ទស្សនៈមិត្តអ្នកអាន៖ ការបំប៉ោងអំពីបញ្ហា EBA គឺជាសង្គ្រាមចិត្តសាស្ត្ររបស់ក្រុមប្រឆាំង

15

ព្រឹត្តិ​ការណ៍​នៅ​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ថ្ងៃ​នេះ ​ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​ស្ថានការ​មើល​​ឃើញ​ថា​ ក្រុម​និន្នាការ​ប្រឆាំង​ដែល​មាន​ទណ្ឌិត​ សម រង្ស៊ី ជា​មេក្លោង​បាន​នាំ​គ្នា​លើក​យក​​បញ្ហា​ការ​អនុ​គ្រោះ​​​ពន្ធ​នាំ​ចូលទំនិញ​អ្វីទាំងអស់លើកលែងតែអាវុធ (Everything But Arms-EBA) ​ទៅ​តំបន់​អឺ​រ៉ុប មកធ្វើជាប្រធានបទ ដើម្បី​បំភ្លៃ​សភាពការណ៍​ពិត​នៅ​កម្ពុជា​ ដោយ​​បំផុស​បំផុល​​​ថា​សេដ្ឋកិច្ច​ប្រ​ទេសកម្ពុជា នឹង​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុប​ ឬ​បំភ្លៃ​ថា​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​អាណត្តិទី​៦​នេះ​ នឹង​មិន​អាច​ឈរជើង​បាន​យូរ​ជាដើម​​​។

ប្រការ​ដែល​ក្រុម​ប្រឆាំង​ខិតខំ​បំប៉ោង​សម្លេង​បំភ្លៃ​អំពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ពេល​នេះ ​គ្រាន់​​តែ​ជា​សង្គ្រាម​ចិត្តសាស្ត្រ ដើម្បីបំភិតបំភ័យ និងញុះញង់​ឱ្យ​កម្មករ ​កម្មកា​រិ​​នី​ និង​​វិនិយោគិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​មុខ​របរ​ពួក​គេ​តែ​ប៉ុណ្ណោះ​។​ មកដល់ពេលនេះ នៅ​មិន​​ទាន់​​មាន​ការស​ម្រេ​ច​ចិត្ត​ជាផ្លូវ​ការ​ពី​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​​​ព្យួរ ឬ​លុបចោល​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ពី​កម្ពុ​ជា​​នៅ​ឡើយ​ទេ​ ហើយ​គេ​ជឿជាក់​ថា​សហភាព​អឺរ៉ុប​នឹង​មិន​អនុវត្ត​ចំពោះ​កម្ពុជា​ តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​​នោះ​ទេ​។

 តើប្រព័ន្ធអនុគ្រោះពន្ធ EBA ជាអ្វី?

EBA មាន័យថា Everything But Arms ប្រែមកថា «អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ​ត្រូវ​បាន​​អនុម័ត​​ដោយវិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០​១។ ម៉្យាង​ទៀត EBA គឺ​ជា​គំនិត​ផ្តួចផ្តើមដោយ​ផ្ទាល់​​របស់​សហភាព​​អឺរ៉ុប​​​ដែល​អនុញ្ញាត​ឱ្យ​​មានការ​នាំ​ចូល​ទំនិញ​ទាំង​អស់​​​លើក​លែង​តែ​សព្វាវុធ​ ទៅ​កាន់​​ទីផ្សារ​​សហភាព​អឺរ៉ុប​ពី​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​​នានា​ រួមមាន​ប្រមាណ​ជា​៤៨​ប្រទេស​រួម​ទាំង​ប្រទេស​កម្ពុជា​​ផងដែរ​ ដោយ​មិនជាប់ពន្ធនាំចូ​ល និងកូតា។​​ កិច្ចខិតខំ​ប្រឹង​ប្រែង​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​វិនិយោគិន​អឺរ៉ុប និង​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​លើ​ពិភព​លោក​​​ ដែលបាន​​​មក​​វិនិយោគ​នៅ​ក្នុង​​ប្រ​ទេ​ស​​​កម្ពុជា​​ ដូច្នេះ​សហភា​ព​អឺរ៉ុបនឹង​មិន​​ធ្វើ​​ឱ្យ​​ការ​ខិត​ខំ​​ប្រឹង​ប្រែង​ដែល​ជាគុណសម្បត្តិ​របស់​​ខ្លួន​​បាត់​បង់​​ទៅ​វិញ​​ដោយ​ងាយ​ៗ​នោះ​ទេ​។​

