ថ្ងៃជ័យជម្នះ ៧មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេងសម្រាប់​ ប្រជាជាតិខ្មែរគ្រប់ជំនាន់​ ក៏ដូចមនុស្សជាតិ​ដែលស្នេហាសន្តិភាព ​និងយុត្តិធម៌​

ថ្ងៃព្រហស្បតិ៍ ទី ១០ មករា ២០១៩​
20

សៀមរាប៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ខេត្តសៀមរាប បានរៀបចំប្រារព្ធ ធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០១៩ នៅបរិវេណព្រះអង្គ ក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកឧកញ៉ា លោកស្រីជា សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារ និងគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត គរុសិស្ស កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋ និងវិស័យឯកជនប្រមាណជាង១០ពាន់១៣៤នាក់។

ក្នុងកិច្ចស្វាគមន៍ក្នុងឱកាសនោះដែរ លោក ទៀ សីហា សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានគណៈកម្មាធិការគណ បក្សប្រជាជនខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង អំពីសមិទ្ធិផលដែលរាជរដ្ឋាភិបាល សម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤០ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យ ជម្នះ៧មករា បានកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតបទៅតាមសំណូមពរ និងបំណង ប្រាថ្នារបស់ប្រជាជជន។

ក្នុងនោះដែរ លោក ទៀ បាញ់ បានថ្លែងថា ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងអាយុជីវិតប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីរយៈពេល៤០ឆ្នាំបានកន្លងទៅហើយ នោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេងសម្រាប់ ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើ ពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ទៀតថា កន្លងទៅថ្មីៗនេះ កម្ពុជាយើងទើបបានសម្ពោធវិមានឈ្នះឈ្នះ ដែលជាខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ។

ស្របគ្នានេះដែរ លោក ទៀ បាញ់ បានបន្តទៀតថា រយៈពេល ៤០ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិច បំផ្លាញខ្ទេចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និងបានកំពុងបោះជំហាន យ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ថ្វីបើយើងបានកំពុងរស់នៅយ៉ាងសុខសាន្ត និងមានមោទនៈភាព ចំពោះសមិទ្ធិផលលើគ្រប់វិស័យ ដែលយើងសម្រេចបានមកដល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ ខ្លោចផ្សាពីអតីតកាល ដែលធ្វើឲ្យ ប្រជាជាតិ យើងស្ទើរតែត្រូវវិនាសសូន្យ។

ស្មារតីជ័យជម្នះ៧មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាន នៃការគួបផំ្សយ៉ាង ស្អិតរមួត រវាងកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដូចនេះត្រូវបន្តទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ ហើយត្រូវបានចាត់ទុកជានិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជា។

បន្ថែមពីនោះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានអំពាវនាវដល់ជន រួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរ គុណដល់ជនរួមជាតិ ដែលបានគាំទ្រគណបក្សប្រជាជនរយៈពេល៤០ឆ្នាំមកនេះ។ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែង ដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្តថែមទៀត៕

 

ចែករំលែក

បញ្ចេញយោបល់