អ្នកវិភាគចៅចាក់ស្មុក៖ ផែនការបំផ្លាញកម្ពុជា បំផ្លាញរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីស្របច្បាប់ ពីសំណាក់ក្រុមកញ្ជះបរទេសបានទទួលលទ្ធផលបរាជ័យយ៉ាងអាម៉ាស់បំផុត

18

ការប៉ុនប៉ងម្តងហើយម្តងទៀតក្នុងការបំផ្លាញកម្ពុជា បំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបរាជ័យរហូត ហើយនៅថ្ងៃនេះ ក្រុមអ្នកប្រឆាំងរត់ចោលស្រុក និងក្រុមកញ្ជះបរទេសបានជួបនឹងភាពបរាជ័យយ៉ាងអាម៉ាស់ជាថ្មីមួយទៀត ជាមួយនឹងការរៀបចំការស្ទង់មតិរបស់ខ្លួនដែលធ្វើឡើងក្នុងចេតនា បំផ្លាញនីត្យានុកូលភាពរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលទើបនឹងបង្កើតថ្មី ព្យាយាមបន្ទាបបន្ធោកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសកម្ពុជា។

លទ្ធផលចុងក្រោយនៃការ ស្ទង់មតិតាមបណ្តាញទំនាក់ទំនងសង្គមធ្វើដោយវិទ្យុអាស៊ីសេរី នៅលើទំព័រ Facebook របស់ខ្លួន ដែលមានសមាជិកជាង៥លាននាក់ បានបង្ហាញថា ផែនការបំផ្លាញកម្ពុជានេះបានបែរមុខទៅរកវិទ្យុអាស៊ីសេរី និងក្រុមអ្នកនយោបាយរត់ចោលស្រុកវិញ ព្រោះថាលទ្ធផលចុងក្រោយដែលបានបញ្ចប់នៅម៉ោង ២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីដំណើរការស្ទង់មតិរយៈពេល៧ថ្ងៃមកនេះ បង្ហាញថា ក្នុងចំណោមអ្នកដែលចូលរួមបោះឆ្នោតចំនួនជាង ៨៧១០០០នាក់ គឺជាង៧៩០០០នាក់ ឬស្មើនឹង ៩១% នៃអ្នកបោះឆ្នោតសរុបបានបោះឆ្នោតគាំទ្រទទួលស្គាល់រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលទើបនឹងបង្កើតឡើងនេះ ទល់នឹងអ្នកដែលមិនទទួលស្គាល់ដែលមានត្រឹមតែ ៨០០០ នាក់ ឬស្មើនឹង៩% តែប៉ុណ្ណោះ។

តើការស្ទង់មតិនេះមានន័យយ៉ាងដូចម្តេច? តាមពិតរដ្ឋសភាដឹកនាំដោយលោក ហេង សំរិន និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មាននីត្យានុកូលភាព ពេញលេញស្របតាមច្បាប់ រួចស្រេចទៅហើយពីព្រោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិទាំងពីរនេះ បានកើតចេញពីការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន។

គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងឆ្នោតចំនួន ៧៦,៨៥% នៃចំនួនសន្លឹកឆ្នោតបានការសរុបចំនួនអ្នក មកបោះឆ្នោតចំនួន ៦ ៩៥៦ ៩០០ នាក់ ស្មើនឹង ៨៣,០២% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ការស្ទង់មតិ ដែលធ្វើឡើងដោយវិទ្យុអាស៊ីសេរីនេះ តាមពិតទៅមានគោលបំណងវាយប្រហារគណបក្សប្រជាជន និងការបន្ទាបបន្ធោករដ្ឋសភា និងរដ្ឋាភិបាលថ្មីតាមផែនការចៅហ្វាយនាយបរទេសរបស់ខ្លួន ប៉ុន្តែពួកគេបានទទួលនូវភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ពីព្រោះអ្វីដែលពួកគេរំពឹងទុកថា នឹងមានអ្នកបោះឆ្នោតមិនទទួលស្គាល់ច្រើននៅលើហ្វេសប៊ុក បែរជាមានចំនួនតិចតួច ចំណែកអ្នកដែលគាំទ្ររដ្ឋសភា និងរដ្ឋាភិបាលថ្មីមានចំនួនច្រើនលើសលប់បំផុត។

