ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ ២)

ថ្ងៃព្រហស្បតិ៍ ទី ២៧ ធ្នូ ២០១៨​
77

ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្កឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសា
ធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិមប្រទេសទាំងអយុត្តិធម៌។

នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូតដើម្បីសម្រេចនូវដំណោះស្រាយនយោបាយមួយឈរលើលក្ខខណ្ឌពីរ។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការអត់ខ្លួនស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមនិងលក្ខខណ្ឌ ទី២ គឺរក្សាសមិទ្ធផលសង្គម ដែលសម្រេចបាន ការកសាងសន្តិភាព។ បន្ទាប់មកពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ជាដំណាក់កាលវាយប្រយុទ្ធផង ចរចាផង គឺក្នុងដំណាក់កាលកម្ពុជា មានសង្គ្រាមផង និងមានសន្តិភាពផង។ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលកសាងសន្តិភាពតាមកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែកពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ គឺជាដំណាក់កាលសន្តិភាពផង និងសង្គ្រាមផងដោយសារតែខ្មែរក្រហមប្រដាប់អាវុធនៅតែបន្តចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លបបំផ្លាញកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវយុទ្ធសាស្ត្រឌីហ្វីដ ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធានខ្មែរក្រហម។ យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះ ធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរ​និងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។
យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។ យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះកាន់តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហមបានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។

​យុទ្ធសាស្ត្រឌីហ្វីដបានឈានដល់ដំណាក់កាលថ្មីមួយទៀត នៅពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មីស្របច្បាប់ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត និងទទួលបាននូវការស្វាគមន៍ និងធ្វើកិច្ចសហប្រតិបត្តិការពីប្រទេសនានានៅលើសកលលោក។ ក្រុមខ្មែរក្រហមកាន់តែកាន់តែឯកោ បាត់បង់ការគាំទ្រពី សហគមន៍អន្តរជាតិទាំងស្រុង រួមទាំងអតីតសម្ព័ន្ធមិត្ររបស់ខ្លួនគឺហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ដែលបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះបង្រួបបង្រួមជាតិ។ សម្តេចតេ ជោហ៊ុនសែនបានបោះជំហានមួយដំណាក់ទៀតលើការអនុវត្តយុទ្ធសាស្ត្រឌីហ្វីក្នុងផ្នែកបញ្ចប់ (Finish)។ នៅខែកក្កដា ឆ្នាំ ១៩៩៤ ច្បាប់ស្តីពីការដាក់ខ្មែរក្រហមនៅក្រៅច្បាប់ត្រូវបានអនុម័តឱ្យប្រើប្រាស់ គឺជាការឈានទៅបញ្ចប់ក្រុមខ្មែរក្រហមដែលជាឧទ្ទាមប្រដាប់អាវុធខុសច្បាប់។

នៅចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ចុងឆ្នាំ ១៩៩៥ ជាការអនុវត្តយុទ្ធសាស្ត្របញ្ចប់ក្រុមខ្មែរក្រហម ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឱ្យ មានការបែងចែកទឹកដីកម្ពុជាឡើយ។ តាមរយៈមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ ​និងច្បាប់ ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ យុទ្ធសាស្ត្របញ្ចប់ត្រូវបានអនុវត្តយ៉ាងពេញទំហឹង តាមរយៈការបើកសមរភូមិ ប្រយុទ្ធប្រឆាំងទៅនឹងការកាន់កាប់ទឹកដីខុសច្បាប់ដោយក្រុមខ្មែរក្រហមនៅតំបន់មួយចំនួនដែលជាទីតាំង បង្អែកសេសសល់ចុងក្រោយរបស់ពួកគេ។

យុទ្ធនាការយោធាននេះបានធ្វើឱ្យកម្លាំងរបស់ក្រុមខ្មែរក្រហម ចុះខ្សោយ និងធ្វើឱ្យក្រុមខ្មែរក្រហមកាន់តែមានភាពបែកបាក់ផ្ទៃក្នុង។ ម្យ៉ាងទៀតភាពឯកោ និងការមិនមានជំនួយថវិកា និងយោធា ព្រមទាំងតំបន់មួយចំនួនដែលអាចផ្តល់លទ្ធភាពទ្រទ្រង់សកម្មភាពរបស់ខ្លួន ត្រូវបានហ៊ុមព័ទ្ធផងដែរ។

