លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរច្រឡំក្រឡាអុកធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់!

ថ្ងៃសៅរ៍ ទី ៩ កុម្ភៈ ២០១៩​
31

សមដូចពាក្យលោក គង់ គាំ ពិពណ៌នាមែនគឺ លោក សម រង្ស៊ី ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ ​នេះជាពាក្យបីមាត់ដ៏មហាសែនត្រឹមត្រូវមិន​ថា​កា​លពីពេលកន្លងទៅ បច្ចុប្បន្ន និងទៅអនាគត គឺសម រង្ស៊ី មិនដែលគិតត្រូវម្តង​ណា​ឡើយ​។ ជាក់ស្តែង ពេលនេះ សម រង្ស៊ី កំពុងច្រឡំបល់និងវាយតម្លៃស្ថានការណ៍ខុសស្រឡះ។

ទី១៖ សម រង្ស៊ី យល់ច្រឡំថា ភ្នំព្រះសុមេរុ៍គឺជាកូនដុំទឹកកក៖

ការក្លែងបន្លំសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាហើយហ៊ានទាំងយកមកបង្ហោះលើបណ្តាញសង្គម ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះព្រោះតែ សម រង្ស៊ី គិតដោយ​​ភាន់ច្រឡំថាធ្វើបែបនេះអាចបំបែកគណបក្សប្រជាជនកម្ពុជាបាន។ ប៉ុន្តែ សម រង្ស៊ី ភ្លេច​គិ​តថា គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់នៅ​កម្ពុជា ដែលមានភាពចំណាស់​ទាំ​ង​អាយុ ទាំងគំនិត និងទាំងនយោបាយ។ ខ្ញុំកត់សំគាល់ថាគណបក្សដ៍ធំមួយនេះ អាចស្ថិត​ស្ថេររឹងមាំកាន់អំណាចបានជាង៤០ឆ្នាំមកនេះក៏អាស្រ័យតែបក្សនេះមានសាមគ្គីឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងវិន័យដ៏ល្អដែលគ្មានគណបក្សណាមួយនៅស្រុកខ្មែរយើងអាចធ្វើដូចឡើយ។ សាមគ្គីភាពនិងការឯកភាពផ្ទៃក្នុងនេះគួបផ្សំនឹងវិន័យនេះហើយ ដែលជាសរសរគ្រឹះ​ដ៏​រឹងមាំដូចភ្នំព្រះសុមេរុ៍ដែលអាចអនុញ្ញាតឲ្យគណបក្សនេះកាន់អំណាចជាង ៤០ ឆ្នាំមក​ហើ​យ និងនៅតែបន្តរឹងមាំ ហើយកាន់តែរឹងមាំឡើងថែមទៀត។

ដូច្នេះ ខ្ញុំយល់ថា ម៉ា​​ត្រឹម​ក្លែង​ការបន្លំសេចក្តីថ្លែងការណ៍ដែលប្រៀបបាន​នឹងល្បែងកូន​ក្មេង​នេះ មិនអាចធ្វើឲ្យ​គណបក្ស​ដឹកនាំ​ដោយលោក ហ៊ុន សែន របេះរោម​សូម្បីតែមួយបាន​ឡើ​យ​។ តាមពិតទៅ ល្បិចបំបែកលោក ហ៊ុន សែន ពីលោក ជា ស៊ីម និង លោក ស ខេង ត្រូវ​បានសម រង្ស៊ី លេងតាំងពីយូរឆ្នាំមកហើយ ប៉ុន្តែ គ្មានឡើយលទ្ធផល​សូម្បីតែប៉ុន​ក្រចក។

