ប្រជាពលរដ្ឋសាទរចំពោះអាជ្ញាធរខេត្តកំពង់ចាម បានផ្តល់គម្រោងស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុង ចំនួន៣ខ្សែ

9

កំពង់ចាម៖ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែមានការអភិវឌ្ឍន៍ឈានទៅមុខជាបន្តបន្ទាប់ ទាំងនៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការជួសជុល សាងសង់ផ្លូវចំនួន៣ខ្សែ នៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលប្រជាពលរដ្ឋមានការត្រេកអរសាទរជាខ្លាំង។

បើយោងតាមមន្ត្រីបច្ចេកទេស បានឲ្យដឹងថា ផ្លូវចំនួន៣ខ្សែ ដែលគ្រោងធ្វើការស្ថាបនានេះរួមមាន៖
ទី១-ផ្លូវចាក់កៅស៊ូ DBST ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុ ដល់រង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ៧ ស្របតាមផ្លូវទន្លេអ៊ុ ប្រវែង ១,២២០ម៉ែត្រ និងទទឹង៧ម៉ែត្រ
ទី២- ការជួសជុល សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៩០០ម៉ែត្រ និងទទឹង៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម
និងទី៣- ការជួសជុល សាងសង់ផ្លូវបេតុងអាមេដែលបំបែកចូលពីផ្លូវជាតិលេខ៧ ទៅសាលាបឋមសិក្សា ហ៊ុន សែន រោងចក្រ ប្រវែង១,២៣០ម៉ែត្រ និងទទឹង៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម។

ឆ្លៀតក្នុងឱកាស ចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវជាហូរហែ ដោយលោកអភិបាលខេត្ត បានស្នើសុំ និងលើកទឹកចិត្ត សូមឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការសាងសង់ ផងដែរ។ ការស្ថាបនាផ្លូវទាំង៣ខ្សែនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ មានការត្រេកអរសាទរជាខ្លាំង ព្រោះងាយស្រួលក្នុងការធ្វើដំណើរ៕

ចែករំលែក

បញ្ចេញយោបល់