អភិបាលខេត្តកំពង់ចាម​ ដឹកនាំកិច្ចប្រជុំ​ប្រចាំខែរបស់​រដ្ឋបាលខេត្ត​

5

កំពង់ចាម៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក-លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់នានាក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះ រួមមាន៖
១.ការបង្ហាញពីការអនុវត្តន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល
២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ២០១៨
៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ២០១៨
៤.ការចូលរួមមតិយោបល់របស់លោក-លោកស្រីអភិបាល-អភិបាលរងស្រុក-ក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុក-ក្រុងរបស់ខ្លួនក្នុងឆ្នាំ២០១៨។

លោក គួច ចំរើន បានបន្ថែមទៀតថា យើងមានតួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដែលនេះគឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មជូនពួកគាត់។ បន្ថែមលើនោះ លោកក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវខិតខំប្រមូលព័ត៌មានតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងជាមតិ យោបល់ល្អៗ ដើម្បីជាគន្លឹះសម្រាប់យកទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់បំផុត៕

ចែករំលែក

បញ្ចេញយោបល់