ទស្សនៈមិត្តអ្នកអាន៖ មេក្លោងបង្កអំពើហឹង្សានៅផ្លូវវេងស្រេង មិនអាចគេច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​

7

ប៉ុន្មានថ្ងៃនេះប្រព័ន្ធឃោសនារបស់បរទេសដែលផ្សាយជាភាសាខ្មែរ ហើយដែលនរណាក៏ដឹងដែរថាជា​ចៅហ្វាយរបស់ក្រុមប្រឆាំងនៅកម្ពុជា បានខិតខំផ្សាយឆ្កិះរំលឹកអំពីអំពើហឹង្សានៅផ្លូវ វេង ស្រេង កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៤  ដែលបង្កឡើងដោយការញុះញង់របស់ សម រង្ស៊ី និងក្រុមប្រឆាំង ដើម្បីដុតកំហឹងយុវជនសារជាថ្មីទៀត ឱ្យស្អប់រដ្ឋអំណាចដែលការពិត រឿងនេះ​គឺជាឧបាយកលរបស់​អតីតបក្សប្រឆាំង ក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើកម្លាំងបដិវត្តន៍ប្រជាជនដូច​នៅ​បណ្តាប្រទេសអារ៉ាប់ដូច្នោះដែរ។ គេនៅចាំបានថា អំពើហឹង្សានោះ បានធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញ នាំឱ្យប្រជាពលរដ្ឋភ័យរន្ធត់ រហូតដល់មានការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន និងឈានដល់មានការស្លាប់ និងរបួស ដល់យុវជនដែលជឿតាមការញុះញង់របស់មេក្លោងបាតុកម្មគឺ សម រង្ស៊ី និងបក្ខពួករបស់គាត់​ទៀតផង។ មកដល់ចំណុចនេះ ក្រុមប្រឆាំង និងប្រព័ន្ធឃោសនារបស់គេបានខិតខំបំភ្លៃការពិត ដោយផ្សព្វផ្សាយថា ព្រឹត្តិការណ៍ហឹង្សា ដែលឈានដល់ក្លាយជាចលនាកុប្បកម្មនៅផ្លូវវេងស្រេង​នោះ ជាការសម្តែងមតិ និងជាការតវ៉ាអហឹង្សាទៅវិញ។ តើអ្វីទៅជាការសម្តែងមតិអហឹង្សា? ហើយតើអ្វីទៅជាការ​តវ៉ាដោយអំពើហឹង្សា និងជាចលនាកុប្បកម្ម?

ការសម្តែងមតិដោយអហឹង្សា គឺជាកាយវិការបង្ហាញពីការចង់បានរបស់បុគ្គល ឬក្រុមណាមួយ នៅទីតាំងមួយមានរយៈពេលកំណត់ច្បាស់លាស់ ដោយមិនបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធិពលរដ្ឋដ៏ទៃទៀត ដោយ​ការសរសេរពាក្យស្លោក និងការស្រែកទាមទារ ដោយមានសណ្តាប់ធ្នាប់។ ផ្ទុយទៅវិញ ការតវ៉ាដែលមាន​អ្នកនយោបាយជាមេក្លោងដឹកមុខកាលនោះ គឺ សម រង្ស៊ី ផ្ទាល់តែម្តងដែលបានចុះទៅញុះញង់កម្មករនៅមុខ​រោ​ងចក្រឱ្យឈប់ធ្វើការ ហើយចេញមកធ្វើបាតុកម្ម វាយរំលំទ្វាររោងចក្រ ដែលជាទ្រព្យសម្បត្តិឯកជនរបស់គេ និងបិទផ្លូវសាធារណៈ ដុតកង់ឡាន។ តើជាការសម្តែងមតិដោយអហឹង្សាឬ? ការប្រកាសជាចំហរដោយ ហូរ វ៉ាន់ ឱ្យយុវជនបិទផ្លូវនៅតំបន់សួនឧស្សាហកម្ម ផ្លូវវេងស្រេង និងការប្រើចំពាមកៅស៊ូគ្រាប់ដែក ដបសាំង និងគ្រាប់ឃ្លី បាញ់ទៅលើសមត្ថកិច្ច ព្រមទាំងការប្រើ​ដំបងដែកវាយទៅលើសមត្ថកិច្ច តើវាជាការសម្តែងមតិ​ដោយ​អហឹង្សា ឬជាការតវ៉ាដោយអំពើហឹង្សា? សកម្មភាពទាំងនេះ គឺពិតប្រាកដណាស់ ជាអំពើហឹង្សាដែលចាំ​បាច់​រដ្ឋអំណាចត្រូវឆ្លើយតបវិញដោយវិធានការណ៍ច្បាប់។