ជាការ​ពិត​ ​ការផ្តល់ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ​នេះគឺ​សម្រាប់​តែ​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ទាប​តែ​ប៉ុណ្ណោះ​ សម្រាប់​​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​រយៈពេល​ជិត២​ទស្សវត្សន៍​​កន្លង​​មក​នេះ ​​មាន​កំណើន​​សេដ្ឋកិច្ចរង្វង់ ​​​៧% ​​ជាប់ៗគ្នាដែល​ធ្វើ​ឱ្យ​កម្ពុជា​លែង​​ក្លាយ​ជា​ប្រទស​ដែល​មាន​ខឿន​សេដ្ឋកិច្ច​ទាប​ និង​ជា​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ក្រសែ​ភ្នែកអន្តរជាតិ​ដូចមុនទៀតឡើយ។ ​កម្ពុជាបាន​ឈាន​ផុត​​​ចំណាត់ថ្នាក់​ពី​ប្រទេស​ក្រីក្រ​ ទៅ​​ជា​ប្រទេស​​​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​តាំង​ពី​ឆ្នាំ​២០១៥ មក​ម្លេះ និង​មាន​មហិច្ឆិតា​ក្លាយ​ទៅ​​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាងមុខ​​​ ហើយ​​នេះ​​ក៏​ជា​ដើម​ហេតុ​មួយ​ផង​​ដែរ​​ដែល​សហភាព​អឺរ៉ុប​បាន​មើល​ឃើញ​ និង​​មាន​បំណង​​ចង់​លុប​ចោល​​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​​ពន្ធ​​​នេះ​​​ពី​​​កម្ពុជា​​វិញ​​។​​ ប្រជាពលរដ្ឋ​គួរ​យល់​ថា ប្រ​សិន​បើ​កម្ពុជា​ពិត​ជា​​មិន​​ទទួល​​បាន​​នូវ​​ការ​អនុគ្រោះពន្ធ​នេះមែននោះ  មិនមែន​មានន័យថា​កម្ពុជា​មិន​អាច​នាំ​ទំនិញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប​នោះ​ទេ​ ហើយ​កម្មករ​ និ​យោជិត​ត្រូវ​បាត់​បង់​ការងារ​ពី​រោងចក្រ​កាត់ដេរ​នោះ​ដែរ​ ហើយសូមកុំបារម្ភឱ្យសោះ ​លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បានគិតគូរនិងមាន​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​ធ្វើ​ឱ្យ​មាន​និរន្តរភាព​ការងារ​ទាំ​ង​និយោជិត​ និង​និយោ​ជក​ រួច​រាល់អស់ហើយ ​មិន​មាន​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ ដូច​ការ​បំប៉ោង​ព័ត៌​មាន​របស់​ក្រុម​ប្រឆាំង​ឡើ​យ​។​

ដើម្បីមហិច្ឆិតាអំណាច ក្រុមប្រឆាំងក្រៅច្បាប់មួយក្តាប់តូចនេះ មិន​ញញើត​នឹង​ដើរ​សុំ​អង្វរ​​អន្តរជាតិ​ឱ្យ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀតឡើយ​​​ តាមរយៈខំ​ប្រឹង​ជំរុញ​​ឱ្យ​បរទេស​ឈប់​ផ្តល់​ជំនួយ ឈប់​មកវិនិយោគ និង​ឈប់ទិញ​ទំនិញពីប្រជាជនកម្ពុជាជាដើម។ នៅពេល​នេះ​​ជនក្បត់ជាតិ សម រង្ស៊ី និងប្រពន្ធ បានបណ្តើរគ្នាទៅអង្វរសហគមន៍អឺរ៉ុប ឱ្យ​ឈប់​ផ្តល់​ពន្ធ​អនុគ្រោះ​ EBA ដល់ប្រជាជនកម្ពុជាជាថ្មីទៀត​ដោយ​គ្មាន​ការអៀន​ខ្មាស់​បន្តិច​ឡើយ​។​ ទន្ទឹមគ្នានេះ  ប្រ​ទេ​ស​មហា​អំណាច​ប្រតិកិរិយា​ខ្លះក៏បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​លូក​ដៃ​កកូរ​កកាយ​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ ដើម្បី​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​គេ​ផង​ដែរ​។​ ដូច​បាន​ឃើញ​ស្រាប់ ប្រទេស​មហា​អំណាច​ទាំង​នោះ បាន​ប្រើប្រាស់​លេស​ប្រជាធិ​ប​តេយ្យ​ ​និង​សិទ្ធិ​មនុស្ស​ ជាបេសក​កម្ម​របស់​ខ្លួនដើម្បីជ្រៀតចូលកិច្ចការផ្ទៃក្នុង ឬ​ចូល​ឈ្លានពាន​ប្រទេស​ទន់​ខ្សោយ​​ ហើយ​បាន​បន្ស​ល់​ទុក​នូវ​សោកនាដកម្ម​រហូត​មក​ដល់​ពេល​នេះ ដូចជា​ប្រទេស​ អាប់ហ្គានីស្ថាន​ លីប៊ី​ អ៊ីរ៉ាក់​ ស៊ីរី ជា​ដើម​។​ ការប្រកាន់ជំហរព្រមានបញ្ឈប់​ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់​សភា​សហភាព​អឺរ៉ុប​នា​ពេល​នេះ​ គឺ​ហាក់​ដូច​ជា​វិធាការ​លំអៀង​ខាង​នយោ​បាយ​ចំពោះ​ប្រជាជន​កម្ពុជា​ខ្លាំង​ណាស់​​។ សូម្បី​តែ​​តំណាង​​ក្រុម​ប្រឹក្សា​ធុរៈ​កិច្ច​អាស៊ាន​ និង​សហភាពអឺរ៉ុប ប្រចាំ​អាស៊ី​អាគ្នេយ៍​ ប្រមាណ​៤០០​ក្រុម​​ហ៊ុន ក៏​បាន​ចាត់​ទុក​ថា​ ប្រសិនបើ​​មាន​ការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ​ គឺ​វាគ្រាន់តែជា​ឧបករណ៍​នយោបាយ​បរទេស​ចំពោះ​ប្រជាជន​កម្ពុជា​​ប៉ុណ្ណោះ។​

