ធនាគារជាតិប្រកាសអោយពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយផ្ដល់ឥណទានតាមទូរស័ព្ទ

ថ្ងៃចន្ទ ទី ១៥ តុលា ២០១៨​
21

នៅក្នុងពេលបច្ចុប្បន្ននេះ សកម្មភាពផ្ញើរសារតាមទូរសព្ទ័ដៃ ពីការផ្ដល់ឥណទានទៅកាន់ប្រជាពលរដ្ឋហាក់មានកំនើនខ្លាំងឡើងៗ ដោយមិនដឹងប្រភពច្បាស់លាស់មកពីណា រឺគ្មានស្ថាប័នច្បាស់លាស់ ដែលអាចបណ្ដាលអោយពលរដ្ឋមានហានិភ័យកើតឡើងបើសិនជាហ៊ានទទួលយកឥណទានទាំងនោះ ។ ដើម្បីទប់ស្កាត់ហានិភ័យដែលកើតពីបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយប្រកាសអោយពលរដ្ឋមានប្រុងប្រយ័ត្ន ។

ដើម្បីទប់ស្កាត់នូវហានិភ័យដែលនឹងកើតឡើងពីការចងការប្រាក់របស់ក្រុមសង្គមងងិត ដោយការផ្ញើរសារទៅកាន់ប្រជាពលរដ្ឋតាមទូរស័ព្ទ ផ្សព្វផ្សាយពីការផ្ដល់ប្រាក់កម្ចីមានភាពងាយស្រួល ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលលើស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា បានប្រកាសជូនដំណឹងអោយពលរដ្ឋមានការប្រុងប្រយ័ត្នចាញ់បោកការឃោសនារបស់ក្រុមទាំងនោះ ។

យោងតាមសេចក្តីជូនដំនឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីដើមខែ តុលា ២០១៨នេះ ទង្វើទាំងនេះ គឺជាអំពើខុសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយក្រុមហ៊ុន រឺបុគ្គលទាំងនោះ ដោយមិនមានការអនុញ្ញាតផ្ដល់សេវាប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជានោះឡើយ ។

តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាដដែលនេះ បានបញ្ជាកផងដែរថា សូមអោយប្រជាពលរដ្ឋមានប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្ចីក្រៅផ្លូវការ ដែលអាចប្រឈមនឹងការចាញ់បោកល្បិចកលរបស់ឈ្មួញចងការប្រាក់និងហានិភ័យផ្សេងជាយថាហេតុ ។

សូមបញ្ជាក់ថា ក្រុមឈ្មួញ មិនដឹងប្រភពច្បាស់លាស់ទាំងនោះ តែងតែផ្ញើសារចូលទៅកាន់ទូរសព្ទ័របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងអត្ថន័យខ្លះថា ប្រាក់កម្ចីអាជីវកម្មស្របច្បាប់ អ្នកផ្សេងមិនអោយកម្ចីខ្ញុំអាចកម្ចីជូន ។ មានន័យថា បើអ្នកណាត្រូវការខ្ចីប្រាក់បន្ទាន់អាចទៅរកក្រុមរបស់គេ ដោយទាក់ទងតាមទូរសព្ទ័ ដែលគេផ្ញើរសារមក ឬខ្លះទៀត កម្ចីដែលមានការប្រាក់ទាប បែបបទងាយៗ ដល់ដៃរហ័ស និងមានរង្វាន់ ។ ពេលខ្លះនៅក្នុងសារនោះ ក៏ស្ទើរតែអាចមិនយល់សេចក្តី ប្រៀបដូចជាជនបរទេសសរសេរជាភាសាផ្សេងរួចបកប្រែខ្មែរ និងផ្ញើរទៅកាន់ទូរសព្ទ័ពលរដ្ឋជាច្រើន ដែលកំពុងកាន់ទូរស័ព្ទ ។ សារទាំងនេះ អាចនឹងធ្វើអោយប្រជាពលរដ្ឋដែលត្រូវការប្រាក់បន្ទាន់ស្វែងរកពួកគេ ដោយទាក់ទងត្រលប់ទៅវិញតាមរយៈលេខដែលពួកគេដាក់ចូលទៅក្នុងសារនោះ ហើយវានឹងមានបញ្ហាប្រឈម នៅពេលប្រជាពលរដ្ឋបានប្រាក់កម្ចីទាំងនោះ ហើយមិនដឹងថាតើនីតិវិធីរបស់ពួកគេយ៉ាងណានោះទេ មុននឹងពួកគេផ្ដល់កម្ចីជូន ។

គួរបញ្ជាក់ថាក្នុងរយៈពេលជាង១ឆ្នាំនេះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ហាក់មិនមានបញ្ហាប្រឈមអ្វីកើតឡើងនោះទេ បន្ទាប់ពីបានរងនូវសម្ពាធមួយចំនួនដូចជាការកំណត់ពិដានការប្រាក់របស់រាជរដ្ឋាភិបាល និងការផ្លាស់ប្តូរស្លាកសញ្ញារបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនរួចមក ។

បើតាមលោកឧកញ៉ា ហួត អៀងតុង អគ្គនាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បច្ចុប្បន្នសកម្មភាពវិស័យហិរញ្ញវត្ថុកម្ពុជា មិនមានបញ្ហាអ្វីចោទឡើយ ក្នុងទាំងប្រាក់បញ្ញើសន្សំនិងផលបត្រឥណទាន នៅតែមានភាពល្អប្រសើរ ។ តាមរយៈកំណើនប្រាក់បញ្ញើសន្សំ និងឥណទារបស់ស្ថាប័ននីមួយៗ បានបញ្ជាក់ថា ប្រជាពលរដ្ឋនិងវិនិយោគិននៅតែទុកចិត្តលើស្ថាប័នហិរញ្ញវត្ថុ ស្ថានភាពសេដ្ឋកិច្ចក៏ដូចជាស្ថេរិភាពនយោបាយកម្ពុជាផងដែរ ។

យោងតាមរបាយកាណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គ្រឹះស្ថានធនាគារបន្តរីកចម្រើនគួរអោយកត់សម្គាល់ ដោយក្នុងនោះទ្រព្យសកម្មបានកើនឡើងប្រមាណ ១៦,២ភាគរយ ឥណទានកើនឡើងប្រមាណ ១៦,៨ភាគរយ ខណៈប្រាក់បញ្ញើសន្សំក៏បានកើនឡើងជាង ២១,៥ភាគរយផងដែរ ។ ដោយឡែកស្ថានភាពមីក្រូហិរញ្ញវត្ថុវិញ ក៏បានបន្តរីកចម្រើនទាំងវិសាលភាព និងទំហំប្រតិបត្តិការ ដោយបានរួមចំណែកកាន់តែខ្លាំងក្នុងការបន្តជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទផងដែរ ។ តាមរបាយការណ៍បានបង្ហាញប្រាក់បញ្ញើសរុបរបស់មីក្រូហិរញ្ញវត្ថុ បានកើនឡើង២៤,៧ភាគរយ ខណៈឥណទានក៏បានកើនឡើងជាង៣៤,២ភាគរយផងដែរ ៕

បញ្ចេញយោបល់