ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី មិនឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ទាំង១១៨នាក់ស្នើសុំសិទ្ធិធ្វើនយោបាយ?

17

ទីបំផុតទៅ វិសោធនកម្ម​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា៤៥ ថ្មី​ស្ទួន បាន​ចូល​ជា​ធរ​មាន​ហើយ​​​បន្ទាប់​ពី​ព្រះមហាក្សត្រ​​បាន​ឡាយព្រះហស្ត​លេខា​ កាល​ពី​ថ្ងៃទី០២ ខែ​មករា ​ឆ្នាំ​២០១​៩។ វិសោធនកម្ម​ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ គឺ​សំដៅ​អនុវត្ត​ចំពោះ​គ្រប់​គណបក្ស​នយោ​បាយ​​ទាំង​​អស់​​​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដោយ​រួម​ទាំង​គណបក្ស​កំពុង​​កាន់​អំណា​ច​ផង​ដែរ​។ ការធ្វើវិសោធនកម្មនេះ គឺ​ដើម្បី​បើកផ្លូវ​​ឱ្យ​អ្នក​នយោបាយ​​ដែល​ត្រូវ​តុលាការ​​ហាមឃាត់​​សិទ្ធិ​ធ្វើ​នយោបាយ​ ក្រោយ​ពេល​ដែល​អ្នក​ទាំង​នោះ​បាន​អនុវត្ត​ បាន​ត្រឹមត្រូវ​តាម​សាលដីកា​តុលាការ​កំពូល​ ហើយ​ដែល​អនុញ្ញាតឱ្យ​ពួក​គេ ​អាច​មាន​​នីតិសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​ឆាក​នយោបាយ​​ឡើង​​វិញ​។​

មាត្រា ៤៥ ថ្មី (ស្ទួនមួយ) ចែងថា៖​ គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​សម្រេច​ផ្អាក​សកម្មភាព​ មិន​ត្រូ​វ​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឡើយ​​។​ ត្រូវ​លុប​ចេញ​ពី​បញ្ជី​គណបក្ស​​​នយោបាយ​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ ត្រូវ​បាន​សម្រេច​ផ្អាក​សកម្មភាព​ ឬ​ត្រូវ​បាន​សម្រេច​​រំលាយ​ស្រប​​តាម​ច្បាប់​នេះ​។ ​​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោ​បាយ​​មិន​អាច​៖​

-បង្កើត​គណបក្ស​នយោបាយ​ ឬ

-ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ ឬ​

-ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ឬ

-ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ​ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បា​ន​ឡើយ​។​

បុគ្គលដែលត្រូវ​បាន​តុលាការ​ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​ នឹង​អាច​ទ​ទួល​បាន​​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល​ ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​​ឡើង​វិញ​ដោយ​ព្រះ​មហាក្សត្រ​ តាម​សំណើ​របស់​នាយក​រដ្ឋ​មន្រ្តី​ តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​​មហាផ្ទៃ​​។ សម្រាប់​បរិបទនយោបាយ​បច្ចុប្បន្ន​នៅកម្ពុជា ការធ្វើវិសោធនកម្មនេះ គឺ​អនុញ្ញាតឱ្យ​អតីត​ថ្នាក់​ដឹកនាំ​ អតីត​​គណបក្ស​សង្រ្គោះ​ជាតិ​ សរុប​ចំនួន​១១៨​នាក់​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាល​ដី​កា​ផ្អាក​សកម្មភាព​​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ អាច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​បា​ន​​បន្ទាប់​​ពី​​តុលាការ​​​បាន​រក​ឃើញ​ថា​ អតីត​គណបក្ស​ប្រឆាំង​នេះ​ បាន​ឃុប​ឃិត​ជា​មួយ​បរទេស​ ក្នុង​គោល​​បំណង​​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា​នា​ពេល​កន្លង​មក​។​ ប៉ុន្តែ​ រឿង​ដែល​ចម្លែ​ក​នោះ​គឺ​នៅ​ត្រ​ង់​​ថា ទណ្ឌិត​ សម រង្ស៊ី​ ដែល​បាន​លាលែង​​ជា​សមាជិក​អតីត​បក្ស​ប្រឆាំង​ ហើយ​​ក៏​គ្មាន​ឈ្មោះ​ជាប់​នៅ​ក្នុង​បម្រា​ម​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​នោះ​ផង​ បែរ​ជា​ភ័យ​ស្លន់ស្លោ​រ​ ប្រកូក​ប្រកាស​មិន​ឱ្យ​អ្នក​ទាំង​នោះ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​វិញ​។

