អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាថានឹងការពារព្រៃនៅតំបន់ក្បាលឆាយអោយបានទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ

ថ្ងៃអាទិត្យ ទី ១៦ កញ្ញា ២០១៨​
27

ព្រះសីហនុ ៖ នៅរៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាំកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ចំណុច អូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួចកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។

ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ លោក យន្ត មីន ព្រមានជាថ្មីទៀតថាអ្នកណាក៏ដោយដែលជាប់ពាក់ពន្ធ័ក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយនឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។ ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ។

លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ព្រៃនៅតំបន់ក្បាលឆាយនេះគឺជាប្រភពទឹកសាបដ៏សំខាន់បំផុតមិនអាចខ្វះបានទេដូច្នេះត្រូវតែការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។ ទីតាំងដែលស្ថិតនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាលដែលត្រូវជនខិលខូចមួយចំនួនលួចកាប់ឆ្ការរានព្រៃយកដីកាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញដោយសហការជាមួយជំនាញកសិកម្មដាំកូនឈើឡើងវិញទាំងអស់។ លោក យន្ត មីន បានព្រមានធ្ងន់ៗចំពោះអ្នកដែលនៅតែមានមហិច្ឆតាទន្ទ្រានព្រៃក្បាលឆាយទាំងឡាយ សូមដកខ្លួនចេញជាបន្ទាន់។

យោងតាមលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនាពេលនេះមានចំនួន៥៥០០ដើម ជាប្រភេទឈើគគីរ និងកូនក្រញូង ទីធ្លារដែលត្រូវដាំពេលនេះមានទំហំ៥ហិចតា។ លោកបន្ថែមថា តាមគម្រោងរបស់ លោកអភិបាលខេត្តព្រះសីហនុ គ្រោងដាំជាច្រើនកន្លែងទៀតក្នុងតំបន់ក្បាលឆាយនេះ។ នៅកន្លែងណាដែលគេបានលួចកាប់ព្រៃអស់នឹងធ្វើការដាំដុះឡើងវិញទាំងអស់នៅពេលខាងមុខ។

សូមបញ្ជាក់ថាតំបន់ក្បាលឆាយនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ១១៦ ដាក់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង និងតម្រូវអោយធ្វើការការពារព្រៃនេះអោយបានសំរាប់រក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅខេត្តព្រះសីហនុទាំងមូល។

ទន្ទឹមនេះដែរ ក្នុងអាណត្តិ លោក យន្ត មីន ជាអភិបាលខេត្ត ដោយមើលឃើញការលំបាកចាំបាច់របស់ប្រជាជនរស់នៅជាក់ស្តែងក្នុងតំបន់ក្បាលឆាយ រដ្ឋាភិបាលក៏បានសម្រេចកាត់ឆ្វៀលដីមួយផ្នែកតូចដើម្បីអោយរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូនពលរដ្ឋជាចំណែកគោលនយោបាយ៥ម គុណ ២០ម ។​ តែទោះជាបែបនេះ​ក្តី ក៏សង្គេតឃើញថានៅមានបុគ្គលខ្លះនៅតែបន្តលបលួចកាប់ឆ្ការដុតរានព្រៃយកដីកាន់កាប់ជាបន្តបន្ទាប់តាមការអូសទាញពីមេខ្យល់មួយចំនួន។

តែយ៉ាងណា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាក់យ៉ាងដាច់ខាតថាត្រូវតែការពាអោយបាន និងចាត់វិធានការក្តៅដោយគ្មានការលើក​លែង​​ទៀតឡើយ។
អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចការពារព្រៃតំបន់ក្បាលឆាយនេះជាប់រហូតមក៕

បញ្ចេញយោបល់