ពិធីដាំដើម៣០៤ដើម ក្នុងឱកាសអបអរសាទរបុណ្យទន្លេលើកទី៥ ជាព្រឹត្តការណ៍ដ៏កម្រ

4

កំពង់ឆ្នាំង៖ ដើមឈើចម្រុះគ្រប់ប្រភេទចំនួន ៣០៤ដើម ត្រូវបាននាំយកមកដាំនៅសួនសម្តេចចៅហ្វាវាំងគង់ សំអុល ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យលើកទី៥ ។ ពិធីដាំដើមឈើនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង និងលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ។

មានប្រសាសន៍ស្វាគមន៍ នៅក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំនូវកម្មវិធីដាំដើមឈើ ព្រោះថា ការដាំដើមឈើមានសារៈសំខាន់បំផុត ក្នុងគោលបំណង បំផុសស្មារតី អោយប្រជាពលរដ្ឋ ចេះស្រឡាញ់ដើមឈើ ដើម្បីបង្កើនទេសភាព សោភ័ណភាព ដ៏ស្រស់បំព្រងនៃទីក្រុង និងភូមិដ្ឋានរបស់យើង។

ម៉្យាងវិញទៀត ការដាំដើមឈើអនុស្សាវរីយ៍ ក៏ជាការឆ្លើយតបទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានជំរុញការដាំកូនឈើក្នុងមូលដ្ឋាន និងលើកទឹកចិត្តយុទ្ធនាការការដាំដើមឈើក្រោមពាក្យស្លោក ទេសចរណ៍ម្នាក់ ដាំដើមឈើមួយដើម។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការចូលរួមដាំដើមឈើពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែការពារបរិស្ថាន និង អភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទាក់ទាញទេសចរណ៍ផងដែរ។

លោកបានបញ្ជាក់បន្តថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និង បៃតង ក្នុងនោះយុទ្ធនាការទេសចរណ៍ម្នាក់ ដើមឈើមួយដើម ត្រូវបានដាក់ចេញក្នុងគោលបំណងជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំលឹកថា ការដាំដើមឈើមួយដើមទេសចរណ៍ម្នាក់ ដាំដើមឈើមួយដើមដាក់ឈ្មោះគូរស្រករមួយ ដើមឈើមួយដើម មនុស្សម្នាក់ ដាំដើមឈើមួយដើមកូនសិស្សម្នាក់ ហើយការដាំដើមឈើក្នុងឱកាសបុណ្យទន្លេនេះ ជាព្រឹត្តការណ៍ដ៏កម្រ ដែលជាឱកាសឲ្យអ្នកចូលរួមទទួលបាននូវបរិស្ថានល្អ សេវាកម្មស្អាត ទីក្រុងស្អាត ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ៕

ចែករំលែក

បញ្ចេញយោបល់