សមយុទ្ធនាគមាសឆ្នាំ២០១៩ រវាងកម្ពុជា-ចិន នឹងប្រារព្ធនៅខែមីនា ដែលប្រព្រឹត្តទៅក្រោមរបៀបវារៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌»

ថ្ងៃចន្ទ ទី ១១ កុម្ភៈ ២០១៩​
32

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើលំហាត់​សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះប្រជាជនចិន ស្ថិតនៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។

លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងប្រព្រឹត្តទៅ ក្រោមរបៀបវារៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់ គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំ ជាងបណ្តាឆ្នាំកន្លងទៅផងដែរ ។ លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិន នោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងារ រួមគ្នានោះ។

សូមជម្រាបថា ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងពលតូច លេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវ ចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យ សកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺន បាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត៕

ចែករំលែក

បញ្ចេញយោបល់