ទី២៖ សម រង្ស៊ី យល់ច្រឡំថាអង្កាមមានប្រយោជន៍ជាងអង្ករ៖ នៅពេលពលរដ្ឋខ្មែរកំពុងរស់នៅដោយសុខសាន្ត សម្បូរសប្បាយ ហើយមានជីវភាព​កាន់​តែ​ធូរធារជាងមុនជាលំដាប់និងនៅពេលដែលគ្រប់គ្នាគិតពីការសង់ផ្ទះថ្មី ទិញម៉ូតូថ្មី ឡានថ្មី ទូរស័ព្ទដៃថ្មី និងកំពុងគិតថា ចូលឆ្នាំថ្មីឆ្នាំនេះទៅលេងនៅឯណា សម រង្ស៊ី បែរជាអំពាវនាវ​ឲ្យ​ពលរដ្ឋងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដូចនៅប្រទេសវ៉េណេហ្ស៊ុយអេឡា​។ តើពលរដ្ឋខ្មែរ​ណាទៅចាក់អង្ករដូរយកអង្កាមតាម លោក សម រង្ស៊ី?​ ពួកគេច្បាស់ជា​ចង់រស់​នៅក្នុងសុខសន្តិភាព ចង់ឃើញការអភិវឌ្ឍន៍ និងចង់ឃើញ​អនាគ​ត​កូនចៅភ្លឺស្វាង គឺច្បាស់​ជាមិនចង់ប្រែក្លាយប្រទេសទៅជាស៊ីរី លីប៊ី ឬវ៉េណេហ្ស៊ុអេឡាទេ តាមការញុះញង់របស់ លោក សម រង្ស៊ី ឡើយ។

ទី៣៖ សម រង្ស៊ី ដេកយល់សប្តិ៍ថា ខ្មែរចង់វិលទៅរករបបខ្មែរក្រហមវិញ៖ ដោយសារភាពស្រមើស្រមៃដោយការភាន់ច្រឡំបែបនេះហើយបានជា សម រង្ស៊ី បាន​លើក​គោលនយោបាយប៉ុល ពត មកអនុវត្ត គឺរឹបអូសដីធ្លី ទ្រព្យសម្បត្តិពីអ្នក​មានទៅ​ចែកអ្នក​​ក្រ​។ គោលនយោបាយដែលបង្កប់ដោយកំហឹងវណ្ណៈនេះត្រូវបានប៉ុល ពត អនុវត្តរួច​ហើយ​ច​ន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ជាលទ្ធផលគឺ ត្បូងចប គល់ឬស្សី គ្មានលុយចាយ គ្មា​ន​បាយហូប ហើយទាំងអស់គ្នាទៅធ្វើស្រែដើម្បីបម្រើអង្គការតាមផែនការ មហាលោត​ផ្លោះ​មហាអស្ចារ្យ ធ្វើឲ្យខ្មែរវេទនាខ្លោចផ្សាស្លាប់ស្ទើរផុតពូជ។ តើ​មានពលរដ្ឋខ្មែរប៉ុន្មាន​នាក់ជឿ និងធ្វើតាមគោលនយោបាយលោក សម រង្ស៊ី ដែលចម្លងចេញទាំងស្រុងពី ប៉ុល ពត?

ទី៤៖ សម រង្ស៊ី ផឹកថ្នាំច្រឡំដេកយល់សប្តិ៍ថាគាត់ជាមេទ័ពដែលអាចបញ្ជាទ័ពបាន៖

សម រង្ស៊ី ដែលពីមុនធ្លាប់តិះដៀលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ជាឧបក​រណ៍​រំលោ​ភ​សិទ្ធិមនុស្សដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធខឹងសម្បារ​និងបញ្ចេញប្រតិកម្ម​តបយ៉ាង​ខ្លាំ​ង​ៗនោះ ឥឡូវស្រាប់តែបែរមកធ្វើជាអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ​ងើបបះ​បោរ​ប្រ​ឆាំ​ងរាជរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា នាយទាហាន ពលទាហាន និងកង​កម្លាំង​ប្រ​ដាប់អាវុធគ្រប់ប្រភេទកំពុងឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព សន្តិសុខ និងសណ្តាប់​ធ្នាប់សាធារណៈ ការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

នៅកម្ពុជា កងកម្លាំងប្រដាប់អាវុធគឺជារបស់ជាតិក្រោមការបញ្ជា​ដឹកនាំ​របស់រាជរដ្ឋាភិ​បាល​។ មេទ័ពធំជាងគេបំផុត គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែន សម រង្ស៊ី ទេណា។ បើ​តាមមិត្តភ័ក្ររបស់ខ្ញុំដែលនៅធ្វើការក្នុងជួរទ័ព ប៉េអឹម និងប៉ូលីសបានខ្សឹប​​ប្រាប់អោយ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធទាំងអស់បានត្រៀមរួចហើយ គឺត្រៀមចាប់ខ្លួន សម រង្ស៊ី បញ្ជូន​ទៅ​ពន្ធនាគារ។

