ម្ចាស់ស្ថានីយ៍ប្រេងឥន្ឋនៈចំនួន៣ទីតាំងនៅខេត្តប៉ៃលិន​ ត្រូវបញ្ជូនទៅតុលាការ ​ក្រោយរកឃើញ​បទល្មើស​បច្ចេកទេស​គុណភាព

7

ប៉ៃលិន៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ និងបានបញ្ជូនម្ចាស់អាជីវកម្មទាំង៣ខាងលើ ទៅតុលាផងដែរ។

ការចុះត្រួតពិនិត្យអស់រយៈពេល១ថ្ងៃ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដឹកនាំដោយលោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកាំកុងត្រូល កិច្ចការងារអ្នកប្រើប្រាស់ និងការបង្ក្រាបការក្លែងបន្លំ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើលកន្លែងស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ដោយមិនអប់រំទៀតទេ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេសគុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិតផងដែរ។

លោក ឈឹម វាសនា បានឲ្យដឹងថា មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់។

ប្រធានកាំកុងត្រូលខេត្ត បានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១០កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់តាមនីតិវិធី នៃច្បាប់ជាធរមានផងដែរ។

សូមបញ្ជាក់ថា៖ រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០កន្លែង ក្នុងខេត្តប៉ៃលិន រកឃើញថា ស្ថានីយ៍ ឥន្ធនៈ នឹងដេប៉ូចំនួន៧ កន្លែងមានភាពមិនត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហា ទៅលើបច្ចេកទេសម៉ាស៊ីនបាញ់ប្រេង ក្នុងនោះមានដេប៉ូ៣ កន្លែង គឺទី១/ដេប៉ូសូគីមិចបូរី ប៉ៃលិន ទី២/ស្ថានីយប្រេង ឥន្ធនៈ តូតាល់ ទី៣/ដេប៉ូ ជាងសៀន គឺមានភាពមិនប្រក្រតី ក្នុងការគេងបន្លំបរិមាណ នឹងគុណភាព បរិមាណចំណុះលីត្រមិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី ១លីត្ររហូតដល់៤លីត្រ ត្រូវបានកសាងសំណុំឯកសារ ទៅតាមនិតិវិធីច្បាប់ បញ្ចូនទៅតុលាការ។

ស្ថានីយ៍ទាំងបីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញយើង បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំងមួយចំនួនទៀតធ្វើកិច្ចសន្យានឹងអប់រំបន្ថែម ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាត់ការតាមផ្លូវច្បាប់ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ៕

ចែករំលែក

បញ្ចេញយោបល់