ក្នុង​ន័យ​នេះ​ មិត្ត​បរទេស​ទាំង​ឡាយ​ ជាពិសេស​​សភា​សហភាព​អឺរ៉ុប មិន​គួរ​គប្បី​ប្រព្រឹត្តិ​នូវ​កំហុសឆ្គង​ច្រំដែល​ចំពោះ​ប្រជាជន​កម្ពុជាដូច​​អតីតកាល​នោះ​ឡើយ​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​សារ​រំលឹក​​ចំពោះ​ប្រទេស​ប្រជាធិបតេយ្យ​ថា​ «លោក​មិន​ចង់​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ ប្រព្រឹត្តិ​នូវ​កំហុស​ឆ្គង​ជាលើក​ទី​៣​ចំពោះកម្ពុជា​នោះទេ​។ កំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បាន​គាំទ្រ​នូវ​រដ្ឋ​ប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅ​ទសវត្ស​ឆ្នាំ​៧០។​ កំហុសទី២ គាំទ្រ​​របប​ខ្មែរ​ក្រហម​ជាង​១ទសវត្ស​នៅ​អង្គការ​សហ​ប្រជាជាតិ​ ​និង​កំហុស​ទី​៣​ លើ​បញ្ហា ​EBA នេះ។​ បើទោះបី​ជា​រឿង​នេះ​កំពុង​ស្ថិត​​ក្នុង​ដំណាក់​កាល​ពិនិត្យពិភាក្សា​ ឬអាច​ក្លាយ​ទៅ​ជា​ការ​ពិតក៏ដោយ ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​កំហុស​ទី​៣​ របស់​ប្រទេស​ប្រជាធិបតេយ្យ​​សម្រាប់​កម្ពុជា​​»​។

ជារួម​​​​ទោះបី​​​​កម្ពុជា​​ មិន​ទាន់​​ក្លាយ​​ជា​ប្រទេស​​អភិវឌ្ឍ​ន៍​ក្តី​​ ក៏​កម្ពុជា​អាច​ឈរ​ជើងរស់​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ឱន​ក្បាល​ដោះ​ដូរ​រវាង​ជំនួយ​ជាមួយ​ឯករាជ្យ​ អធិបតេយ្យ​ជាតិ​ ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ ​ជាដាច់​ខាត​ ហើយ​ពេល​នេះ​កម្ពុជាពិត​ជា​​បានឈាន​មួយ​ជំហ៊ាន​ដ៏ធំ​​​ក្នុង​​ភាព​​​ស្មើ​មុខ​​ស្មើ​មាត់នៅលើ​ឆាក​អន្តរជាតិរួចទៅហើយ​។​​​ សម្រាប់អ្នកវិភាគនយោបាយអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ បានកត់សំគាល់ថា សហភាពអឺរ៉ុបនឹងមិនដកភាពអនុគ្រោះពន្ធ EBA ពីកម្ពុជាឡើយ ហើ​យការពិត វាគ្រាន់តែជាការបំប៉ោងអំពីបញ្ហា EBA គឺជាសង្គ្រាមចិត្តសាស្ត្ររបស់ក្រុមប្រឆាំង ដើ​ម្បី​បម្រើមហិច្ឆិតានយោបាយរបស់ខ្លួនប៉ុណ្ណោះ៕​

 អត្ថបទ​ដោយ​៖ សួន​ ចំរើន

ចែករំលែក

បញ្ចេញយោបល់