អ្នកវិភាគចៅចាក់ស្មុក៖ កំហុសលើកំហុសក្នុងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំង

10

ខណៈអ្នកនយោបាយអឺរ៉ុបមួយចំនួនដែលមាននិន្នាការគាំទ្រខ្លួន ក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងស្រុក និងអ្នកនយោបាយរត់ចោលស្រុកមួយចំនួន បាន និងកំពុងពុលទឹកមាត់ ស៊ីជោរនឹងការគំរាមកំហែងរបស់ ជនបរទេសមកលើកម្ពុជា នៅជុំវិញប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (EBA) ដោយបានព្យាយាមបំភ្លៃ បំផ្លើស និងបំភ័យប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រនានា។

EBA គឺជាការអនុគ្រោះផ្នែកពាណិជ្ជកម្មមួយរបស់សហភាពអ៉ឺរ៉ុប ដែលបានចូលរួមចំណែកក្នុងការជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយ:ពេលពីរទសវត្សចុងក្រោយនេះ និងបានជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាពីជាង ៥០% នៅឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។ ការរៀបរាប់នេះ គឺចង់បង្ហាញថា EBA គឺជាការអនុគ្រោះមួយរបស់អឺរ៉ុប សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ហើយវាមិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយ ឬក្រុមណាមួយឡើយ។

ក្រុមប្រឆាំងបានធ្វើកំហុសមួយយ៉ាងធំ ដោយយកផលប្រយោជន៍របស់ប្រជាជនខ្មែរទាំងមូល ដើម្បីជាថ្នូរ ដោះដូរនឹងផលប្រយោជន៍សួនតួរបស់ក្រុមខ្លួន។ ប្រជាជនខ្មែរ គួរមើលឃើញឱ្យច្បាស់អំពី នយោបាយក្បត់ ប្រជាជន និងក្បត់ប្រទេសរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី។ យើងអាចយល់ច្បាស់អំពីមារយាទ និងសណ្តាននយោបាយថោកទាបរបស់ក្រុមប្រឆាំង តាមរយ:ការពិនិត្យឡើងវិញនូវសកម្មភាពរបស់ក្រុម ប្រឆាំងកន្លងមក។

នៅពេលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាពបរិបូរណ៍ និងរីករាយជាមួយនិងកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ, ក្រុមប្រឆាំងបែរជាសាបព្រោះនូវវប្បធម៌បដិវត្តពណ៌នៅកម្ពុជា ដោយរួមគំនិតជាមួយបរទេស ក្រោមមួកនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ្រប់គ្នាបានដឹងច្បាស់ហើយ បដិវត្តន៍ពណ៌ គឺជារបៀបនៃការដណ្តើមអំណាច ដោយប្រើកម្លាំងមហាជន មិនតាមវិធីបោះឆ្នោត ហើយជាទូទៅ គឺបាននាំ ឱ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល និងសង្រ្គាមវិនាសកម្ម ដែលមានជាឧទាហរណ៍យ៉ាងច្បាស់លាស់ នៅក្នុងពិភពអារ៉ាប់ ជាពិសេស គឺ លីប៊ី និងស៊ីរី។ តើប្រជាជនកម្ពុជា សុខចិត្តឱ្យសុខសន្តិភាព ដែលមានរយៈ​ពេល២០ឆ្នាំ នេះត្រូវបំផ្លាញ ដោយបាតដៃក្រុមប្រឆាំងដែរ ឬទេ? ចម្លើយ គឺប្រជាជនកម្ពុជាមិនយល់​ព្រមជា​ដាច់ខាត ហើយប្តេជ្ញាការពារដោយមិនរួញរានូវសុខសន្តិភាពរបស់ប្រទេស ដែលជាសមិទ្ធផល​កើតចេញពីការ​បូជាសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនស្នេហាជាតិកម្ពុជា។

