ទស្សនៈមិត្តអ្នកអាន៖ តើស្មារតី ២ធ្នូ ជាអ្វី?

19

ខួបលើកទី៤០ឆ្នាំនៃ​ថ្ងៃបង្កើត​រណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា នឹងប្រារព្ធធ្វើ​​នៅស្តូប​អនុស្សា​​វរីយ៍ នា​ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គ​មហា​ពញា​​ចក្រី​ ហេង សំរិន នឹង​អញ្ជើញ​​​ជា​អធិបតីភាព​​ដ៏ខ្ពង់​ខ្ពស់​​​ក្នុង​​កម្មវិធី​​នេះ​​ដែល​​​នឹង​​មាន​​មហាជន​រាប់​ម៉ឺន​​​​នាក់​​ចូល​​រួម​​ផង​​ដែ​រ​។​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​​កម្លាំង​មហា​​សាមគ្គី​​ប្រជាជន​ទាំង​​​មូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិជាច្រើរូប​ទៀត​​​​ជា​ប្រមុខ​​ដឹកនាំ។

រយៈពេល​៤០ឆ្នាំ​កន្លង​មក​នេះ​ ដោយ​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​ និង​ត្រូវ​រ៉ាប់​រង​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ង​រ​នៃ​សង្គ្រាម​ និង​ការ​បំផ្លិច​បំផ្លាញ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ នោះ​ មគ្គុទេសន៍​ដឹក​នាំ​យើង​បាន​ខិត​ខំ​ជ្រោង​ខ្ពស់​ទង់មហាសាមគ្គី​ជាតិ​ប្រកប​ដោយ​ស្មារតី​រួប​រួម​ តស៊ូ​ យ៉ាង​ស្វិត​ស្វា​ញ​ដើម្បី​ដឹក​​នាំ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​មាន​សុខដុរមនា ការ​អភិវឌ្ឍ​ឥតឈប់​ឈរ​ និង​សុ​ខសន្តិភាព​ជានិរន្តរ៍​។​​​​​ ប្រជាជន​កម្ពុជា ដែលឆ្លង​​កាត់​របប ៣​ឆ្នាំ​ ៨​ខែ និង​​២០​ថ្ងៃ ​ដែល​គ្រប់គ្រង​ដោយ​​ខ្មែរ​ក្រហម ប៉ុល ពត​ បាន​​ចង​ចាំ​​យ៉ាង​​ច្បាស់​​​ថា ​ព្រឹត្តិការណ៍​ថ្ងៃទី​​២ ខែ​​ធ្នូ ឆ្នាំ១៩៧៨ ​គឺ​​ជា​​ថ្ងៃ​ដែល​​នាំមុខ​​នៃ​​កា​រ​ឈាន​​​ទៅ​​​​​​ផ្តួល​រំលំ​របប​​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍​នា​ថ្ងៃ​ទី០​៧​ ខែ​មករា​ ឆ្នាំ​១៩៧៩។

ដើមដំបូង​រណសិរ្ស​នេះ មានឈ្មោះ​ថា «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បង្កើត​ឡើង​​​​នៅ​​​ភូមិ​​២​ធ្នូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​០២​ ខែ​ធ្នូ ​ឆ្នាំ​១៩៧៨​។ ឆ្លងកាត់​ដំណាក់​កាល​​រីកចំរើន​​ជា​​​ច្រើន​​​មក​ ​រណសិរ្ស​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​មកជា «រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​» ​និង​ជា​ចុង​ក្រោយ​​នេះ​​បាន​ប្តូរ​មក​ជា​ «រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ។​