ប្រការដែលអាចបញ្ជាក់ច្បាស់ជាងនេះពីចេតនាអាក្រក់បំផុតរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនៅពេលនោះ គឺការញុះញង់ ឱ្យក្រុមបាតុករឈានទៅ​អនុវត្តនូវចលនាកុប្បកម្មតែម្តង តាមរយៈការប្រើប្រាស់គ្រាប់បែកដបសាំង (Molotov Cock-tail ) និងដាវសាម៉ូរៃ ជាអាវុធប្រឆាំងតប​ជាមួយសមត្ថកិច្ច ដែលសកម្មភាពនេះ គឺដូចគ្នាបេះបិទ ទៅ និងចលនាបដិវត្តន៍ពណ៌ នៅពិភពអារ៉ាប់ដូច្នោះដែរ។ តើសកម្មភាពបែបនេះឬ ដែលក្រុមប្រឆាំង និងប្រព័ន្ធឃោសនាបរទេសផ្សាយជាភាសាខ្មែរចាត់ទុកថាជា ការសម្តែងមតិដោយអហឹង្សា​នោះ?

ការធ្វើកុប្បកម្មដ៏ហឹង្សា​នេះបានកើតឡើងនៅពាក់កណ្តាលអាធ្រាត្រ​ដែលមិនមែនជាករណី​ធម្មតានៃការធ្វើ​បាតុកម្មតវ៉ាដោយអហិង្សា របស់កម្មករនិយោជិតឡើយ តែវាជាការរៀបគម្រោងការដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតទៅវិញទេ។

ក្នុងកុប្បកម្មហឹង្សា​នាពេល​នោះ ក្រុមអ្នកតវ៉ាបានព្យាយាម​ប្រើដំបង គប់ដុំថ្ម និងដបសាំងទៅលើ សមត្ថកិច្ចយ៉ាងសាហាវ។ ដោយមើលឃើញពីសភាពមិនធម្មតានេះ អាជ្ញា​ធរមានសមត្ថកិច្ចក៏បានធ្វើការបង្រ្កាប​រហូតរំលាយកុប្បកម្ម ដែលមានឧបាយកលទុច្ចរិតនេះបានជាស្ថាពរ។ រៀងរាល់លើក សម រង្ស៊ី មិនថានៅក្រៅ ឬក្នុងប្រទេសឡើយ ជនល្មោភអំណាចម្នាក់នេះតែងតែញុះញង់ឱ្យប្រជាពលរដ្ឋ ពិសេស​យុវជន​បង្កចលាចល​ក្រោមលេសនៃ​ការសម្តែងមតិ ប៉ុន្តែក្រោយពេលមានសោកនាដកម្មដល់ពលរដ្ឋ ទណ្ឌិតរូបនេះមិនដែល​ទទួលកំហុសពីទង្វើរបស់ខ្លួនម្តងណាឡើយ ។

ជារួម ការចាត់វិធានការណ៌ទប់ស្កាត់អំពើកុប្បកម្មនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤ បានទាន់ពេលវេលា គឺជាភ័ពសំណាងខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះថាក្រោយការបែកធ្លាយវីដេអូសារភាពរបស់ កឹម សុខា អំពីផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាលទើបយើងមើលឃើញកាន់តែច្បាស់អំពីគោលបំណងនៃការ​ធ្វើកុប្បកម្មនៅ​ផ្លូវវេង​ស្រេង កាលពីពេលនោះ គឺជាឈ្នួនបំផ្ទុះភ្លើងសង្គ្រាមដណ្តើមអំណាចរបស់ក្រុមប្រឆាំង​ដោយប្រើកម្លាំងប្រជាជនដូចនៅប្រទេស ទុយនេស៊ី ស៊ែប៊ី អញ្ចឹងដែរ។ រាជរដ្ឋាភិបាលស្របច្បាប់មានកាតព្វ​កិច្ចពេញលេញក្នុងការថែរក្សា និងការពារដាច់ខាតនូវសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ដូច្នេះ ស្ថាប័នច្បាប់នឹងមិនអនុញ្ញាតឱ្យមេក្លោងរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជារួចផុតពីសំណាញ់ច្បាប់ឡើយ។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន និងក្រុមគ្រួសារជនរងគ្រោះ នៅតែទាមទារឱ្យមាន​ការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិតខណៈទ្រព្យសម្បត្តិសាធារណៈ ជាច្រើនត្រូវបានខូចខាត​ដោយគ្មានសំណង។ ដូច្នេះ ច្បាប់នឹងមិនអត់ឱនឱ្យមេក្លោងដែលញុះញង់ឱ្យមានអំពើកុប្បកម្មនេះឡើយ​ហើយ​​នរណាក៏ដឹងដែរថា​មេក្លោងដែលបង្កឱ្យមានសោកនាដកម្មនៅផ្លូវវេងស្រេង នាពេលនោះ គឺ សម រង្ស៊ី និង កឹម សុខា នេះ ឯង ៕

ដោយ៖ សួន ចំរើន

ចែករំលែក

បញ្ចេញយោបល់