ទស្សនៈមិត្តអ្នកអាន៖ ពាលស៊ីពាល

12

ព្រឹត្តិការណ៍​ប្រជុំ​គ្នា​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី១-២​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅក្រុង​អាត្លង់តា​ ​សហរដ្ឋ​​អាមេរិក​ ត្រូវ​បាន​មតិ​ជាតិ​ និង​អន្តរជាតិ​វាយ​តម្លៃ​ថា​ គឺជា​ល្បិចពាល​ស៊ី​ពាល​ យ៉ាង​ពិត​ប្រាកដ​។ ពាល​ស៊ី​ពាល​ នៅ​ត្រង់​ថា​ គំនុំ​ដែល​ក្រុម​ សម រង្ស៊ី​ គុំ​ទុក​ជា​យូរ​មក​ហើយ​ចំពោះ​ក្រុម​ កឹម សុខា​ ដែល​ធ្លាប់​ប្រើ​ល្បិច​កល​ ៣​អាសនៈ​ មក​លេប​ត្របាក់​ក្រុម​ សម រង្ស៊ី​ ២៦​អាសនៈ​ ត្រូវ​បាន​ក្រុម​នេះ​រៀបចំ​ដណ្តើម​មក​វិញ​ ទាំង​កំរោល​ និង​គ្មាន​ញញើត​ បើ​ទោះបី​ជា​ដឹង​ថា​ភ្នែក​អ្នក​ផង​ និង​ ចៅហ្វាយ​បរទេស​ដែល​ធ្លាប់​ផ្សំ​ផ្គុំ​ក្រុម​ទាំង​ពីរ​ មើល​មក​មិន​​សមភ្នែក​ក្តី។

សកម្មភាព ពាលស៊ីពាលនេះ គឺ​នៅ​ត្រង់​ថា​ អ្នក​ចូលរួម​កិច្ចប្រជុំ​ដ៏​រយីករយាក​នោះ​មាន​អ្នក​ចូល​រួម​ប្រមាណ​រយនាក់​ដែល​ជា​ដៃឆ្វេង​ស្តាំ​បំរើ​ក្រោម​ក្លៀក​ទណ្ឌិត​ សម​ រង្ស៊ី​ ប៉ុណ្ណោះ​ គេ​មិន​បាន​ឃើញ​​​សមាសភាព​ក្រុម​និយម​ កឹម សុខា​ មក​ចូល​រួម​នោះ​ទេ​។ ម្យ៉ាង​ទៀត​ អ្វី​ដែល​ក្រុម​ពាល និយម​ សម រង្សី​ សម្រេច​នៅ​ពេល​នេះ​ គឺ​ពួក​គេ​មិនខ្វល់​ពី​ភាព​ត្រឹមត្រូវ​ ឬ​មិន​ត្រឹម​ត្រូវ​ តាម​លក្ខខណ្ឌ​ផ្ទៃ​ក្នុង​ដែល​​ពួក​គេ​ធ្លាប់​​បាន​ព្រម​ព្រៀង​ ជាមួយគ្នា​នៅ​មុន​ពេល​រក​ស៊ី​ចូល​ហ៊ុន​គ្នា​នោះ​ទេ​។ អាច​និ​យាយ​បាន​ថា​ ដើម្បី​ដណ្តើម​អំណាច​គ្រប់​គ្រង​ក្រុម​ខ្លួន​មក​វិញ​ ជន​ពាល​ សម រង្ស៊ី​ លែង​ខ្វល់​ពី​គុណធម៌​ និង​កិត្តិយស​អ្វី​ទាំង​អស់​ និង​បាន​បញ្ជា​ឱ្យ​ក្រុម​របស់​ខ្លួន​​បំពាន​លក្ខន្តិកៈ​​ផ្ទៃ​​ក្នុង​​ដែល​​បាន​ត្រូវ​រ៉ូវ​គ្នា​​ពី​​មុន​ ដើម្បី​តែ​មហិច្ឆិតា​អំណាច​បុគ្គល​តែប៉ុណ្ណោះ​។​ បើ​ទោះ​បី​ជាមាន​សេចក្តី​ថ្លែង​ការណ៍​ជំទាស់​ពី​ខាង​ក្រុម​ពាល​និយម​ កឹម សុខា​ យ៉ាង​ណាក្តី​ ក៏​ក្រុម​ពាល​​​និយម​ សម រង្ស៊ី​ ធ្វើ​មិន​ដឹង​មិនឮ​ និង​ជម្នះ​ឱ្យ​មេជន​ពាល​ សម រង្ស៊ី​ ឡើង​ធ្វើ​ជា​ប្រធាន​​ស្តី​ទី​​ ដោយ​ឥត​អៀន​ខ្មាស់​ ហើយ​ពួក​គេបាន​យក​លេស​​លើក​​ឡើង​​ថា​ «គិត​ប្រយោជន៍​ជាតិ​ជាធំ​ ជាជាង​​លក្ខន្តិកៈ​បក្ស» Sic! ។ ​