​តើមូលហេតុអ្វីដែលនាំឱ្យមាននយោបាយឈ្នះឈ្នះ? យោងតាមការវិភាគ និងការសិក្សាស្រាវជ្រាវ នយោបាយ ឈ្នះ-ឈ្នះដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីបានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្របំបែក ធ្វើឱ្យឯកោ និងបញ្ចប់ ហើយនយោបាយឈ្នះ-ឈ្នះ ទំនងកើតចេញពីយុទ្ធសាស្ត្រពីររួមបញ្ចូលគ្នាគឺ «ធ្វើសមាហរណកម្ម (Integrate) និងអភិវឌ្ឍ (Develop)។ ការសម្រេចដាក់ចុះនយោ បាយឈ្នះៗនេះគឺដើម្បីដោះស្រាយវិបត្តិនៅកម្ពុជាដែលកើតឡើងជាច្រើនទសវត្សរ៍មកហើយ និងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និបាតបូកសរុបការងារនៅក្រសួងការពារជាតិនៅចុងឆ្នាំ ១៩៩៥ ថា៖ «តើយើងត្រូវពន្លត់ភ្លើង ឬអង្គុយបក់ផ្សែង?»។ នយោបាយឈ្នះ-ឈ្នះដែលជាការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលចុងក្រោយនៃយុទ្ធសាស្ត្រឌីហ្វីដពន្លត់ភ្លើងមិនអង្គុយបក់ផ្សែង ពោលគឺត្រូវរំលាយអង្គការចាត់តាំង និងយោធារបស់ខ្មែរក្រហមឱ្យខាងតែបាន មានគោលការណ៍ ៣ សំខាន់៖

ទី១) ធានារូបកាយនិងអាយុជីវិត៖ ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារបងប្អូនខ្មែរក្រហមដែលស្ម័គ្រចិត្តទម្លាក់អាវុធចូលរួម ធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មករួមរស់ក្នុងសង្គមជាតិវិញបន្ទាប់ពីបានចាញ់ឧបាយកលបោកប្រាស់ របស់ក្រុមមេដឹកនាំខ្មែរក្រហម។ ចំណុចនេះគឺធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់អ្នកដែលបានផ្តាចខ្លួនចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល។ ចំណុចនេះជាចំណុចសំខាន់ណាស់ ប្រសិនបើមិនធានាដល់បងប្អូនខ្មែរក្រហមនូវបញ្ហានេះទេ តើនរណាសុខចិត្តចូលមករួមរស់ជាមួយរដ្ឋាភិបាល នៅពេលយើងធ្លាប់ជាគូបក្ខដិបក្ខ ហើយក្រុមមេដឹកនាំខ្មែរក្រហមបានឃោសនាអកុសលថា ប្រសិនបើចូលមកក្នុងរដ្ឋាភិបាលនឹងត្រូវចាប់ដាក់គុក ឬសម្លាប់ចោលនោះ។ ប្រសិនបើគ្មានការធានានេះទេ នោះការប្រយុទ្ធបង្ហូរឈាមនៅតែបន្តកើតមាន។

ទី២) ការធានាអាជីព និងមុខរបរ៖ ធានាអាជីព និងមុខរបរឱ្យអ្នកផ្តាច់ខ្លួន ប្រសិនបើធ្វើជាទាហានគឺបន្តធ្វើទាហានទៀតទៅ និងនរណាធ្លាប់ធ្វើអ្វី ក៏ធ្វើនោះចុះ។ ការធានាខាងសុវត្ថិភាពខាងអាជីពដោយផ្តល់ជូនដល់បងប្អូនខ្មែរក្រហមដែលវិលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញនូវសកម្មភាពស្របច្បាប់ក្នុងការបន្តមុខរបរ អាជីព តួនាទី ឋានន្តរស័ក្តិ និងការរកស៊ីចិញ្ចឹមជីវិតរបស់ប្អូនដែលធ្លាប់មានពីមុនមក។

ទី៣) ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ៖ ធានាសុវត្ថិភាពផ្នែកកម្ម សិទ្ធិដែលបងប្អូនខ្មែរក្រហមធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ។