លទ្ធផលស្ទង់មតិនេះគឺជាការទះកំផ្លៀងពេញមួយទំហឹងលើក្រុមកញ្ជះបរទេស និងបង្ហាញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ពលរដ្ឋខ្មែរនៅតែគាំទ្រលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានិច្ច។ ទោះបីជាវិទ្យុអាស៊ីសេរី និងក្រុមអ្នកនយោបាយវង្វេងជាតិខិតខំបំភ្លៃ ការពិតយ៉ាងណា ក៏ពលរដ្ឋខ្មែរមិនជឿឡើយ និងប្រកាន់ជំហរជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលរកបានមកដោយពិបាកដែល កម្ពុជាកំពុងមានសព្វថ្ងៃនេះ។

តាមរយៈលទ្ធផលនៃការស្ទង់មតិដែលពលរដ្ឋចំនួន ៩១% បង្ហាញការទទួលស្គាល់ និងគាំទ្ររដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីនេះគឺជាសារដ៏សំខាន់ប្រាប់ដល់ ក្រុមអ្នកនយោបាយបំផ្លាញជាតិថា ពលរដ្ឋខ្មែរបានយល់ច្បាស់ថា តើនរណាជាអ្នកការពារជាតិ និងប្រជាជនកម្ពុជាពិតប្រាកដ ហើយតើនរណាជាអ្នកដើរបំផ្លាញជាតិ ខ្មែរ នរណាជាអ្នកដែលដើរអំពាវនាវឱ្យបរទេសដាក់សម្ពាធនយោបាយ សេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា ហើយដឹងថាគឺក្រុមប្រឆាំងរត់ចោលស្រុក និងក្រុមកញ្ជះបរទេសដូចជា វិទ្យុអាស៊ីសេរី ដែលបានដើរអង្វរលត់ជង្គង់ ឱ្យបរទេសឈប់ផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។

នៅពេលនេះពួកគេគ្មានអ្វីទៀត ដែលត្រូវបោកប្រាស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋ ខ្មែរកាន់តែរឹងមាំនៅជុំវិញគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកបំផ្លាញជាតិដូចជាសម រង្ស៊ី និងជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរីភាសាខ្មែរដែលវង្វេងជាតិ។ ការស្ទង់ មតិបានចប់សព្វគ្រប់ហើយ លទ្ធផលក៏បានដឹងផងដែរ តើម្ចាស់អ្នករៀបចំការស្ទង់មតិនេះនឹងហ៊ានយករបាយការណ៍លទ្ធផលនៃការស្ទង់មតិនេះមកផ្សព្វផ្សាយ លើបណ្តាញព័ត៌មានរបស់ខ្លួនឬទេ?
ទំនងមិនហ៊ានឡើយ ព្រោះការចាប់ផ្តើមដំបូង វិទ្យុនេះបានដាក់ការប៉ុស្តិ៍នេះនៅអចិន្ត្រៃយ៍ខាងលើគេ ប៉ុន្តែនៅពេលដែលឃើញ លទ្ធផលមិនដូចអ្វីដែលខ្លួនរំពឹងទុក ក៏បានទម្លាក់ការប៉ុស្តិ៍នេះទៅជាធម្មតាកប់បាត់ក្នុងចំណោមអត្ថបទដែល ខ្លួនបានចុះផ្សាយ ហើយធ្វើជាមិននឹកនាដល់ការស្ទង់មតិដែលខ្លួនបានធ្វើនេះ។ នេះហើយជាភាពថ្លៃថ្នូរនៃអ្នក មានវិជ្ជាជីវៈ ហើយជាអ្នកប្រជាធិបតេយ្យចិត្តសឿង គឺចូលចិត្តរិះគន់វាយប្រហារគេ តែមិនទទួលស្គាល់នូវភាពកម្សោយ និងកំហុសខ្លួនឯង។

ពេលនេះក្រុមអ្នកប្រឆាំងរត់ចោលស្រុក សម រង្ស៊ី និងខ្មែរកញ្ជះបរទេស ជុន ច័ន្ទបុត្រ បានភ្លឺភ្នែក ហើយចំពោះឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែលការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី និង មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លាញជាតិស្រេចតែអំពើចិត្តបានទៀតឡើយ។ លទ្ធផលនៃការស្ទង់មតិនេះ ពិតជាឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដ របស់ពលរដ្ឋខ្មែរដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាង ភ្លូកទឹកភ្លូកដីហើយឆន្ទៈនេះមិនងាករេឡើយគឺឈរការពារសន្តិភាពនិងការភិវឌ្ឍកម្ពុជាឆ្ពោះទៅមុខជានិច្ច ហើយបរាជ័យក្រុមក្បត់ជាតិ៕

ដោយ៖ ចៅចាក់ស្មុក 
រាជធានីភ្នំពេញ, រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់