ទេសរដ្ឋមន្ត្រីក្រសួងផែនការ ប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាប្រមាណ២៦៦៨ប័ណ្ណ

4

លោកទេសរដ្ឋមន្រ្ដី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្ត របបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងផែនការ ប្រមាណ ២៦៦៨ប័ណ្ណ ក្នុងក្របខណ្ឌក្រសួងផែនការទូទាំងប្រទេស ដោយមានការចូលរួមពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រី ជាប្រធានមន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងផែនការ សរុបប្រមាណ៥០០នាក់ចូលរួមផងដែរ ។

លោក អ៊ុក សមវិទ្យា បានគូសបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម​(ប.ស.ស)គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយណាដូចមានចែងក្នុងព្រះរាជក្រឹត្យ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា នេះជាការគិតគូរយកចិត្តទុកដាក់បំផុត របស់ប្រមុខរាជរដ្ឋាភិបាកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការយើងទាំងអស់ ដែលជានិយោជិតរបស់រដ្ឋ ហើយក៏ជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើន ប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនមន្ត្រីរាជការយើង ហើយអត្ថប្រយោជន៍ជាច្រើន នឹងត្រូវបានផ្តល់ជូនបងប្អូនមន្ត្រីរាជការយើងទូទៅ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)នេះ។

លោកទេសរដ្ឋមន្ត្រី ក៍បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការយើងទាំងអស់ សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ខិតខំប្រឹងប្រែងធ្វើការ គោរពច្បាប់រដ្ឋ ជាពិសេសចូលរួមថែរក្សាសន្តិភាពរបស់យើងដែលកំពុងតែមាននេះ អោយបានស្ថិតស្ថេរ ដើម្បីបន្តការអភិវឌ្ឍ រីកចម្រើនរុងរឿងជានិច្ចនិរន្តន៍ ៕


ចែករំលែក

បញ្ចេញយោបល់