ទស្សនៈមិត្តអ្នកអាន៖ តើបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា?

ថ្ងៃចន្ទ ទី ៤ មីនា ២០១៩​
16

លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​​ផ្តាំ​​ទៅ​​ក្រុម​អ្នកប្រឆាំង​ដែល​ជាប់​បំរាម​នយោ​បាយ​​ថា​ ប្រ​សិន​​បើ​នៅ​​តែ​​បន្ត​​រារែក​​មិន​​សុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ឡើង​​វិញ​ទេ​​នោះ​​ ទ្វារ​​អាច​​នឹង​​ត្រូវ​​បិទ​​នៅ​​​មុន​​ ឬ​​​ក្រោយ​​ចូល​​ឆ្នាំ​​ខ្មែរ​​។​​ លោក​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាង​សង់​​សំ​ណង់​ការ​ពារ​ទឹក​​ជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជំហាន​ទី៤ កាលពីព្រឹក​ថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​​។​

មក​ដល់​ពេល​នេះ​ អតីត​អ្នក​នយោបាយ​ជាប់​បំរាម​ចំនួន​បីនាក់​ហើយ​ ​ដែល​បាន​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​វិញ​ ហើយ​បើ​តាម​ព័ត៌​មាន​ពី​ផ្ទៃ​ក្នុង​របស់​ក្រុម​ប្រឆាំង​គឺ​​មាន​​មួយ​​ចំនួន​ទៀត​​កំពុង​រៀប​ចំ​ឯកសារស្នើសុំ​​ក្រសួង​មហាផ្ទៃ​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​ ព័ត៌មាន​នេះ​ គឺ​ហាក់​​ដូច​​ជា​ស៊ីគ្នា​​នឹង​សារ​នយោ​បាយ​​របស់​លោក​ ហ៊ុន សែន​​ នៅ​ព្រឹក​មិញ​នេះ​ ហើយ​ដែល​ក្រុម​អ្នក​វិភាគ​​បាន​ចាប់​អារម្មណ៍​ថា ​ក្រុម​និយម​លោក​ កឹម សុខា​ អាច​នឹង​មាន​ទំនាក់​ទំនង​គ្នាជា​សម្ងាត់ដើម្បី​ឱ្យ​មាន​ការ​ដាក់​​ពាក្យ​​ជា​ទ្រង់​ទ្រាយ​​ធំ​​មួយ​​​​ឈាន​​ទៅ​​រក​​ការ​​បើក​​ផ្លូវ​​​សម្រាប់អនាគត​នយោ​បាយរបស់ពួកគេ​។​​

ចំពោះ​ក្រុមអ្នកគាំទ្រលោក កឹម សុខា ជាច្រើននៅក្រៅប្រទេសជាពិសេសនៅអាមេរិក កាណាដា អឺរ៉ុប និងអូស្រ្តាលី ក៏បាន​​​ជួប​ជុំ​គ្នា​​​​​ពិភាក្សា​រក​ច្រក​ចេញ​ខាង​នយោបាយ​មួយ​ផ្សេង​ពី​ផ្លូវ​​ដែល​​លោក​ សម រង្ស៊ី​ កំពុងដើរ​ដែរ​។ ពួក​គេ​បាន​មើល​ឃើញ​ថា ​ការ​​​ដុត​កម្តៅ​ស្ថានការណ៍​ឥត​ឈប់​ឈរ​​របស់លោក សម រង្ស៊ី នា​ពេល​នេះ​ គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ស្រប​ច្បាប់​ ហើយ​វា​នឹង​នាំ​ឱ្យ​ខាត​ពេល​វេលា​ឥត​ប្រយោជន៍​​សម្រាប់ការ​ត្រៀម​ប្រកួត​ប្រជែង​នៅ​អាណត្តិ​ក្រោយ​ជាមិន​ខាន​។ ពួក​គេ​បាន​វាយ​តម្លៃ​ទៀត​ថា​សកម្មភាព​បច្ចុប្បន្ន​របស់​លោក សម រង្ស៊ី​ គឺ​ពិត​ជាចេតនា​ និងជា​​​ល្បិចកល​ដើម្បី​​បិទ​ច្រក​នយោ​បាយ​​មិន​​ឱ្យ​លោក​ កឹម សុខា​ អាច​មាន​សេរីភាព​ក្នុងស្មារតី​បង្រួប​ង្រួមជាតិ រវាង​ខ្មែរ​ និងខ្មែរ​បាន​ឡើយ​។​ ​

