ចិនប្ដេជ្ញាជំរុញតំបន់ស្ពានអាកាសក្បាលថ្នល់ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល

ថ្ងៃអង្គារ ទី ១៨ កញ្ញា ២០១៨​
31

ក្នុងពេលចិនបានឈរលំដាប់កំពូល ជាវិនិយោគិនដាក់ទុនច្រើនជាងគេនៅកម្ពុជា គម្រោងអចលនទ្រព្យធំៗ ត្រូវបានកាន់កាប់ដោយចិន ជាក់ស្ដែងគម្រោងអគារជាច្រើនក៏ត្រូវបានកាន់កាប់ដោយចិនដែរ ហើយចិនប្ដេជ្ញាកែប្រែតំបន់នោះអោយក្លាយជាតំបន់ពាណិជ្ជកម្ម ក៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស ។

តំបន់ស្ពានអាកាសក្បាលថ្នល់សង្កាត់ទន្លេបាសាក់ ត្រូវបានគេមើលឃើញថា កំពុងមានការកែប្រែ ទៅជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយក្នុងរាជធានីភ្នំពេញ សម្រាប់បណ្ដាវិនិយោគិនក្នុងនិងក្រៅប្រទេស។ បើតាមការលើកឡើងពីបណ្ដាវិនិយោគិននានាបានបញ្ជាក់ថា ការសាងសង់អ្វីមួយត្រូវឡើងដោយសារតែមានតម្រូវការ ជាក់ស្ដែងក្នុងតំបន់នោះ បើពុំមានតម្រូវការខុនដូ និងការិយាល័យ នោះក៏គ្មានការសាងសង់ដែរ ។ប៉ុន្តែសម្រាប់តំបន់ក្បែរស្ពានអាកាសក្បាលថ្នល់នេះដែរ ត្រូវបានគេមើលឃើញថា មានអគារលេចធ្លោរពីរបីអគារ ដែលវិនិយោគដោយក្រុមហ៊ុនចិនមួយឈ្មោះថា ព្រីនរៀលអ៊ីស្ទេត ។

នៅក្នុងពិធីបញ្ចប់គ្រោងអគារ ព្រីនស៍ម៉ូឌើនផ្លាហ្សារបស់ ព្រីនស៍ រៀលអ៊ីស្ទេត កាលពីថ្ងៃទី ១៥ កញ្ញានេះ លោក Li Min ( លី មីន) អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ប្រែក្លាយទីតាំងតំបន់ក្បាលថ្នល់នេះ អោយក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន នឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះ តែមានកំណើន ឥតឈប់ឈរ។

លោកបញ្ជាក់ បច្ចុប្បន្ន ក្រុមហ៊ុនបានប្រមូលទិញដីក្នុងទីតាំងតំបន់ស្ពានអាកាសក្បាលថ្នល់នេះ ជាច្រើនម៉ឺនម៉ែត្រការ៉េ រួចរាល់ហើយ ហើយគម្រោងធំៗចំនួន២ ក៏បាន លេចជារូបរាងហើយៗដែរ គឺគម្រោងទី១ ឈ្មោះ Prince Central Plaza និងគម្រោងទី២ ឈ្មោះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលត្រូវបាន ប្រកាសបញ្ចប់គ្រោងអគារនាថ្ងៃនេះ ផ្ទាល់តែម្តង  ចំណែកគម្រោង២ទៀត ក្នុងទីតាំងនេះ នឹងត្រូវបានចាប់ផ្តើម សាងសង់ជាបន្តបន្ទាប់ ។

លោកបញ្ជាក់ថា  ព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារបែបពាណិជ្ជកម្ម និងស្នាក់នៅ ដោយអគារនេះ ត្រូវបានបែងចែកចេញជាពីរ គឺសម្រាប់ធ្វើជាការិយាល័យ និងខុនដូ ដែលមានបន្ទប់សរុបចំនួន ៥៧០ យូនីត កម្ពស់២៧ជាន់ ចំណាយទុនវិនិយោគសរុបអស់ ១០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០១៩នេះ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា វត្តមាននៃគម្រោងធំៗរបស់ក្រុមហ៊ុន ព្រីន ផ្លាហ្សា នៅក្នុងប្រទេសកម្ពុជា ពិតជាបានចួលរួមចំណែក លើកកម្ពស់ការស្នាក់នៅបែបទំនើប ដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងខ្លាំងនៅកម្ពុជា ។

បើតាមប្រសាសន៍លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងកន្លងមកថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់គម្រោងចំនួន១.៩៧៣ ដែលមានទុនវិនិយោគសរុបចំនួន២.៩៩៦លានដុល្លារអាមេរិក ក្នុងនោះ មានប្រទេស១០ ដែលលេចធ្លោក្នុងការវិនិយោគវិស័យអចលនវត្ថុនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន វិនិយោគទុនសរុបជាង១,៥ពាន់លានដុល្លារអាមេរិក ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា  ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននេះ ប្ដេជ្ញាបង្កើនទុនវិនិយោគអោយបាន១០ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះខេត្តព្រះសីហនុក៏ជាគោលដៅ មួយរបស់ក្រុមហ៊ុននេះដែរ ៕

ចែករំលែក

បញ្ចេញយោបល់