​ការដាក់ចុះនូវគោលនយោបាយ ឈ្នះ-ឈ្នះ នេះនៅអំឡុងដើមឆ្នាំ ១៩៩៦ ដោយសារតែ៖

១៖ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់ដែលចំណាយថវិកាជាង ២ ពាន់លានដុល្លារ និងកម្លាំងកងកងទ័ពមួកខៀវ និងមន្ត្រីស៊ីវិលរាប់ម៉ឺននាក់ មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ចាកចេញពីប្រទេសកម្ពុជា បានបន្សល់ទុកឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងបន្តសង្គ្រាមគ្មានទីបញ្ចប់។ អ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជាទេ។ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បានគឺមានសន្តិភាព ក្នុងនោះរួមមានការរំសាយកងទ័ពរបស់ភាគីទាំងអស់ចំនួន ៧០% ក្នុងម្នាក់ៗ ប៉ុន្តែការរំសាយកងទ័ពមិនមានឡើយ។ ខ្មែរក្រហមបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថែមទៀត ប៉ុន្តែអ៊ុនតាក់បានប្រកាសក្តែងៗថាទទួលបានជោគជ័យ។ ដូច្នេះសង្គ្រាមនៅកម្ពុជាមិនបានបញ្ចប់នោះទេ។

២៖ ទឹកចិត្តរបស់បងប្អូនខ្មែរក្រហមមិនចង់ធ្វើសង្គ្រាមបន្តទៅទៀតឡើយ ក្នុងពេលដែលមេដឹកនាំចចេសរឹងរូសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាព មិនចូលរួមក្នុងការបោះឆ្នោតដែលនេះ គឺជាកំហុសយុទ្ធសាស្ត្រដែលនាំដល់ការរលំរលាយនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ កងទ័ពខ្មែរក្រហមថ្នាក់ភូមិភាគ ថ្នាក់តំបន់និងថ្នាក់ក្រោមគឺមិនចង់បន្តសង្គ្រាមទេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏បានសិក្សាផងដែរថា បងប្អូនអតីតខ្មែរក្រហមខ្លះពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមមិនដឹងថាបងប្អូនកូនចៅរបស់ខ្លួនត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមឡើយ។ ពួកគាត់មិនអាចដកខ្លួនរួច ហើយពួកគេក៏ចង់ចូលរួមក្នុងដំណើរការបទឈប់បាញ់គ្នានេះដែរ។

៣៖ ជាមួយការបន្តសង្គ្រាមប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ខ្មែរក្រហមបន្តនយោបាយបោសសម្អាតផ្ទៃក្នុងរបស់ខ្លួន ដោយធ្វើការកាប់សម្លាប់គ្មានរើសមុខដែលនេះប្រៀបបានដូចជាយកដុំថ្មទៅទម្លាក់លើជើងខ្លួនឯង និងជួយដល់ការវាយលុករបស់ «នយោបាយឈ្នះ-ឈ្នះ» ដើម្បីសម្លាប់«នយោបាយច្រែះស៊ីដែក» របស់ខ្មែរក្រហម។ ការកាប់សម្លាប់កម្មាភិបាលខ្មែរក្រហមនេះហើយ ដែលធ្វើឱ្យនយោបាយផ្ទៃក្នុងរបស់ខ្មែរក្រហមបែកបាក់ ហើយ នយោបាយឈ្នះ-ឈ្នះ បានវាយលុកចំទិសដៅ។

៤៖ ប្រទេសក្រៅមួយចំនួនតូចដែលគាំទ្រខ្មែរក្រហម ក៏បានឈប់គាំទ្រខ្មែរក្រហមបន្តទៅទៀត សកម្មភាពការទូតរបស់រាជរដ្ឋាភិបាល ជាមួយនឹងបណ្តាប្រទេសដែលធ្លាប់តែគាំទ្រខ្មែរក្រហម គឺជាសារនយោបាយបំបាក់ស្មារតីមួយយ៉ាងមានប្រសិទ្ធភាព និងសម្រាប់ការថ្លឺងថ្លែងរបស់បងប្អូននៅក្នុងជួរចលនាខ្មែរក្រហម។

មូលហេតុទាំងបួននេះ បាននាំឱ្យឈានដល់សភាពការណ៍ទុំជោរដែលសម្តេចតេជោ ហ៊ុន សែន ត្រូវដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។ គោលដៅលើកនេះមិនមែនត្រឹមតែ ឈ្នះសមរភូមិទេ ប៉ុន្តែជាការឈ្នះសង្គ្រាមទាំងមូលតែម្តង។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា មានគោលដៅចម្បងបីនៅក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ គឺទី១-គោលដៅបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ទី២-ឯកភាពជាតិ ឯកភាពទឹកដី និង ៣-ប្រមូលផ្តុំគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញាដើម្បីកសាងប្រទេសឡើងវិញ៕

សូមរង់ចាំអានអត្ថបទវគ្គ ៣ បន្តទៀតដែលនឹងបរិយាយពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះឈ្នះ និងប្រតិបត្តិករសំខាន់ៗនៃនយោបាយឈ្នះ-ឈ្នះ

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

បញ្ចេញយោបល់