ក្រុម​អ្នក​​តាម​​ដាន​ស្ថាន​ការណ៍​នយោបាយ​ បាន​មើល​ឃើញ​ថា​ ប្រសិន​បើ​ក្រុម​លោក កឹម សុខា​ ពិត​​ជា​មាន​បំណង​សុំសិទ្ធិធ្វើនយោបាយឡើ​ង​វិញ​មែន​នោះ​ មិន​យូរ​ទេ​នឹងអាច​​មាន​សេចក្តី​ស​ម្រេច​ប្រកាសពី​​គោល​​ជំហរ​​នយោបាយ​​មួយ​​របស់​ក្រុម​ កឹម សុខា​និយម ដើម្បី​ប្រមូល​គ្នា​ដាក់​​ពា​ក្យ​​ស្នើ​សុំ​​ជាមិន​ខាន​ ហើយ​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត​ ព្រោះ​ថា​​ក្រុម​លោក កឹម សុខា​ លែង​ក្លាយ​ជាចំណាប់​ខ្មាំង​របស់​លោក សម រង្ស៊ី​ ​ទៀត​ហើយ​។ ​ក្នុង​ករ​ណី​​នេះ​ តួនាទីជាប្រធាន​ស្តីទី​​របស់លោក សម រង្ស៊ី ដែល​ទទួល​បាន​ពីការ​ធ្វើ​បក្ស​ប្រហារ​​ក៏​ត្រូវ​​បញ្ចប់​ ហើយ​វា​ក៏​ជា​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ផង​ដែរ​។ នៅ​ពេល​នោះ​​​​អ​នា​គ​តន​យោបាយនៃក្រុមប្រឆាំងមួយទៀត​​នៅ​កម្ពុជាក៏​នឹង​អាច​ធ្វើ​សកម្មភាព ​ដោយ​សេរី​ស្រប​ច្បាប់​ផង​ដែរ​។​

​ក្រោយ​​ពេល​​ដែល​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បានផ្ញើ​សារ​នយោបាយ​​​ទៅ​ក្រុម​​​ប្រឆាំង​ថា «​ទ្វារ​សម្រាប់​ពួកគេ​ចូលធ្វើ​នយោបាយ​អាច​ត្រូវ​បិទ​ទៅវិញ​នៅ​មុន​​ឬ​​ក្រោយ​​​ចូល​ឆ្នាំ​​ខ្មែរ ប្រសិន​បើ​ពួកគេ​ព្រងើយ​កន្តើយ ឬក៏​បន្តធ្វើ​ទង្វើ​ណា​មិន​គប្បី ហើយ​គិតតែ​ពី​ទាមទារ​លក្ខខណ្ឌនេះ លក្ខ​ខណ្ឌនោះ»​ គេ​សង្ឃឹម​ថា​ ក្រុម​​អ្នក​នយោបាយប្រឆាំង​​ដែល​ជាប់​បម្រាម​ មិន​ផ្កាប់​បំពង់​រង់​ចាំ​ទឹក​ភ្លៀង​ពី​លោក សម រង្ស៊ី​ តទៅទៀត​ទេ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​ តើលោក សម រង្ស៊ី​ នៅបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា?​ សម្រាប់ជីវិតអនាគត​នយោបាយ​របស់​ពួក​គេដែល​​​​ពឹងតែ​​​​ទៅ​​​លើ​​​បុគ្គល​ម្នាក់​​​បែប​​នេះនោះ​​​​៕​

 ដោយ៖ សួន ចំរើន

ចែករំលែក

បញ្ចេញយោបល់