អាជ្ញាធរខេត្តប៉ៃលិន ស្នើប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធ​នឹងព្រំប្រទល់ដី ​ឱ្យបានច្បាស់លាស់​ សម្រាប់ចុះ​បញ្ជីដីធ្លី​ជាលក្ខណៈប្រព័ន្ធ​

7

ប៉ៃលិន៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក ហុក សុផល អភិបាលរង ខេត្តប៉ៃលិន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់រហ័ស។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាមានភាព ងាយស្រួលក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្តជូនប្រជាពលរដ្ឋ ព្រោះថាការកំណត់តំបន់វិនិច្ឆ័យនេះ គឺផ្នែកជំនាញនឹងផ្តល់ជាប័ណ្ណ កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

លោក ហុក សុផល បានបញ្ជាក់ទៀតថា ការធ្វើប័ណ្ណកម្មសិទ្ធិគឺជា រឿងសំខាន់សម្រាប់ការកំណត់ព្រំប្រទល់ដីធ្លីរបស់យើងយ៉ាងស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិពិតជាមានសារៈសំខាន់សម្រាប់ការកំណត់ដីធ្លី ចែកបន្ត ដល់កូនចៅជំនាន់ក្រោយៗ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ។

ស្របគ្នានោះ លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធមាន ៥ដំណាក់កាល៖
១-ត្រៀមរៀបចំ គឺការកំណត់ តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វ ផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ និង
៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី៕

ចែករំលែក

បញ្ចេញយោបល់