ទស្សនៈមិត្ត​អ្នក​អាន៖ សណ្តានចិត្តសិប្បនិមិត្តរបស់ សម រង្ស៊ី ធ្វើឲ្យ កឹម សុខា បន្តប្រឈមផ្លូវច្បាប់រកភាពសណ្តោស​ប្រណីមិនឃើញ

13

“លោក កឹម សុខា នឹងត្រូវបានដោះលែងនៅចុងឆ្នាំ២០១៨”។ នេះជាប្រយោគដ៏ខ្លីមួយ ដែលទណ្ឌិតដើមកំណើតជាទន្សាយ សម រង្ស៊ី សរសេរឡើងថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលគ្រប់គ្នាស្តាប់មើលទៅហាក់ដូចជាទំនងមែនទែន។ ទំនងត្រង់ថា ភាសា​នេះ គេធ្លាប់តែឮសូរ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ប្រើ តែពេលនេះ ទណ្ឌិតរត់ចោលស្រុកប្រើ តើរឿងអីគេមិនហួសចិត្ត។ ទណ្ឌិតរូបនេះ ជួយខ្លួនឯងមិនបានផង រឿងអីមានមាត់ទិព្វរហូតទៅហ៊ានពោលទាំងងងិតងងល់ថា នឹង​មានការដោះលែង លោក កឹម សុខា ថ្ងៃនេះ ឬថ្ងៃនោះ តាមតែនឹកឃើញបែបនេះ។

ដូចដែលសាធារណជនមើលឃើញមែនថា ការលើកឡើងរបស់ សម រង្សី គ្មានប្រសិទ្ធភាពទេ ដោយគ្រប់គ្នាបានហៅសំដីគ្មានមូលដ្ឋានរបស់អតីតមេបក្សប្រឆាំងរូបនេះថា ពិតជាមាត់ស៊ីប្រហុកមែន ទោះជាប្រហុក ដែលគាត់ស៊ីនោះ​ជាប្រហុកបារាំងក៏ដោយ។ ហេតុអ្វីបានជាគេហ៊ានពោលបែបនេះ ក៏ព្រោះថា នៅព្រឹកថ្ងៃពុធទី១១វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាព្រះឥន្ទពិតប្រាកដ និងមានមាត់ទិព្វតែមួយគត់ ថែរក្សាដែនជម្ពូទ្វីបកម្ពជា​បញ្ជាក់ច្បាស់ៗថា នឹងមិនមានការដោះលែងលោក កឹម សុខា ទេ។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នៅក្នុងឱកាសនៃការ​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវ បានច្រានចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថា នឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «​ចាំមើលទៅ ហើយអ្នកគាំទ្រចាំមើលទៅ។ មេខ្លួនឯងបោកប្រាស់ប៉ុណ្ណា?»។ ទន្ទឹម​គ្នា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​​ពន្យល់ថា លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយនោះទេ ដូច្នេះលោក កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រ​ព្រះរាជទានលើកលែងទោសនោះទេ។ លោកនាយករដ្ឋមន្ត្រីបានហៅទណ្ឌិត សម រង្ស៉ី ជាបិតាភូតកុហក និង​មិនចង់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុករូបនេះទេ។

តាមរយៈការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងការបញ្ជាក់ច្បាស់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះបង្ហាញថា សម រង្ស៊ី ពិតជាមានចេតនាយ៉ាងច្បាស់ក្រឡែតចង់ឲ្យលោក កឹម សុខា បន្តជាប់​ពន្ធនាគារ ខណៈដែលក្រុម​អ្នកគាំទ្រលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា កំពុងតែផ្លោងសំដីដាក់គ្នា រួមទាំងការបកអាក្រាតរបស់លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី ទៅលើអតីតប្រធានគណបក្សប្រឆាំងរូបនេះ។

តាមការសង្កេតជាទូទៅ មិនថាតែនៅពេលនេះទេ សម រង្ស៊ី តែងបង្ហាញកាយវិការក្លែងក្លាយ ហាក់ដូចជាឈឺឆ្អាល អាណិត និងយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើ លោក កឹម សុខា។ ក៏ប៉ុន្តែអ្នកវិភាគ និងអ្នកតាមដានសង្គមមើលឃើញថា បើពិតជាចង់ជួយលោក កឹម សុខា ពិតមែន ចង់ឲ្យលោក កឹម សុខា រួចទោសប្រាកដមែន សម រង្ស៊ី មិនគួរបង្ហាញអាកប្បកិរិយា ដែលគេគិតថា ជាការបង្កហេតុឥតឈប់ឈរបែបនេះទេ៕

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់