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គឺ​ជា​ការ​គៀង​គរ​កម្លាំង​សាមគ្គី​មហាជន ប្រជាជន ​​ដែល​ជា​សមា​ជិក​​គណបក្ស​​​​ប្រជាជន​​កម្ពុជាដែល​នៅសេសសល់​ពី​ការ​សម្លាប់​ ​ ​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែ​រ​ក្រហម​​ដែល​​បាន​សាប​​ព្រោះ​របប​​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩​៧៩។ ​ក្រោយ​​ថ្ងៃ​រំដោះ​ អ្វីៗ​ដែល​ប្រទេស​ជាតិ​សេសសល់​ ​គឺ​ស្ថិត​នៅ​ចំណុច​សូន្យ​ទាំង​អស់​​ ​គឺជា​កា​រចាប់​ផ្តើម​​​កសាង​ប្រទេស​​ ​ដែល​គេពិបាក​ក្នុង​ការ​​ពិ​​ពណ៌នា​ជាទី​បំផុត​ មាន​ន័យ​​ថា​ ជា​ការក​សា​ង​ប្រទេស​ពី​បាតដៃ​ទទេរ​ និង​​ពី​គំនរ​ផេះ​ផង់ ជាមួយ​នឹង​​​ជីវភាព​ប្រជាជន​យ៉ាង​ក្រីក្រ ពោរពេញ​​ដោ​យ​​ជំងឺ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​និង​​ការបែកបាក់​​​គ្រួសារ​គួរឱ្យ​សង្វេគបំផុត​។

ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​ «ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​​​មា​ន​​ការ​រើ​បម្រាស់​» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវ​ដ៏មហា​ប្រល័យ​ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​​​​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើ​ក​ដំបូង​​ទេ​​សម្រាប់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ស្ថានភា​ព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

មក​ដល់​ត្រឹម​នេះ ​គេ​អាច​និយាយ​បាន​ថា​រណសិរ្ស​ ២​​ធ្នូ​ ១៩៧៨​ គឺ​ជា​ចលនា​តស៊ូ​រំដោះជាតិ​ដោយ​​អាវុធ​​ចុងក្រោយបំផុត​​សម្រាប់​រយៈ​ពេល​ចុង​ក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា។ ពលរដ្ឋខ្មែរ​​ទាំងអស់​​​បន់​​ស្រន់​សូម​ឱ្យ​ចលនា​​រំដោះ​ជាតិ​​ដោយ​​ចុង​​កាណុង​​​បញ្ចប់​​ត្រឹម​​ចលនា​​២​ធ្នូ ​ឆ្នាំ​១៩៧៨​​​ទៅ​ចុះ ​ពី​ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ប្រទេស​ជាតិ​​​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​​វឹកវរ​​ជាថ្មី ​និង​​ត្រូវ​​បង្កើត​ចល​នា​រំដោះ​ជាតិ​អ្វី​ទៀត​​នោះ​ឡើយ។

បច្ចុប្បន្ន​នេះ​​ កម្ពុជា ​​បាន​ប្រកាន់​យក​នូវ​ការ​ឡើង​កាន់​អំណាច​តាម​រយៈ​​ការ​បោះឆ្នោត​​តាម​បែប​ប្រ​ជា​​ធិបតេយ្យ សេរីពហុបក្ស​ ​ដើម្បី​ទទួល​បាន​នូវ​​​ការ​អភិវឌ្ឍលើ​​គ្រប់​វិស័យ​ ​​​ហើយប្រជាពលរដ្ឋកំពុង​​​ទទួល​បាន​នូវសិទ្ធិ​​​សេរី​ភាព​​​ដើរ​​ហើរ​​ទៅ​​ណា​​មក​ណា​​ដោយ​សេរី​​ និង​លែង​​មាន​​ទៀត​​ហើយ​​នូវ​សង្គ្រាម​ស៊ីវិល​សម្រាប់​ជាតិ​ខ្មែរ​ ហើយ​នេះ​គឺ​ពិត​​ជាផ្លែ​ផ្កា​នៃ​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​។ សូម​​ឱ្យ​ស្មារតី​នៃ​រណសិរ្យ​​​ ២ធ្នូ នៅ​ស្ថិតស្ថេរ​​ជាអមតៈក្នុង​បេះដូង​កូន​ខ្មែរ​៕​​

ដោយ​៖ សួន​ ចំរើន​

ចែករំលែក

បញ្ចេញយោបល់