ទស្សនៈ៖ ឱកាសត្រូវស្រោចស្រង់ជីវិតនយោបាយរបស់ក្រុមកឹម សុខានិយមបានមកដល់ហើយ!

ថ្ងៃពុធ ទី ៦ មីនា ២០១៩​
15

ក្នុងនាមអ្នកគាំទ្រលោកប្រធាន កឹម សុខា ម្នាក់ខ្ញុំយល់ឃើញថា គម្រោងនៃការជួបជុំថ្នាក់ដឹកនាំរប​ស់ក្រុម កឹម សុខា និយម ដែលមកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអូស្តា្រលី នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗនេះ គឺជាសញ្ញាដ៏វិជ្ជមានមួយដែលទំនងនឹងនាំឈាន​ឆ្ពោះទៅសង្រ្គោះជីវិតនយោបាយរបស់ក្រុមលោកប្រធាន កឹម សុខា និយមឱ្យបានរស់រវើក និងសកម្មតបតឡើងវិញ ដើម្បីចៀសផុតពីការធ្វើអត្តឃាដខាងនយោ​បា​យ បន្ទាប់ពីក្រុមលោកប្រធាន កឹម សុខា និយម បានស្ថិតនៅស្ងៀមស្ងាត់មួយរយៈកន្លងមក។ សម្រាប់អ្នកគាំទ្រនៅមូលដ្ឋាន កំពុងតាមដាន និងរង់ចាំការងើបឡើងនៃក្រុមរបស់លោកប្រធាន កឹម សុខា និយម ដើម្បីរៀបចំសកម្មភាព ជំហរនយោបាយដ៏ច្បាស់លាស់របស់យើងឡើងវិញ និងម្យ៉ាងដើម្បីតបតឱ្យបានចាស់ដៃចំពោះទង្វើក្បត់របស់មេដឹកនាំបក្សប្រហារ និងបក្សពួកនៅទីក្រុងអាតាឡង់តាកន្លងទៅ។

 

កន្លងមក ក្រុមធ្វើបក្សប្រហារនៅអាតាឡង់តា ដែលមានលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ជាដើមបានបន្តប្រមាថ លាបពណ៌ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើក្រុមលោកប្រ​ធា​ន​កឹម សុខារបស់យើងថា ជាពួកក្បត់ ជាជនបង្កប់របស់ CPP។ល។ ហើយចុងក្រោយថ្មីនេះ មេដឹកនាំដែលមានតែឈ្មោះ បានធ្វើរដ្ឋប្រហារបក្ស​ដណ្តើមយកតំណែងជាប្រធានស្តីទីបក្ស និងបា​ន​កែប្រែរចនាសម្ព័ន្ធបក្សនៅឯនាយសមុទ្រតាមទំនើងចិត្ត ដោយគ្មានការឯកភាពពីលោកប្រធានកឹម សុខា និងថ្នាក់ដឹកនាំមកពីក្រុមលោកប្រធានកឹម សុខា សោះឡើយ ដែលនេះជាទង្វើក្បត់សម្ព័ន្ធមិត្ត ផ្ទុយពីអ្វីដែលក្រុមបក្សប្រហារតែងបាននិយាយបោកប្រាស់ថា សម រង្ស៊ី និងកឹម សុខា គឺជាមនុស្សតែមួយ។ តាមពិតវាជាគ្រាន់តែជាការបោកបញ្ឆោតដល់ក្រុមអ្នកគាំទ្រលោកប្រធានកឹម សុខា ឱ្យជឿលើវោហារសាសន៍គ្មានន័យ មាត់ផ្សេង ចិត្តផ្សឹង គឺចិត្តកំពុងផាត់ក្រុមលោកប្រធានកឹម សុខានិយមចោល ហើយធ្វើសកម្មភាពផ្លាស់ប្តូររចនាសម្ព័ន្ធបក្សតាមទំនើងចិត្ត។

 

