សាលារាជធានី ដាក់អោយប្រើប្រាស់នូវការទូទាត់ប្រាក់តាម QR Code របស់អេស៊ីលីដា

ថ្ងៃអង្គារ ទី ១៨ កញ្ញា ២០១៨​
40

​ដើម្បីចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពន្លឿនការងាររបស់ ប្រជាពលរដ្ឋដែលប្រើសេវារថយន្តក្រុងសាធារណៈ សាលារាជធានីភ្នំពេញ បានសហការជាមួយជាមួយធនាគារអេស៊ីលីដា ដាក់អោយប្រើប្រាស់ការទូទាត់តាម QR  Code អេស៊ីលីដា​ទាន់ចិត្ត ។

​ក្នុងពេលដែលបច្ចេកវិទ្យាក្នុងការទូទាត់ប្រាក់នៅកម្ពុជា កាន់តែទំនើប និងពន្លឿនការងារផ្សេងៗនោះ សាលារាជធានីភ្នំពេញ បានសហការជាមួយធនាគារក្នុងស្រុកធំជាងគេមួយ ដើម្បីអោយប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកម្មរថយន្តសាធារណៈរបស់រាជធានី ទូទាត់ថ្លៃចំណាយតាមប្រព័ន្ធ QR Code អេស៊ីលីដាទាន់ចិត្ត ។

នៅក្នុងពិធីសន្និសីទកាលពីថ្ងៃទី១៥កញ្ញា ២០១៨នេះ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានអោយដឹងថា ការបំពាក់និងដាក់អោយអតិថិជនជិះរថយន្តក្រុងអាចទូទាត់ប្រាក់តាមប្រព័ន្ធ QR Code នេះ គឺជាការធ្វើទំនើបកម្មមួយក្នុងសម័យបច្ចេកវិទ្យាទំនើប ។ ហើយការជ្រើសរើសយកអេស៊ីលីដាយូនីធីទាន់ចិត្តនេះ គឺជាជម្រើសថ្មីមួយទៀត ដើម្បីអោយអតិថិជនអាចមានជម្រើសរើសច្រើន ម្យ៉ាងទៀតប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកម្មរបស់ធនាគារអែស៊ីលីដា ក៏មានច្រើនដែរ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសារតែកន្លង អេស៊ីលីដា បានមើលឃើញថា ការទូទាត់នូវសេវាកម្មជិះរថយន្តក្រុងសាធារណៈ មានការពិបាកបន្តិច រឺ យឺតយ៉ាវក្នុងការទូទាត់ ទើបអេស៊ីលីដា បានចូលរួមសហការជាមួយសាលាក្រុង ដើម្បីអតិថិជនដែលប្រើប្រាស់សេវាកម្មរថយន្តក្រុងអាចទូទាត់តាមប្រព័ន្ធ QR Code របស់អេស៊ីលីដាទាន់ចិត្ត ។

លោកស្រីបន្តថា ការប្រើប្រាស់អេស៊ីលីដាទាន់ចិត្តរបស់ធនាគារអេស៊ីលីដា នឹងផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកជិះរថយន្តក្រុង ព្រោះក្នុងប្រព័ន្ធ QR នោះ បានកំនត់តម្លៃរួចហើយ ដូចនេះគ្រាន់តែស្កែន QR ដែលបំពាក់នៅក្នុងរថយន្តក្រុងនោះ នឹងកាត់ត្រឹមនូវចំនួនទឹកប្រាក់ដែលប្រើប្រាស់សម្រាប់សេវាកម្មជិះរថយន្តក្រុងនោះ ។ ដូចនេះអតិថិជនមិនបាច់ភ័យពីការមិនមានលុយរាយ រឺត្រូវរកលុយរាយដើម្បីត្រៀមជិះរថយន្តក្រុងទេ ហើយម្យ៉ាងទៀត ក៏វាបានជួយលើកកម្ពស់នូវបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាបានផងដែរ ។ម្យ៉ាងទៀត ការប្រើប្រាស់ប្រព័ន្ធ QR នេះដែរ ក៏បានជំរុញអោយពលរដ្ឋប្រើប្រាស់មធ្យោបាយសាធារណៈអោ យ កាន់ តែ ច្រើន ព្រោះកាលណាយើងមានការទូទាត់លឿនរហ័សប្រជាពលរដ្ឋនឹងចង់ប្រើ ដូចនេះ វានឹងកាត់បន្ថយនូវការបំពុលបរិយាកាស ពីការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនច្រើន ។

លោកស្រីបន្ថែមថា រហូតមកដល់ពេលនេះ អតិថិជនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលប្រើប្រាស់សេវា អេស៊ីលីដាទាន់ចិត្ត មានជាង៦០ម៉ឺននាក់ ដូចនេះ ការដាក់អោយប្រើប្រាស់ការទូទាត់តាមរថយន្តក្រុង លោកស្រីជឿជាក់ថា នឹងទទួលបានជោគជ័យខ្ពស់ ហើយរំពឹងថាអតិថិជនរបស់ខ្លួន នឹងយកការទូទាត់បែបអេឡិចត្រូនិកនេះ ដើម្បី ជាមធ្យោយបាយទូទាត់ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ប្រាក់តាមអេឡិចត្រូនិច និងតាម QR Code ត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពយ៉ាងផុសផុលនិងបណ្ដាក្រុមហ៊ុននិងធនាគារដែលបង្កើតសេវានេះ  ក៏បានជំរុញអោយប្រជាពលរដ្ឋងាកមកប្រើការទូទាត់តាម អេឡិចត្រូនិក និងQR Code ដែរ ក្នុងនោះ តាមបណ្ដាហាង ភោជនីយដ្ឋាន និងកន្លែងបម្រើសេវាកម្មនានា ដែលបំពាក់នូវការទូទាត់តាមបច្ចេកវិទ្យា ផ្ដល់ការបញ្ចុះតម្លៃជូនភ្លាមផងដែរ ៕

បញ្ចេញយោបល់