ក្នុងន័យនេះ គណបក្សសង្រ្គោះជាតិដែលបានរួមគំនិតគ្នា​ជាមួយបរទេសដើម្បីរៀបចំ​សកម្មភាពបដិវត្តន៍ពណ៌​នៅកម្ពុជា ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ជាមួយភស្តុតាងជាច្រើន ដោយរួមទាំងសម្តីសារភាពរបស់ កឹម សុខា ដែលថ្លែងរៀបរាប់អំពីផែនការក្បត់នេះ នៅប្រទេសអូស្រ្តាលី និងថតជាវីដេអូឃ្លីបផ្សព្វផ្សាយ ជាសាធារណៈយ៉ាងគឃ្លើន និងប្រកបដោយមោទនភាពចំពោះ​ផែនការ​បដិវត្តន៍​ពណ៌នេះ។ ប្រជាជនកម្ពុជាជាង ៨៣% ក៏បានសម្តែងឆន្ទៈរបស់ខ្លួន តាមរយ:ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយប្រជាជន​ភាគច្រើន​បាន​បោះឆ្នោតជ្រើសរើស និងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស ដោយសារមើលឃើញច្បាស់​អំពីវីរៈភាព និងស្នាដៃធំធេងរបស់គណបក្សនេះចំពោះជាតិ និងមាតុភូមិ ពិសេស ការបញ្ចប់សង្រ្គាម នាំមកនូវ​សន្តិភាព និងឯកភាពទឹកដីពេញបរិបូរណ៍ ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលាចំពោះផែនការ​បដិវត្តន៍​ពណ៌​របស់ក្រុមប្រឆាំង ហើយធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជូនប្រជាជន និងមាតុភូមិដ៏​កំសត់​របស់យើង។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតកន្លងទៅ បើទោះជាគាត់មានគណបក្ស​ភ្លើងទៀន ឬគណបក្សសិទ្ធិមនុស្សដើម្បីចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតក៏ដោយ។ នេះក៏ដោយសារតែ សម រង្ស៊ី ចង់យកការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីធ្វើប្រជាមតិ ដោយភ្នាល់ដាក់ជីវិត​នយោបាយ​តាមរយៈការ អំពាវនាវប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ដោយសារពុំមានវត្តមាន​គណបក្សសង្រ្គោះជាតិ។ សម រង្ស៊ី ធ្វើជម្រើសនេះប្រកបដោយអំនួតនយោបាយ និងមានជំនឿថា ប្រជាពលរដ្ឋជាង ៥០% នឹងមិនចេញទៅបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋជាង៨៣% បានចេញទៅ​បោះឆ្នោត ដែលជាកំផ្លៀងនយោបាយមួយធ្វើឱ្យ សម រង្ស៊ី និងក្រុមប្រឆាំងរងការអាម៉ាស់យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បរាជ័យនេះ។

តើអ្នកណា ឬក្រុមណា ទៅអង្គុយលត់ជង្គង់ជាប្រចាំបញ្ចុះបញ្ចូល និងអង្វរបរទេសឱ្យកាត់ EBA ពីខ្មែរ? តើអ្នកណា ឬក្រុមណា ដែលសុខចិត្តចំណាយលុយរាប់សិបម៉ឺនដុល្លារ ជួលក្រុមហ៊ុនបរទេស អោយធ្វើសកម្មភាព​ប្រឆាំងនឹងកម្ពុជា ហើយផ្សព្វផ្សាយព័ត៌មានបំផ្លាញមុខមាត់ប្រទេស និងបន្ទាបបន្ថោកជាតិសាសន៍ឯង ? បើធ្វើនយោបាយខ្វះឧត្តមគតិជាតិ ដោយមិនតម្កល់ប្រយោជន៍ជាតិជាធំ ហើយដាក់ខ្លួនជាខ្ញុំបម្រើបរទេស តើធ្វើនយោបាយដើម្បីអ្វី? នេះហើយបានជាយើងហ៊ាននិយាយដោយ​ច្បាស់ថា ក្រុមប្រឆាំងបានដើរក្រឡាយុទ្ធសាស្រ្តខុសក្បួនតម្រាជាតិ ហើយឆ្លងបន្ទាត់ក្រហមជាតិ ដែលមិនអាចអត់ឱ្យបាននោះទេ។ អ្វីក៏អាចនិយាយគ្នាបាន ប៉ុន្តែ បន្ទាត់ក្រហមជាតិ គឺអធិបតេយ្យជាតិ និងសុខសន្តិភាពប្រទេស ដែលមិនអាចយកជាថ្នូរនឹងជំនួយបរទេសបានឡើយ។ បើត្រូវឱ្យធ្វើការជ្រើសរើសដាច់ខាតរវាងសន្តិភាព និងជំនួយអភិវឌ្ឍន៍ អ្នកនយោបាយស្នេហាជាតិ ដាច់ខាតឈរខាងសុខសន្តិភាពរបស់ប្រទេសហើយ។

