាវុធ” ដល់ជនភៀសខ្លួនស៊ីរីដើម្បីធ្វើឲ្យអស្ថិរ ភាពដល់សហភាពអឺរ៉ុប។ ឥឡូវនេះ ចក្រភពអង់គ្លេសកំពុងចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពី លោក Nigel Farage ដែលគាំទ្រឲ្យអង់គ្លេសចាកចេញបាននិយាយសរសើរយ៉ាងខ្លាំងចំពោះលោក Putin ។ បារាំងកំពុងត្រៀមជ្រើសរើសប្រធានាធិបតីដែលគាំទ្ររុស្ស៊ី។ អធិការបតីអាល្លឺម៉ង់លោក ស្រី Angela Merkel ដែលកំពុងទទួលរងការវាយប្រហារពីកងទ័ពអ៊ីនធើណិតរបស់រុស្ស៊ី ក៍មាន វាសនាប្រហាក់ប្រហែលគ្នាដែរ។

ប៉ុន្តែ ជោគជ័យពិតប្រាកដនៅទីនេះគឺការបញ្ជូនទាហានទាំងនេះទៅដល់ទឹកដីអាមេរិក។ ក្នុងឆ្នាំ២០១៦ លោក Putin ពិតជាបានធ្វើបែបនេះ ដោយធ្វើឲ្យរុស្ស៊ីជ្រៀតចូលក្នុងការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីការវាយប្រហារតាមអ៊ីនធើណិត (ដែលមិនខុសអ្វីពីសហ រដ្ឋអាមេរិកបានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុង និងក្រោយសង្រ្គាមត្រជាក់ក្នុងការគាំទ្រ “បដិវត្តន៍ពណ៌” និងការផ្លាស់ប្តូររបបដឹកនាំ) អ្វីដែលធ្វើឲ្យមានការជោគជ័យគឺការដាក់គំរូនយោបាយ របស់រុស្ស៊ីទៅលើបស្ចឹមប្រទេស ដែលជាការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដ៍មានប្រសិទ្ធិភាព និង អាចមើលឃើញច្បាស់ ដែលមានចាប់តាំងពីឆ្នាំ ១៩៩១ មក។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ពោពេញទៅដោយទ្រឹស្តីសមគំនិតបែបរុស្ស៊ី ព័ត៌មានភូតកុហក ភាពឆ្កួតលីលា និងលំហូរព័ត៌មានអវិជ្ជមានជាយុទ្ធសាស្រ្ត។ និយាយម្យ៉ាងទៀត វាជាការបោះឆ្នោតរបស់រុស្ស៊ីទាំងស្រុង។

ជាមួយគ្នានេះ លោក Putin បាន និងកំពុងឈោងចាប់សម្ព័ន្ធមិត្តជាប្រពៃណីរបស់សហរដ្ឋអាមេរិក ដូចជា អ៊ីស្រាអ៊ែល អារ៉ាប់ប៊ីសាអូឌីត និងឥឡូវនេះ ជប៉ុន ដោយព្យាយាមធ្វើឲ្យប្រទេសទាំងនេះជឿជាក់ថា នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី លែងមានមហាអំណាចតែមួយទៀតហើយ។ ឥឡូវនេះ មានមហាអំណាចមួយ ដែលស្ទាក់ស្ទើរបំពេញតួនាទីរបស់ខ្លួន និងមហាអំណាចចាស់មួយ ដែលដើរចង់ដួល មិនខ្លាចធ្វើការសម្រេចចិត្ត ទោះបីខ្លួនត្រូវចំណាយអស់ច្រើនប៉ុណ្ណាក៍ដោយ។

ពីព្រោះ ២៥ ឆ្នាំមុននៅសប្តាហ៍នេះ សហភាពសូវៀតបានចាញ់សង្រ្គាមត្រជាក់ហើយ២៥ឆ្នាំក្រោយ រុស្ស៊ីបានចរចាឡើងវិញនូវលក្ខខណ្ឌនៃការចុះចាញ់៕

ប្រភព : Foreign Policy ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦

inter

បញ្ចេញយោបល់