អាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់​សិស្សានុសិស្ស​អំពីការអប់រំ​បេតិកភណ្ឌដល់កុមារ​ និងជំរុញការ​យល់ដឹង​ផ្នែកវប្បធម៌​

ថ្ងៃពុធ ទី ១២ ធ្នូ ២០១៨​
24

ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

មេរៀនសំខាន់ៗនៅក្នុងកម្មវិធីនិយាយអំពីប្រវត្តិ និងភូមិសាស្ត្រនៃភូមិស្វាយចេក តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ និងការអប់រំបរិស្ថាន ដែលបង្រៀនដោយអ្នកជំនាញបុរាណវិទ្យា និងអ្នកជំនាញបរិស្ថាន មានលក្ខណៈសាមញ្ញ ខ្លីៗ ងាយយល់ និងងាយអនុវត្តតាមសមស្របតាមកម្រិតថ្នាក់ រួមទាំងការយល់ដឹងរបស់កុមារ។ លើសពីនេះ ក្រុមការងារក៏បានយកសៀវភៅពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ បំនិនថ្មីៗរក្សាទុកក្នុងបណ្ណាល័យរបស់សាលា សម្រាប់សិស្សអានបង្កើនចំណេះដឹង និងកម្សាន្តផងដែរ។

ថ្លែងក្នុងកម្មវិធីនោះ លោកស្រី ញ៉េប សាយឿន នាយិកាសាលាបឋមសិក្សាស្វាយចេក បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតកម្មវិធីដ៏មានសារៈសំខាន់នេះឡើង បើទោះបីមានរយៈពេលខ្លី តែបានបន្ថែមចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងជំនឿអ្នកស្រុកដល់កុមារនៅទីនេះបានស្គាល់ ហើយអាចសង្កេតបានពេលគេទៅចូលរួមក្នុងកម្មវិធីទាំងនោះ។

លោកស្រីបានបន្ថែមទៀតថា ការអប់រំបេតិកភណ្ឌដល់កុមារ ជំរុញការយល់ដឹង ការស្រឡាញ់មរតកវប្បធម៌ក្នុងភូមិ ដែលកត្តានេះទាមទារការជួយពីសហគមន៍ និងអ្នកជំនាញបុរាណវិទ្យាបន្ថែមលើម៉ោងសិក្សា ព្រោះកម្មវិធីអប់រំអនុវត្តតាមក្រសួងកំណត់ មិនសូវមានពេលវេលាច្រើន ចំណែកសមត្ថភាពរបស់លោកគ្រូអ្នកគ្រូក៏នៅមានកម្រិត មិនសូវយល់ច្បាស់ដូចអ្នកជំនាញដែលមានការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។ ពិសេស ការនៅបន្តទំនៀមរបស់អ្នកស្រុកក្នុងសហគមន៍ ការណែនាំពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ការគាំទ្រពីគ្រួសារ ក៏ជាកត្តាសំខាន់ក្នុងការឱ្យកុមារចងចាំ ស្គាល់ បានឃើញ និងបណ្តុះគំនិតពួកគេឱ្យថែរក្សា និងស្រឡាញ់មរតកវប្បធម៌ទាំងនោះដោយឯកឯងដែរ៕

បញ្ចេញយោបល់