លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅតាមច្រកព្រំដែន គឺមិនឱ្យមានផ្នែកណាផ្សេងក្រៅតែពី នគរបាលអន្តោប្រវេសន៍ និងគយ

5

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា លោកបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឱ្យមានផ្នែកណាផ្សេងក្រៅតែពី នគរបាលអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ។ លោក បានបន្តថា ភ្នាក់ងារដទៃៗទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញឱ្យអស់ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងអាជីវករ។

លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកកាសែតប្រមាណជិត៥ពាន់នាក់នៅក្នុងពិធីជួបជុំលើកទី៣ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីឱ្យអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។ លោក បានបញ្ជាក់ច្បាស់ថា ការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើ ពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនឹងនេះដែរ គឺនឹងជួយឱ្យសេដ្ឋកិច្ចជាតិមានដង្ហើមរស់បានដោយស្រួលទៀតផង៕

ចែករំលែក

បញ្ចេញយោបល់