បទអត្ថាធិប្បាយ៖ សង្រ្គាមដណ្តើមខ្មោចអតីតបក្សសង្រ្គោះជាតិកំពុងចាប់ផ្តើមបែកបាក់

12

ចាប់តាំងពីថ្ងៃប្រកាសធ្វើសន្និសីទពិភពលោក នៅអាត្លង់តា សហរដ្ឋអាមេរិក ថ្ងៃទី០១ និងទី០២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ រហូតដល់ថ្ងៃបញ្ចប់សន្និសីទ ពិតជាបានបង្ហាញឱ្យឃើញនូវសញ្ញាបែកបាក់គ្នាជាច្រើនក្នុងចំណោមអ្នកគាំទ្រ និងអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិឯនាយសមុទ្រផង និងពីក្នុងប្រទេសផង ជាព្រឹត្តិការណ៍វិវត្តន៍ចុងក្រោយមួយ ដែលមហាជនទូទៅមើលឃើញថា ជាសង្រ្គាមដណ្តើមខ្មោចបក្សសង្រ្គោះជាតិមកគ្រប់គ្រងរៀងៗខ្លួន។ ការជំនះធ្វើសន្និសីទពិភពលោកនេះ បានសម្រេចលើកទណ្ឌិត សម រង្ស៊ី ឱ្យក្លាយជាប្រធានស្តីទីនៃខ្មោចបក្សសង្រោ្គះជាតិដែលតុលាការកំពូលបានសម្រេចរំលាយចោលកាលពីឆ្នាំ២០១៧កន្លងទៅ ហើយក៏ជាបុព្វហេតុថ្មីមួយទៀត ដែលបាននិងកំពុងជំរុញឱ្យមានផ្ទុះប្រតិកម្មពីក្រុម កឹម សុខានិយម ពីគ្រប់ទិសទីទាំងអស់។ តើមានកត្តាអ្វីខ្លះដែលនាំឱ្យក្រុមទាំងពីរនេះ ឈានទៅដល់ការបែកបាក់ និងជំទាស់ទៅនឹងការធ្វើសន្និសីទនៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក ពិសេសការទាត់ចោលទាំងស្រុងនៃលទ្ធផលអង្គសន្និសីទនេះ?

នៅក្នុងកែវភ្នែកមហាជន សម្រាប់ព្រឹត្តិការណ៍នៅអាត្លង់តា សហរដ្ឋអាមេរិកនេះ គឺជាការប្រហារជីវិត និងដុតកំទេចខ្មោចបក្សសង្រ្គោះជាតិឱ្យទៅជាផេះដោយលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្ររបស់គាត់ យ៉ាង​ប្រាកដ។ ព្រោះក្នុងអង្គសន្និសីទនោះទាំងមូល គឺគ្មានការចូលរួមរបស់ក្រុម កឹម សុខាឡើយ ហើយលទ្ធផលនៃអង្គសន្និសីទ ក៏ជាដើមហេតុចម្បងនាំទៅរកការបែបបាក់ដ៏ធ្ងន់ធ្ងរជៀសមិនផុត។ ជាការពិតសញ្ញានៃការបែកបាក់ បាននិងកំពុង ផ្ទុះចេញពីក្រុមអ្នកគាំទ្រលោក កឹម សុខា  និងក្រុម សម រង្ស៊ី ដែលមហាជនមើលឃើញថា ជាការវិវត្តមួយថ្មី ជុំវិញជំងឺតួរឯក ការមិនជឿទុកចិត្តគ្នា ការលាបពណ៍គ្នា។ល។

ជាការពិតសញ្ញានៃការបែកបាក់ដំបូងគឺផ្តើមចេញពីលោក សម រង្ស៊ី ដែលបានបង្កើតចលនាសង្រ្គោះ​ជាតិជំនួសឱ្យយន្តការគណបក្សសង្រ្គោះជាតិ ហើយនឹងលេចមុខមាត់របស់ កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា នឹងអ្នកគាំទ្រលោក កឹម សុខាមួយចំនួនលើទឹកដីអាមេរិកកន្លងទៅ ក៏សុទ្ធសឹងជាជំងឺតួរឯក។ តាមពិត​ លោក សម រង្ស៊ី បានបង្កើតចលនាសង្រ្គោះជាតិនេះឡើង ដើម្បីដណ្តើមតួរនាទីធ្វើជាមេដឹកនាំ ហើយក៏ដើម្បីសុំជំនួយពីបរទេសក្នុងគោលដៅមហិច្ចតារបស់ខ្លួនផ្ទាល់ និងអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយទាត់ចោលនូវក្រុមកញ្ញា កឹម មនោវិទ្យា និងអតីតថ្នាក់ដឹកនាំជាច្រើទៀតដែលគាំទ្រលោក កឹម សុខា។