តើអ្វីជាថ្នូរ ដែលអឺរ៉ុបចង់បាននៅក្នុងការរក្សា EBA សម្រាប់កម្ពុជា? គឺកម្ពុជា ត្រូវលះបង់ការអនុវត្តច្បាប់​របស់ខ្លួន ដោយឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការសម្រេច រំលាយចោលនោះ អាចរស់​ឡើង​វិញបាន។ រឿងរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់នេះ ក៏បានជួយ​បំផ្លាញចោលនូវឧបាយកល និងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ ធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ចៀសផុតដោយជោគជ័យពីស្ថានភាពចលាចល និងសង្រ្គាមដូចក្នុងបណ្តា ប្រទេសមួយចំនួនក្នុងពពិភពអារ៉ាប់ ដែលកើតមានចលនាបដិវត្តន៍ពណ៌។ ដូចនេះ ប្រសិនបើឱ្យ​គណបក្សសង្រ្គោះជាតិរស់ឡើងវិញជាថ្នូរនឹងការរក្សា EBA មានន័យថា កម្ពុជា ត្រូវលះបង់ចោលការ​អនុវត្ត​ច្បាប់​របស់ខ្លួន ហើយអនុញ្ញាតឱ្យបរទេសអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាការបំពាននូវ​ឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាឌួងព្រលឹងរបស់ប្រទេស ។ លះបង់ការអនុវត្តច្បាប់ពេលនេះ ចំពោះរឿងនេះ គឺដាច់ខាតមិនចប់ត្រឹមនេះទេ បរទេសនឹងប្រើវិធីនេះ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាថ្មី នៅក្នុងសំណុំរឿងផ្សេងៗទៀត។ ដូចនេះ បើពិនិត្យឱ្យបានស៊ីជម្រៅទៅ បញ្ហានេះពុំមែនជាបញ្ហារឿង​គណបក្សសង្រ្គោះជាតិនោះទេ តែជារឿងឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាអាយុជីវិតរបស់ប្រទេស។

ហេតុអ្វីបានជាអឺរ៉ុបកាន់ជើងគណបក្សសង្រ្គោះជាតិ ហើយទាមទារ្យប្រស់បក្សប្រឆាំងមួយនេះ​ដែលស្លាប់​ទៅ​ហើយនោះឱ្យរស់ឡើងវិញ? ហេតុអ្វីបានជាអឹរ៉ុបមើលមិនឃើញ គណបក្សចំនួន២០ ដែលបានចូលរួមក្នុង​ការបោះឆ្នោតកន្លងទៅ ហើយបែរជាលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យទៅវិញ? មូលហេតុពិតប្រាកដ គឺក្រុមប្រឆាំង គឺជាខ្ញុំបម្រើបរទេស និងអាយ៉ងបរទេស ហើយបរទេស អាចប្រើជាកូនអុក សម្រាប់ផលប្រយោជន៍​​ភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់តែប៉ុណ្ណោះ។ យើងក៏គួរទទួលស្គាល់​ការ​ពិតដែរថា ការចងសម្ព័ន្ធគ្នារវាងបក្សសង្រ្គោះជាតិ និងបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្រ្គោះជាតិ គឺមិនមែនជាឆន្ទៈពិតប្រាកដរបស់ សម រង្ស៊ី និង កឹម សុខា នោះទេ ប៉ុន្តែ គឺជាការផ្សំផ្គុំរបស់បរទេស ហើយ​សូម្បី​កម្មវិធីនយោបាយរបស់គណបក្សនេះ ក៏បរទេសជាអ្នករៀបចំឱ្យដែរ។ គណបក្សនេះមានសំបកជា​គណបក្សខ្មែរ ប៉ុន្តែ ខួរក្បាល និងមធ្យោបាយ គឺជាបរទេស។ តើក្នុងលោកនេះប្រទេសណាអនុញ្ញាត​ឱ្យធ្វើដូច្នេះ? ប្រទេសអាមេរិក និងអឺរ៉ុប មិនអនុញ្ញាតឱ្យមានរឿងរបៀបនេះកើតឡើង លើទឹកដីខ្លួននោៈទេ។ ភាសាខ្មែរសាមញ្ញថា បើយើងវាយកូនគេ ឪពុកម្តាយដាច់ខាតមិននៅស្ងៀមនោះទេ ទោះកូនគេខុសក៏ដោយ។

ជារួមបើពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បញ្ហារឿង EBA របស់កម្ពុជា គឺប្រាកដណាស់ មិនមែនជារឿង​ប្រជាធិបតេយ្យអ្វីនោះទេ តែជារឿងនយោបាយ សុទ្ធសាធ ព្រោះឡាវ ដែលជាប្រទេសក្បែរខាងយើងប្រកាន់​យករបបកុម្មុយនីស្ត តែនៅអាចរក្សា EBA។ បើអឺរ៉ុប ដក EBA ពីកម្ពុជា គឺអឺរ៉ុបបានប្រព្រឹត្តកំហុសជាថ្មី​សម្រាប់ប្រជាជនកម្ពុជា ដោយហេតុថា អឺរ៉ុបធ្វើការជ្រើសរើសក្រុមប្រឆាំង ដែលជាមនុស្សមួយក្តាប់តូច និងបោះបង់ចោលប្រជាជនកម្ពុជាទាំងមូលដែលកំពុងទទួលផលប្រយោជន៍ពី EBA។ ទន្ទឹមនេះ ការដក EBA ក៏មានន័យស្មើនឹងការបិទខ្យល់ដង្ហើមរបស់ក្រុមប្រឆាំងផងដែរ។ យើងគួរចងចាំដែរថា នៅពេលដែលអឺរ៉ុប​គំរាមដក EBA ពីកម្ពុជា គឺក្រុមប្រឆាំងមានទឹកមាត់ ដើម្បីអាចទទួលបាន ដំណោះស្រាយជាបន្តបន្ទាប់សម្រាប់​ស្ថានការណ៍បច្ចុប្បន្នរបស់កម្ពុជា ដោយរួមមានការដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន និងការប្រើប្រាស់​នូវបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី ក្នុងការស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសអោយទណ្ឌិតមួយ​ចំនួន​ដែលបានសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបានប្រព្រឹត្ត ដែលនេះ ក៏ជាកាយវិការ យោគយល់គ្នាក្នុងនាមជាខ្មែរផង និងជាគន្លងនៃការអនុវត្តស្របតាមច្បាប់របស់ប្រទេសផង។

បើ EBA ត្រូវបានអឺរ៉ុបដកបាត់មែន ក្រុមប្រឆាំងបានចូលក្នុងអន្ទាក់នៃ «ល្បែងចាញ់-ចាញ់» ។ ចាញ់ទី១ គឺចាញ់ចំពោះជាតិ និងប្រជាជនរបស់ខ្លួន ដោយសារការដក EBA គឺជាកំហុសរបស់ក្រុមខ្លួន ក្នុងការ​បញ្ចុះបញ្ចូលអឺរ៉ុបឱ្យដក EBA, ចាញ់ទី២ គឺចាញ់ក្នុងយុទ្ធសាស្រ្តនយោបាយ ដោយសារទាល់ច្រកអស់ផ្លូវដើរ និងលែងអាចដាក់សម្ពាធលើ គណបក្សកាន់អំណាចបាន។ យើងអាចដាក់ជាសំណួរថា តើក្រុមប្រឆាំង​នឹងអំពាវនាវអ្វីទៀត ហើយបញ្ចុះបញ្ចូលឱ្យបរទេស ដាក់សម្ពាធអ្វីទៀតមកលើកម្ពុជា? ហើយតើអ្វីទៅជា​ជោគវាសនា និងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំងសម្រាប់ពេលខាងមុខ? តើអ្វីទៅជាជោគវាសនារបស់ កឹម សុខា ដែលកំពុងជាប់ក្នុងសំណុំរឿងក្បត់ជាតិនៅក្នុងប្រទេស?

ក្រុមប្រឆាំងគួររៀតសូត្រអំពីទស្សន:ប្រវត្តិសាស្រ្តអោយបានស៊ីជម្រៅ និងរៀនស្គាល់អោយ​ច្បាស់អំពីតួអង្គ​នយោបាយដែលមិនអាចខ្វះបានសម្រាប់កម្ពុជា គឺ បុរសខ្លាំង ដែលមានគោរម្យងារជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”។ ក្រុមប្រឆាំងត្រូវចាំអោយច្បាស់ថា គណបក្សកាន់អំណាច​បច្ចុប្បន្ន គឺមានសាគ្គីភាពផ្ទៃក្នុងរឹងមាំល្អណាស់ ហើយថែមទាំងកំពុងកាន់អាត់ដល់ទៅបួនក្នុងដៃ បូកថែម ចូកឃើ (Jokers) ចំនួនពីរ សម្រាប់ឈ្នះល្បែងនយោបាយជាមួយក្រុមប្រឆាំងដែលបំផ្លាញជាតិ ៕

ដោយ៖ ចៅចាក់ស្មុក
រាត្រិថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨


ចែករំលែក

បញ្ចេញយោបល់