តាមពិត​គោលដៅចម្បង​របស់​ក្រុម​ពាល​ សម រង្ស៊ី​ គឺ​៖​ ​

ទី១៖​សងសឹកក្រុម​ពាល​​ កឹម​ សុខា​ ដែល​ខ្លួន​ចាត់​ទុក​ថា​​ធ្លាប់​​ចាញ់​​បោក​​អស់​​ជា​​ច្រើន​​ឆ្នាំ​​​និងចាញ់​​​​អស់​​​ពី​​​ខ្លួន​​​ ហើយ​ក្រុម​ពាល​ សម រង្ស៊ី​ នឹ​ងហ៊ាន​ប្រកាស​​ចែក​ផ្លូវ​គ្នា​ដើរ​សារ​ជាថ្មី​ ពី​ក្រុម​ពាល​ កឹម សុខា​ នា​ពេល​​​ឆាប់​​​ៗ​​​ខាង​​មុខ​​នេះ​ បើ​ក្រុម​ពាល​ កឹម​ សុខា​ នៅ​តែ​មិន​ព្រម​មក​រណប​មេ​ក្រុមពាល​ សម រង្ស៊ី​ ទេ​នោះ​​​​។​​​

ទី២៖ដោយសារ​មហិច្ឆតា​​អំណាច​ មេក្រុម​ពាល​ សម រង្ស៊ី ក៏កើត​ជម្ងឺ​សតិ​អារម្មណ៍​ ដេកមិនលក់ បក់​មិន​​ល្ហើយ​ ដូច្នេះ ទោះ​ជា​ត្រូវ​​បាត់​បង់​​អ្វី​​ក៏​​បាត់​បង់​ទៅ​​ចុះ​​សូម្បី​​​អ្នក​គាំ​ទ្រ​ ឬបាត់​បង់​ទាំង​ឧត្តម​គតិ​ជាតិ​ទាំង​​មូល​​ក៏​​មិន​ខ្វល់​ដែរ​ ឱ្យ​តែ​​​បាន​អំណាច​មក​វិញ​ ដើម្បី​បាន​ស្ងប់​អារម្មណ៍​​មុន​ពេល​ចាស់​ស្លាប់​។​

ទី៣៖​ក្រុម​ពាល​ សម រង្ស៊ី កើត​ក្តីស្រមើស្រមៃក្នុង​ការ​ដណ្តើម​អំណាច ​និង​ឥទ្ធិពល​​ពីក្រុម​ពាល​ កឹម សុខា មកវិញ​ដោយ​សង្ឃឹម​​ថា​ខ្លួន​​អាច​មាន​ឱកាស​ស្តារ​ខ្មោច​បក្ស​​ចាស់​របស់​ខ្លួន​មក​​វិញ​​។ ប៉ុន្តែជន​ពាល​ សម រង្ស៊ី ដែល​មោ​បាំង​​ដោយ​សារ​ការ​ស្រេក​ឃ្លាន​អំណាច​ខ្លាំង​ពេក​នោះ​ ភ្លេច​គិត​ថា​ អំពើ​របស់​ខ្លួន​​នឹង​​បំផ្លាញ​​អ្វី​​គ្រប់​យ៉ាង ​​ដែលក្រុម​ខ្លួន​​នៅ​សេស​សល់នាដំណាក់​កាល​ចុង​ក្រោយ​នេះ​​​ទាំ​ង​ស្រុង​ទៅ​វិញ​​ទេ​​​។

និងទី៤ ៖ ដោយ​សារ​មេក្រុម​ពាល​ សម រង្ស៊ី គឺ​​ជា​អ្នក​នយោបាយអសមត្ថភាព និងខ្វះយុទ្ធសាស្ត្រ ដែល​នៅ​តែ​ជឿ​លើ​ក្រុម​​ដៃ​ឆ្វេង​ស្តាំ​មួយ​ដំបរស្វា​ដែលនៅ​កៀកខ្លួន​មាន​ដូច​ជា អេង ឆៃអ៊ាង ដែល​ជា​ស្តេច​​​ល្បែង​​ប្រចាំក្រុម​ និង​ មួរ សុខហួរ អ្នក​នយោបាយ​មុជមិនជ្រៅ​ទៅ​មិន​ឆ្ងាយ​ជាដើមនោះ​ ដែលតែង​តែ​​ផ្លុំ​ត្រចៀក​ធ្វើ​ឱ្យ​ក្រុម​ខ្លួន​មាន​កំហុស​ និង​ត្រូវ​បរាជ័យ​ជាញយដង​រួច​មក​ហើយ​នោះ​ នៅ​តែ​ព្យាយាម​រុញ​​ឲ្យ​មេ​​ក្រុម​ខ្លួន​ធ្លាក់​រណ្តៅ​ថែម​ទៀត​។​

