លោក ស៊ុន ចាន់ថុល ស្នើឲ្យមន្ត្រីជំនាញត្រួតពិនិត្យប័ណ្ណបើកបររថយន្តធំៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន

ថ្ងៃព្រហស្បតិ៍ ទី ១៤ មីនា ២០១៩​
21

កំពង់ចាម៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ​មន្ត្រីរាជការនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អភិបាលរងខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តផងដែរ ។

លោក អភិបាលខេត្ត បានណែនាំអោយមន្រ្ដីនៅក្នុងមន្ទីរសាធារការណៈការ និងដឹកជញ្ជូន ត្រូវរឹតបន្តឹងការថ្លឹងរថយន្តដឹកជំនិញគ្រប់ប្រភេទគ្រប់ផ្លូវ និងគ្រប់ស្ថាននីយ៍ក្នុងខេត្ត ព្រោះមានការលើកឡើង នូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំពោះមន្រ្តី ដែលធ្វើការនៅមានបញ្ហាចន្លោះប្រហោង អនុវត្តសកម្មភាពរដ្ឋបាលជាប្រចាំ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី ស្នើឲ្យមន្រ្តីជំនាញត្រួតពិនិត្យប័ណ្ណបើកបរ ចំពោះអ្នកបើកបររថយន្តធំៗ ឲ្យបានគ្រប់ទីកន្លែង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ស្នើឲ្យមន្រ្តីចុះត្រួត ពិនិត្យស្ថានភាពផ្លូវសម្បុកមាន់ក្នុងមូលដ្ឋាន ដើម្បីធ្វើការជួសជួលឲ្យទាន់ពេលវេលា កុំទុកឲ្យខូចខាតខ្លាំង ដែលនាំឲ្យមានការចំណាយការជួសជុលច្រើន។

លោក ក៏បានលើកឡើងពីគោលការណ៍ និងផែនការជាច្រើន ដែលក្រសួងបានដាក់ចេញឲ្យប្រើប្រាស់ជាប្រយោជន៍ក្នុងការចូលរួមថែទាំ ជួសជុលផ្លូវ នៅទូទាំងប្រទេស សម្រាប់មន្រ្តីអនុវត្តសកម្មភាពការងារ មានដូចជា កម្មវិធីផ្តល់ព័ត៌មានពីស្ថានភាព ផ្លួវខូច តាមស្មាតហ្វូន ផែនការ១០០ថ្ងៃ ដែលក្រសួងបានអនុវត្ត ការឆៀករថយន្ត តាមអនឡាញ កម្មវិធីធ្វើបណ្ណបើកបរ ការបង្រៀនបើកបររថយន្តធុនធំ និងកម្មវិធីជាច្រើនទៀត តាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយពេលវេលា កាត់បន្ថយការចំណាយថវិកា និង ការចំណាយមិនប្រក្រតីនានា។

លោក បានជម្រាបជូនទៀតថា សម្រាប់ខេត្តកំពង់ចាម បានទទួលគម្រោងចំនួន១០ នៅក្នុងឆ្នាំ២០១៩នេះ សម្រាប់គម្រោងកែលំអរ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ មានផ្លូវ ថ្នល់ និងស្ពានជាដើម ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ លើសពីនេះ ក៏បានជម្រាបពីគម្រោងកសាងផ្លូវ ស្ពាន កំពង់ផែរនៅទូទាំងប្រទេសដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

បញ្ចេញយោបល់