ចំណុចទី២ សម រង្ស៊ី ថ្មីៗនេះ បានយកការជាប់ឃុំរបស់លោក កឹម សុខា នៅក្នុងផ្ទះ មកធ្វើជាល្បែងភ្នាល់ឈ្នះចាញ់ជាមួយនឹងលោក ហ៊ុន សែន ហើយដែលក្រុមកឹម សុខា បានចាត់ទុកថា ទង្វើរបស់លោក សម  រង្ស៊ី គឺជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ និងអកត្តញ្ញូ ព្រមទាំងគ្មានសុច្ចរិតភាពខាងនយោបាយជាមួយលោក ប្រធាន កឹម សុខា ក្នុងចេតនាធ្វើឱ្យលោក កឹម សុខា កាន់តែបន្តជាប់ឃុំដែលទំនងគ្មានថ្ងៃត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញបានឡើយ។

ទី៣ ការមានៈធ្វើសន្និសីទ នៅទីក្រុអាតាឡង់តាទៀតសោត គកាន់តែបង្កើតឱ្យមានប្រតិកម្មច្រើនឡើងពីនាយសមុទ្រដោយក្រុមកឹម សុខា ទាំងនៅក្នុងប្រទេស និងនៅឯនាយសមុទ្រផងដែរនោះ ដែលពួកគេបានចាត់ទុកថាជាទង្វើដើរផ្ទុយពីលក្ខន្តិកៈគណបក្សសង្រ្គោះជាតិទាំងស្រុង។ ហើយលទ្ធផលនៃអង្គសន្និសីទបានសម្រេចលើកលោក សម​ រង្ស៊ី ធ្វើជាប្រធានស្តីទី គឺពិតជាឈុតឆាកសម្តែងឡើងដោយក្រុមចលនាសង្រ្គោះ​ជាតិ ហើយអ្នកដែលគាំទ្រលោក កឹម សុខា បានមើលឃើញថា ជាទង្វើរំលោភទាំងស្រុងទៅនឹងលក្ខន្តិកៈរបស់គណបក្សដែលតុលាការកំពូលបានរំលាយចោលកន្លងទៅ។ ក្នុងលក្ខន្តិកៈរបស់អតីតបក្សសង្រ្គោះជាតិបានចែងថា អ្នកដែលអាចធ្វើជាប្រធានស្តីទីបាន លុះត្រាតែពេលអវត្តមានប្រធាន ហើយមានការផ្ទេរសិទ្ធិទៅឱ្យអនុប្រធានមួយរូប ដែលមានអាយុច្រើនជាគេ។  ក្នុងន័យនេះ ក្រុម កឹម សុខា យល់ឃើញថា លោក សម រង្ស៊ីបានសម្រេចលាលែងចេញពីបក្សសង្រ្គោះជាតិ ហើយក៏លែងជាសមាជិកបក្សទៀតដែរ។ ផ្ទុយទៅវិញ ការជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិនេះទៀតសោត ពិតជាទង្វើកាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់នូវមហិច្ចតារបស់លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់សម រង្ស៊ី ដើម្បីប្លន់យកតំណែងប្រធានបក្សខ្មោចពីលោក កឹម សុខា ឱ្យបាន ក្នុងចេតនាជំរុញឱ្យលោក កឹម សុខា បន្តជាប់ឃុំក្នុងផ្ទះរហូតគ្មានថ្ងៃត្រូវបានតុលាការដោះលែងបានឡើយ។

ជារួមការវិវត្តចុងក្រោយថ្មីៗនេះ ពិតជាបានបង្ហាញឱ្យឃើញថាជាសញ្ញានៃការបែកបាក់យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងចំណោមអ្នកគាំទ្រ និងអតីតថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដែលមហាជនទូទៅបានមើលឃើញថា ជាព្រឹត្តិការណ៍កំពុងវិវត្តទៅជាជំងឺមហារីកយ៉ាងប្រាកដ ដែលនឹងពិបាករកថ្នាំព្យាបាលបានឡើយ ក៏ព្រោះតែក្រុមនីមួយៗកើតជំងឺតួរឯកតែរៀងៗខ្លួន ជុំវិញការមិនជឿទុកចិត្តគ្នា  និងការលាបពណ៌ដាក់គ្នា ការដណ្តើមយកភាពជាមេដឹកនាំក្នុងខ្មោចបក្សសង្រ្គោះជាតិ រិតតែជាជំងឺដែលមិនអាចផ្សះផ្សារគ្នាបានឡើយ។ ហើយការសម្រេចចុងក្រោយថ្មីៗ នៅទីក្រុងអាតាឡង់តា លើកឱ្យលោក សម រង្ស៊ីធ្វើជាប្រធានខ្មោចបក្សសង្រ្គោះជាតិ ក៏កាន់តែបង្កើតជាសាំងដុតខ្មោចបក្សនេះនៅក្នុងប្រទេសឱ្យខ្ទេចទៅជាផេះ។ ទីបំផុត លទ្ធផលនៃចម្បាំង ក្រុមគូរបក្ខដិបក្សទាំងពីរជៀសមិនផុត នឹងត្រូវរកផ្លូវដើររៀងៗខ្លួន ហើយអាចនឹងលេចចេញជាគណបក្សពីរផេ្សងគ្នា ដោយជៀសមិនផុតទៅអនាគត។

ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់