ហេតុ​អ្វី​បាន​ជា​ទណ្ឌិត​ សម រង្ស៊ី​ មិន​ចង់​ឱ្យ​​អតីត​មន្ត្រី​ទាំង​១១៨​នាក់​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​​​វិញ​?​ តើអ្វី​ទៅ​ជា​មូលហេតុ​ដែល​ទណ្ឌិត​ សម រង្ស៊ី​ ព្យាយាម​ភ្ជាប់​ខ្លួន​មក​ជា​មួយ​អ្នក​ទាំង​១១៨​នាក់​​​នោះ​?​​

គេ​នៅចាំបាន​ថា​ ទណ្ឌិត​ សម រង្ស៊ី​ គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​​ដែល​​តុលាការ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទណ្ឌិត​រូប​នេះ​ខិត​ខំ​បង្ហាញ​សកម្មភាព ​ដើម្បី​ភ្ជាប់​ខ្លួន​ឱ្យ​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ទាំង​១១៨​នាក់​នោះ​ផង​ ជាមួយ​លោក គង់ ​គាំ​ ផង ​ជាមួយ​លោក​​ កឹម សុខា​ ផង ​​និងខិត​ខំ​តែង​តាំង​ខ្លួន​ឯង​ជាប្រធាន​ស្តីទី​អតីត​បក្ស​ប្រឆាំង​ដោយ​គ្មាន​សមាជិក​គាំទ្រ​ផង​។​ មិន​តែប៉ុណ្ណោះ ទណ្ឌិត​រូប​នេះ​​​ខិតខំ​ញុះ​ញង់​ឱ្យ​អតីត​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​កុំ​ដាក់​ពាក្យ​ស្នើ​សុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ ប្រយោជន៍​កុំ​ឱ្យ​ខ្លួន​គាត់​ក្លាយ​ទៅ​ជាជន​ឯកោ​។​ ម៉្យាង​ទៀត​ ទណ្ឌិត សម​ រង្សី បាន​ដឹង​យ៉ាង​ច្បាស់​ថា​​ខ្លួន​កំពុង​បាត់​បង់​នូវ​ការ​គាំ​ទ្រ​ពី​អតីត​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ ដូច្នេះ​​ហើយ ​គាត់​មាន​អារម្មណ៍​មិន​នឹង​នរ​ និង​មិនទុក​ចិត្ត​អ្នក​ទាំង​១១៨​នាក់​នោះ​យ៉ាង​ពិតប្រាកដ​​ ហើយកំពុងភិតភ័យ ខ្លាចពួកគេចាកចោ​ល​ខ្លួន​ឲ្យនៅតែលតោលម្នាក់ឯង​ ។

