អភិបាលរងខេត្តប៉ៃលិន៖ អត្រាឆ្លងមេរោគអេដស៍បានថយចុះពី ២% ក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម ០.៦% ក្នុងឆ្នាំ២០១៣

ថ្ងៃសៅរ៍ ទី ៨ ធ្នូ ២០១៨​
17

នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ អភិបាលរងខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៏១ធ្នូ ២០១៨ ក្រោមប្រធានបទ (យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥) ស្ថិតក្រោមអធិបតីភាពលោក ហែម ឫទ្ធី អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត អភិបាលរងក្រុង/ស្រុក លោក លោកស្រីតំណាងអោយអង្គការគ្រប់ស្ថាប័ន កងកំលាំងប្រដាប់គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបំផុសគំនិត និងពន្យល់ណែនាំ អំពីជំងឺអេដស៍ ឱ្យចេះការពារ ទប់ស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យ ១០០% ដើម្បីជៀសវាងការចម្លងជំងឺអេដស៍ ហើយបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០១៥។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សព្វថ្ងៃនេះស្ថានភាពរីករាលដាលនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាមានការថយចុះបានឈានដល់ដំណាក់កាលមួយ គឺអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនពេញវ័យចាប់ពីអាយុ ១៥-៤៥ឆ្នាំ ហើយបើតាមការអង្កេតឈាម អត្រាឆ្លងរាលដាលបានថយចុះពី ២% ក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម ០.៨% ក្នុងឆ្នាំ២០១០ និង០.៦%ក្នុងឆ្នាំ២០១៣។

នៅក្នុងឱកាសនោះផងដែរ លោក ហែម ឬទ្ធី ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំរើសអើងអ្នកកើតជំងឺអេដស៍ ផ្ទុកមេរោគអេដស៍ ព្រោះថា ជំងឺអេដស៍មិនឆ្លងតាមការមើលឃើញ រឺការរស់នៅជាមួយគ្នានោះទេ គឺវាឆ្លងតាមរយៈការរួមភេទ និងប្រើប្រាស់វត្ថុមុតស្រួច ឬសារាំងរួមគ្នាតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៨នេះ គឺយើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងការធ្វើអោយសំរេចបាន នូវការទទួលសេវាជាសាកល របស់អង្គការសហប្រជាជាតិ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ជំងឺអេដស៍ ជាជំងឺមួយដែលពុំទាន់មានឱសថការពារ និងព្យាបាលឱ្យជាសេះស្បើយនៅឡើយទេ ហើយជំងឺនេះបាននិងកំពុងរីករាលដាល និងបណ្តាលអោយមានគ្រោះថ្នាក់បំផុតសំរាប់បុគ្គល គ្រួសារ សហគមន៍ សង្គមជាតិ ក៏ដូចជាពិពភលោកទាំងមូល ជាពិសេសផលវិបាកនៃជំងឺនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ៍ន៍ប្រទេសជាតិ តាមការរយៈការបាត់បង់នូវធនធានមនុស្សនិងសេដ្ឋកិច្ចសង្គមផងដែរ។

បើតាមរបាយការណ៍របស់លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា នៅខេត្តប៉ៃលិន បើផ្អែកតាមការធ្វើតេស្តឈាមរកមេរោគអេដស៏ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់ដោយជួសឈាមចុងម្រាមដៃបានបង្ហាញថា ត្រឹម៣ត្រីមាស ឆ្នាំ២០១៨ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមចំនួន ៣៣៤៤នាក់ មានអ្នកផ្ទុកមេរោគអេដស៏ចំនួន ២០នាក់ គិតជាភាគរយស្មើនឹង ០.៦% ក្នុងនោះស្រ្តីមានផ្ទៃពោះបានធ្វើតេស្តឈាម លើកទី០១ បានចំនួន ១០០% មានផ្ទុកមេរោគអេដស៏ចំនួន ០.០១% ក្នុងចំណោមទារកប្រឈមដែលកើតពីម្តាយផ្ទុកមេរោគអេដស៍ចំនួន ១០០នាក់ និងមានសេវាព្យាបាលជំងឺឱកាសនិយម ព្រមទាំងឱសថប្រឆាំងមេរោគអេដស៍ដែលទទួលអ្នកជំងឺសកម្ម មកដល់ត្រីមាសទី៣ ឆ្នាំ២០១៨ អត្រាស្លាប់ចំនួន ១.២% និងអត្រាបោះបង់មានចំនួន ២.២% ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០១៨៕

បញ្ចេញយោបល់