សរុបសេចក្តីទៅ ផែនការទាំងប៉ុន្មានដែល សម រង្ស៊ី ដាក់ចេញគឺសុទ្ធតែផែនស្ករ​ដែលកើត​ចេញពីគំនិត គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើតដូចលោក គង់ គាំ ថា​មែន។ ឥឡូវនេះ សម រង្ស៊ី កំពុងលង់ខ្លួន នឹងពាក្យសន្យាដោយបង្ខំ​ចិត្តអំពីការវិល​ត្រឡ​ប់​វិញ។ កាលពីឆ្នាំ ២០១៥ សម រង្ស៊ី ធ្លាប់បានប្រកាសក្តែងៗថាគាត់នឹងមកកម្ពុជាវិញ ប៉ុន្តែ​ទីបំផុតអត់ហ៊ានមកទេ។ ដើម្បីលួងចិត្តអ្នកគាំទ្រ សម រង្ស៊ី ប្រឌិតរឿងថា បានទទួល​សារពី​ទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា លោក ស ខេង មិនឲ្យមក។ រឿងនេះធ្លាប់ត្រូវ​បាន​លោក ស ខេង ​បដិសេធរួចហើយ។ ចាំមើលម្តងនេះ តើសម រង្ស៊ី មានលេសអីដើម្បី​លើក​មកបិទបាំងភាពកំសាករបស់ខ្លួនខណៈដែលឱសានវាទនៃការភ្នាល់ជាមួយលោក ហ៊ុន សែ​ន ក៏កាន់តែខិតជិតចូលមកដល់ រីឯការប្រកាស សន្យាជាមួយអ្នកគាំទ្រ​ថាវិលចូល​ស្រុក​វិញ​ក៏បានជ្រុលមាត់ធ្វើរួចហើយដែរ។

ថ្ងៃនេះខ្ញុំបានស្តាប់ចំរៀងក្នុង YouTube ដែលនិពន្ធដោយលោក ហ៊ុន សែន ពិតជាពិរោះ​ហើយខ្លឹមសារដែលលោកសរសេរនោះហាក់បីដូចជាស្របទៅ​នឹងការភ្នាល់ក្នុងកំរឹត  VVIP ដែលឱសានុវាទនៃការសន្យារបស់គូភាគីនោះ​កាន់តែខិតជិតចូលមកដល់។ ហើយ​បើវិភាគ​លើកំណាព្យមួយបទនេះដែលថា «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ, សង្សារបង​អើយ​ដល់ពេលហើយឬនៅ, ចិត្តអូនចិត្តដាច់ ចិត្តបងចិត្តខ្មៅ, ស្ពានក៏បាក់ ទឹកក៏ជ្រៅធ្វើម្តេ​ចបាន​ទៅតាមការសន្យា» គ្មានឡើយការលើកលែងទោសដល់មនុស្សចិត្តខ្មៅ ហើយសម រង្ស៊ី ពេលនេះកំពុងជួបបញ្ហាស្ពានក៏បាក់ ទឹកក៏ជ្រៅទឹកជ្រៅ មានន័យថា សម រង្ស៊ី ជាអ្នក​ផ្តាច់​ស្ពានដោយខ្លួនឯងជាមួយលោក ហ៊ុន សែន រីឯទឹកក៏ជ្រៅគឺគ្មានអ្នកណា​ជួយគាំទ្រ​គាត់​ឲ្យ​បានវិលវិញដោយសុវត្ថិភាពតាមការសន្យារបស់គាត់បានឡើយ ។ ហើយខ្ញុំយល់ថាបើ ស​ម រង្ស៊ី មក គឺមានតែខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះ។ នេះហើយ​ជាគ្រោះថ្នាក់​របស់​មនុ​ស្ស​ដែលមិនចេះលេងអុក ដើរកូនអុកច្រឡំក្រឡាព្រោះ​តែការវាយតំលៃសភាពការ​ណ៍មិន​ត្រូវ​៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់