មក​ដល់​ពេល​នេះ​ សេរីភាព​​នៃ​​ការ​​ស្តារ​នីតិសម្បទា​ខាង​​នយោបាយ​​របស់​​អ្នក​​នយោបាយ​​ដែល​ត្រូវ​​បាន​​ហាម​​ឃាត់​​ដោយ​​ច្បាប់​​បាន​​បើក​​ទូលាយ​​ហើយ​​ ទ្វារ​​បាន​​បើក​​ចំហរ​​ហើយ​​ អ្នក​នយោបាយ​ណា​​ចង់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​ អាច​មាន​សិទ្ធិ​ស្នើ​សុំ​បាន​ដោយ​សេរី​​។​ តែ​បើ​អ្នក​ន​យោបាយ​នោះ​មិន​​ចង់​​ទទួល​​បាន​​ទេ​​ក៏​​ជា​​សិទ្ធិ​​របស់​​បុគ្គលម្នាក់​ៗ​​ដែរ​​​។ ដូច្នេះ​រឿង​នេះ​គឺ​ជា​សិទ្ធិ​​របស់បុគ្គល​​ម្នាក់​ៗ​​តែ​​ប៉ុណ្ណោះ​​​​។​

សាធារណៈមតិ​ជាតិ​ និង​អន្តរជាតិ​​​ក៏​អាច​វាយ​តម្លៃ​បានដែរ​​ថា​ ការ​សម្រេច​ចិត្តមិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញរបស់​អតីត​អ្នក​នយោបាយ​ដែល​ត្រូវ​ហាម​ឃាត់​ ​លែង​​ជា​​ការ​ចោទ​ប្រកាន់ចំពោះ​​​​រាជរដ្ឋា​ភិ​បាល​​ថា​ជាអ្នក​រឹត​ត្បិត​ចំពោះ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ចំពោះ​ក្រុម​ប្រឆាំង​ទៀត​ហើយ។​ ការ​មិន​ស្នើ​សុំ​នីតិសម្បទា​ខាង​នយោបាយ​ឡើង​វិញ​របស់​អតីត​អ្នក​នយោបាយ​ប្រ​ឆាំង​ អាច​ជាការ​ឆោត​ល្ងង់​ទៅ​វិញ​ទេ​ ព្រោះ​​ក្រុម​របស់​គេ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំ​ក​សាង​កម្លាំង​គណបក្ស​​ថ្មី​របស់​គេ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​អា​ណត្តិ​ក្រោយ​ៗ​ទៀត​ឡើយ​។​

ជារួម​ អ្វី​ដែល​ទណ្ឌិត​ សម រង្ស៊ី​ ខិត​ខំ​ធ្វើ​សកម្មភាព​នៅ​ពេល​នេះ​គឺ​ដើម្បី​តែ​មហិច្ឆិតា​អំណាច​របស់​ខ្លួន​​​ប៉ុណ្ណោះ​ ព្រោះ​ សម រង្ស៊ី​ ចង់​ធ្វើ​ជានាយក​រដ្ឋ​មន្ត្រី​យូរ​មក​ហើយ​ ប៉ុន្តែ​មហិច្ឆិតា​នេះ​គឺ​បាន​តែ​នៅ​​ក្នុង​ក្តី​​ស្រម៉ៃ​​ និង​ក្នុង​​​ស្រមោល​​តែ​ប៉ុណ្ណោះ​​។​ ការគម្រាម​និង​ចោទ​ប្រកាន់របស់​ទណ្ឌិត​ សម រង្ស៊ី​ ចំពោះ​​​អតីត​​ថ្នាក់​​ដឹក​នាំ​​បក្ស​ប្រឆាំង​ដែលមាន​បំណង​ស្នើ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​​នៅ​ពេល​នេះ​ គឺ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​នៅ​ឯកោ​ និង​ការ​បញ្ចប់​ជី​វិត​​​នយោបាយរបស់​ខ្លួន​យ៉ាង​ប្រាកដ​។​​  ភាព​ឯកោ​របស់​ទណ្ឌិត​ សម​  រង្សី​ នឹង​បង្ហាញ​​ប្រាប់​សាធារណៈ​មតិ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​ តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​និតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ​របស់​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ជាមិន​ខាន​៕​

 ដោយ​៖ សួន​ ចំរើន​​​

ចែករំលែក

បញ្ចេញយោបល់