គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ

7

ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើទី៦៥ នៃទិវាបុណ្យឯករាជ្យ ជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០១៨ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការី ជន ដែលបានតស៊ូ ទាមទារឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយ កិច្ចទាមទាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ជាមួយគ្នានេះដែរ គណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ (ព្រះបរមរតនកោដ្ឋ) នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា បានស្ថិតក្រោមអាណាព្យាបាលប្រទេស បារាំង ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣៕

ចែករំលែក

បញ្ចេញយោបល់