ប្រធានមន្ទីរ​កិច្ចការនារីខេត្តប៉ៃលិនថ្មី​ ត្រូវបាន​ប្រកាសចូលកាន់​ ដំណែងថ្មីជាផ្លូវការ​

ថ្ងៃចន្ទ ទី ១១ កុម្ភៈ ២០១៩​
18

ប៉ៃលិន៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី ចាន់ ថាវី ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនថ្មី ជំនួសលោកស្រី សៀង សូនីដា ដែលត្រូវបានចូលនិវត្តន៍ ក្រោមអធិបតីភាព លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្តផងដែរ។

បន្ទាប់ពី លោកស្រី ចាន់ ថាវី បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្តរួចមក លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធាន មន្ទីរដែលទើបទទួលបានតំណែងថ្មី ត្រូវគោរព និងអនុវត្តន៍ឲ្យបាន ម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ និងអនុវត្តន៍យ៉ាងសកម្មនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាពិសេសត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងលទ្ធភាពក្នុងការអនុវត្តន៍ ការងារតាមគោលនយោបាយកម្មវិធីរបស់ក្រសួងកិច្ចការនារី លើកកម្ពស់ ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយដៃគូ ដើម្បីឲ្យលំហូរការងារមានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា ព្រមទាំងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារឲ្យទទួលបានជោគជ័យ តាមគោលនយោបាយកម្មវិធី អនុកម្មវិធីរបស់ក្រសួង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា ប្រធានមន្ទីរថ្មី ត្រូវអនុវត្តន៍លើការងារលើកកម្ពស់សមធម៌ សីលធម៌សង្គម សំដៅសម្រេចឲ្យបាននូវវឌ្ឍនៈភាពនៃការលើកកម្ពស់ស្ថាន ភាពជីវភាព ស្រី្ត ក្មេងស្រី និងជនងាយរងគ្រោះគ្រប់រូប ផ្តល់ឱកាស និងលើកទឹកចិត្ត ពួកគេឲ្យបានចួលរួមក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ ប្រកបដោយ សមភាព និងសមធម៌ ពីព្រោះស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គម។

លើសពីនោះ លោកស្រី បានឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់សមភាព យេនឌ័រ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណ៍ជាក់លាក់ជាច្រើន ក្នុងការបញ្រ្ជាបយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើត ឋានៈ តួននាទី ក្នុងការធ្វើសេចក្តីសម្រេចរួម ទាំងការបញ្ជូនទៅក្នុងច្បាប់ និងក្របខ័ណ្ឌគតិយុត្តមួយចំនួន ហើយកិច្ចខិតខំទាំងនេះបាននាំមកនូវ លទ្ធផលនៃការកើនឡើងជាបណ្តើរៗ នូវសមាត្រស្រី្តជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី ក៏បានបញ្ជាក់ថា មន្ទីរកិច្ចការនារីខេត្ត មានភារកិច្ចសំខាន់ក្នុងការ ចូលរួមកាត់បន្ថយអំពើហឹង្សាគ្រប់ទម្រង់មកលើស្រ្តី និងកុមារីព្រមទាំង ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យអប់រំ សិក្សាធិការ ជម្រុញស្រ្តីឲ្យ ចូលរួមក្នុងវិស័យសេដ្ឋកិច្ច និងកិច្ចការនយោបាយ ឆ្លើយតបជាវិជ្ជមានទៅ នឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី៕

ចែករំលែក

បញ្ចេញយោបល់