ជាការពិត សម្រាប់គម្រោងជំនួបរបស់ក្រុមអ្នកគាំទ្រលោកប្រធាន កឹម សុខា ដែលនឹងធ្វើនៅហ្វីឡាឌែលហ្វៀ សហរដ្ឋអាមេរិកខាងមុខ គឺពិតជាសញ្ញានៃការងើបឡើងនៃកម្លាំងពិតរបស់ កឹម សុខា និងជំហរនយោបាយច្បាស់លាស់ ដើម្បីឆ្លើយតបឱ្យបានចាស់ដៃទៅនឹងក្រុមមនុស្សធ្វើបក្សប្រហារនោះ។ ហើយជំនួបនោះទៀត​សោត គ្រោងនឹងថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់បំផុតអំពីជំហរមិនដេករងចាំស៊ីឡាក ដូចការប្រមាថ និងការ​ចោ​ទទាំងងងើលរបស់ក្រុមបក្សប្រហារនោះទេ។ អ្វីដែលក្រុមកឹម សុខានិយម រំពឹងទុក គឺនឹងត្រូវទាត់ចោលនូវរាល់សេចក្តីសម្រេចរបស់បក្សប្រហារកន្លងទៅ ហើយនឹងងាកមកកសាងមូលដ្ឋាននៃជំហរនយោបាយរបស់កឹម សុ​ខា និយមសារជាថ្មីឡើងវិញ។

 

ទីបំផុត យើងជាអ្នកគាំទ្រលោកប្រធានកឹម សុខានិយមបានសម្រេចចិត្តថា ត្រូវនាំគ្នាងើបឈរឡើ​ងយ៉ាងរឹងមាំដោយខ្លួនឯង ដើម្បីបានគេចផុតពីជ្រោះមរណៈ ឬការធើ្វអត្តឃាដខាងន​យោបា​យរបស់យើង ដោយសារតែយើងបាននាំគ្នាស្ថិតនៅស្ងៀមស្ងាត់ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដែលបានធ្វើឱ្យក្រុមបក្សប្រហារបានដៃ វៃប្រហារលោកប្រធានកឹម សុខា តាមអំពើចិត្តយ៉ាងអយុ​ត្តិធម៌បំផុត។ ដូច្នេះ ប្រសិនបើយើងពិតជាអ្នកស្រឡាញ់ និងគាំទ្រលោកប្រធាន កឹម សុខា មែននោះ យើងទាំងអស់គ្នាត្រូវចេញងើបឈរឡើង តតាំងនឹងអំពើប្រមាថ ការចោទប្រកាន់មួលបង្កា​ច់​សព្វបែបយ៉ាងរបស់ក្រុមបក្សប្រហារទាំងនោះ ហើយត្រូវនាំគ្នាទាត់ចោលជាចំហរចំពោះទង្វើ ដ៏គឃ្លើន និងសេចក្តីសម្រេចទាំងឡាយដែលក្រុមបក្សប្រហារបាន និងកំពុងបោកបញ្ឆោតក្រុមលោកប្រធាន កឹម សុខា និយមកន្លងមក ពិសេស យើងត្រូវកសាងកម្លាំងពិតនៃកឹម សុខានិយមឡើងវិញ ជាមួយនឹងគោលជំហរនយោបាយរបស់យើងដ៏ច្បាស់លាស់សារជាថ្មី ប្រសិនបើ យើងពិតជាបានដើរដល់ផ្លូវបំបែកហើយនោះ ក៏ព្រោះវាគ្រាន់តែជាសម្ព័ន្ធភាពក្លែងក្លាយដែលយើ​ងមិនគួរបន្តលាក់ទុកនាំឱ្យយើងបន្តឈឺចាប់គ្រាំចិត្តតទៅទៀតបានទេនោះ។ ដូច្នេះ យើងសង្ឃឹមថា ជំនួបនៅហ្វីឡាឌែលហ្វៀ គឺជាសេចក្តីសង្ឃឹមនៃជីវិតនយោបាយរស់ឡើងវិញរបស់ក្រុមលោ​ក​ប្រធានកឹម សុខានិយមរបស់យើង៕

 

ពី ៖ សកម្មជនកឹម សុខានិយម ពីខេត្តត្បូងឃុំ

ចែករំលែក

បញ្ចេញយោបល់