ទស្សនៈមិត្តអ្នកអាន៖ ទុំ មុនស្រគាល

10

មន្ត្រីដែលជាប់បម្រាមធ្វើនយោបាយក្នុងចំណោមអ្នកទាំង ១១៤នាក់ បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមមន្ត្រីដែលជាប់បម្រាម នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញក្នុងទ្រង់ទ្រាយធំ។ គេមិនដឹងថា តើក្នុងចំណោមអ្នកទាំង ១១៤នាក់នោះ មានប៉ុន្មាននាក់ដែលនឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ ប៉ុន្តែប្រភពបានបង្ហើបឲ្យដឹងថា អាចនឹងមានចំនួនច្រើន ដោយសារថា នេះគឺជាឱកាសមាស សម្រាប់ពួកគេធ្វើសកម្មភាពនយោបាយឡើងវិញដោយគ្មានការរារាំង ឬការហាមឃាត់ពីអាជ្ញាធរ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់នោះឡើយ ពោលគឺធ្វើសកម្មភាពនយោបាយស្របតាមច្បាប់ជាធរមាន។

អ្នកវិភាគ និងអ្នកតាមដាននយោបាយមើលឃើញថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាឱកាសដ៏ល្អមួយរបស់អតីតមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង ដើម្បីបានសិទ្ធិធ្វើសកម្មភាពនយោបាយ ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធ យន្តការគណបក្ស ដោយផ្តើមចេញពីថ្នាក់មូលដ្ឋាន ឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ពិតមែនហើយ ការរៀបចំកម្លាំង សកម្មជន និងអ្នកគាំទ្រ ក៏ដូចជាការបង្កើតបក្សថ្មី មិនមែនជារឿងដែលត្រូវគិតភ្លាម ធ្វើបានភ្លាម ហើយចេញភ្លែតនោះទេ តែវាត្រូវការពេលវេលាសមរម្យជាក់លាក់មួយ។ យ៉ាងណាមិញ បើទោះបីជាបម្រាមដែលច្បាប់បានរារាំងក្នុងការធ្វើសកម្មភាពនយោបាយដល់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ត្រូវផុតរលត់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែមិនអាចជួយឲ្យពួកគេបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអំឡុងខែឧសភា ឆ្នាំ២០២២ បានដែរ។

គួរកត់សម្គាល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ជាមូលដ្ឋានគ្រឹះក្នុងឈានទៅរកការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ និងការបោះឆ្នោតបន្តបន្ទាប់ទៀត ហើយម្យ៉ាងទៀតក៏ជាការសាកល្បងសមត្ថភាពគណបក្សដែលបានបង្កើតថ្មីផងដែរ ព្រោះថា ត្បិតបម្រាមបានផុតកំណត់ តែគណបក្សសង្គ្រោះជាតិត្រូវបានអំណាចសាលដីការតុលាការកំពូលរំលាយហើយ មិនអាចរស់ឡើងវិញទេ។

ផ្ទុយទៅវិញ ប្រសិនបើអតីតមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង រង់ចំាដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃផុតកំណត់របស់សាលដីកាតុលាការកំពូលក្នុងការហាមឃាត់សិទ្ធិធ្វើនយោបាយ គឺជាការខាតពេលឥតប្រយោជន៍ និងជាការបោះបង់អ្នកគាំទ្រនិងប្រជាពលរដ្ឋដោយគ្មានការទទួលខុសត្រូវ។ អំឡុងពេលនេះ គេមើលឃើញថា អ្នកជាប់បម្រាមទាំង ១១៤ នាក់ បានបាត់បង់ឱកាសល្អៗក្នុងការកសាងកម្លាំងរបស់ខ្លួនឡើងវិញនៅឯថ្នាក់មូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះដ៏ធំបំផុតក្នុងការឈានទៅរកការបោះឆ្នោតនៅថ្នាក់ជាតិ ដើម្បីក្លាយជាគូប្រជែងដ៏សំខាន់មួយទល់នឹងគណបក្សកាន់អំណាច។

សរុបមកវិញ ទ្វារបានបើកចំហរហើយសម្រាប់អ្នកជាប់បំរាមសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅឡើយតែការសម្រេចចិត្តរបស់ពួកគេប៉ុណ្ណោះ។ ទោះយ៉ាងណា ទ្វារបើកចំហរនេះក៏អាចនឹងត្រូវបិទទៅវិញដែរនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។ អ្នកវិភាគផ្តល់យោបល់ថា ការសម្រេចចិត្តក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់ថ្នាក់ដឹកនាំបក្សប្រឆាំងដែលត្រូវបានតុលាការសម្រេចរំលាយ គឺមានសារៈសំខាន់ និងជាការផ្តល់ក្តីសង្ឃឹមដល់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ដោយមិនត្រូវអូសបន្លាយពេលតទៅទៀតទេ ដែលវាធ្វើខាតបង់នៃអនាគតអាជីពជាអ្នកនយោបាយ ក្នុងការធ្វើសកម្មភាពចុះជួបជាមួយពលរដ្ឋនៅមូលដ្ឋាន ពិសេសការខាតបង់ក្នុងការត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោត សម្រាប់អាណត្តិក្រោយៗទៀតប៉ុណ្ណោះ៕

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់