ជាក់​ស្តែង​ ក្រុម​មនុស្សជំនិតរបស់ក្រុម​ពាល​ កឹម សុខា បាន​អះអាងថា ការសម្រេចឱ្យមេក្រុម​ពាល​ សម រង្ស៉ី ធ្វើ​ជា​ប្រធាន​ស្តីទី​ខ្មោច​បក្ស​សង្រ្គោះ​ជាតិ​ គឺ​ផ្ទុយ​ពី​លក្ខន្តិកៈ​ទាំង​ស្រុង​។ ក្រុម​នេះ​ បាន​សម្តែង​​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចបែប​នេះ​​។ ​ក្រុម ​​កឹម សុខា​ ក៏​បាន​ចាត់​ទុក​ការ​សម្រេច​បែប​​នេះ​​​គឺ​ខុស​ទាំង​ស្រុង​ទៅ​នឹង​លក្ខន្តិកៈ​របស់ខ្មោច​​គណ​បក្ស​​នេះ​​ ដែល​ដាក់​ទៅ​ក្រសួ​ង​មហា​ផ្ទៃផង​ដែរ​។​​ ដើម្បី​បង្ហាញ​សាធារណៈ​មតិឱ្យ​មើលឃើញ​កាន់​តែ​ច្បាស់​ ក្រុម​ពាល​និយម​ កឹម សុខា​ បាន​បញ្ជាក់​អំពី​មូលហេ​តុ៣ចំណុច ដែលធ្វើឱ្យការតែងតាំងមេក្រុម​ពាល​ សម រង្ស៉ី នេះខុសនឹងលក្ខន្តិកៈ ក្នុង​នោះ​រួមមានដូចតទៅ៖

ទី១៖ អ្នកចូលរួមធ្វើសេចក្តីមស្រេចក្នុងសន្និសីទនោះ មិនមាននីតិសម្បទាដែលមានសិទ្ធិស្នើ ឬ ជ្រើស​តាំង​​ប្រធាន​ស្តីទី​ខ្មោច​គណបក្ស ស្រប​តាម​លក្ខន្តិកៈ​ខ្មោច​គណបក្សនេះ​​នោះ​ទេ​។

ទី២៖ យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីទី​ខ្មោច​គណបក្ស​បាន​ លុះត្រាតែអវត្តមានប្រធាន ដែល​​ត្រូវ​ផ្ទេរ​សិទ្ធិ​ឲ្យ​ទៅ​អនុប្រធាន​មួយ​រូប​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិន​អាច​យក​អ្នក​ដទៃ​ណាដែល​សមាជ​គណបក្ស​មិនបាន​ជ្រើស​តាំង​ជា​អនុប្រធាន​ហើយនោះ មក​ធ្វើ​ជា​ប្រធាន​ស្តី​ទី​បា​ន​ឡើយ​។

ទី៣៖ ចំពោះ​សេចក្តី​សម្រេច ឬ​សំណើ​ណាមួយ​របស់សន្និសីទនេះ គឺ​គ្រាន់​តែ​ជា​មតិ​របស់​មនុស្ស​មួយ​ក្រុម​តែ​ប៉ុណ្ណោះ​ ដែល​មិន​អាច​ចាប់​បង្ខំ​ឱ្យ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​ យក​មក​ពិនិត្យ​ និង​ឆ្លើយ​តប​ឡើយ​។​

ការ​ប្រតិកម្មយ៉ាង​ចាស់​ដៃ​​របស់​ក្រុម​ពាល​និយម​ កឹម សុខា​ វិញនេះ​​​ គឺពួក​គេ​បាន​​ចាត់​ទុក​ព្រឹត្តិការណ៍​សន្និសីទ​នៅ​ក្រុង​អាត្លង់​តា​ ដែល​សម្រេច​ឱ្យ​មេ​ក្រុម​ពាល​ សម រង្ស៊ី​ ឡើង​ធ្វើ​ជាប្រធាន​ស្តីទី​នោះ​​គឺ​​ជា​ការ​​ចាក​ចេញ​ និង​បោះបង់​ចោល​ក្រុម​ហ៊ុន​ដែល​ធ្លាប់​រក​ស៊ី​ជុំ​គ្នា​ពី​មុន​ជាចំហរ​​យ៉ាង​ច្បាស់​ក្រឡែត​។

ដូច្នេះ​ នៅពេល​នេះ​នរណា​ក៏​អាច​មើល​ឃើញ និង​យល់​យ៉ាង​ច្បាស់​​ថា ​ទឹក ​និង​ប្រេង គឺ​មិន​អាច​​រលាយ​​ចូល​គ្នា​បាន​ឡើយ​ ឬអាច​និយាយ​បាន​មួយបែប​ទៀត​ថា​ វិបត្តិ​ផ្ទៃ​ក្នុងរបស់​ក្រុម​ប្រឆាំង​​​នៅ​ពេល​​នេះ​​គឺ​​ជា​ចរិត​ «ពាល​ស៊ី​ពាល​» យ៉ាង​ពិត​ប្រាកដ​៕​

អត្ថបទ​ដោយ​៖ សួន​ចំរើន​

ចែករំលែក

បញ្ចេញយោបល់