ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេមេគង្គ ២១៥០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីមូលនិធិព្រះពុទ្ធសាសនា ឆឺជី

7

ត្បូងឃ្មុំ ៖ ដើម្បីរួមចំណែកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែល កំពុងរងគ្រោះដោយជំនន់ ទន្លេមេគង្គ នៅក្នុងខេត្តត្បូងឃ្មុំ មូលនិធិពុទ្ធសាសនា ឆឺជី សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំបាននាំយក អំណោយមកចែកជូនប្រជាពលរដ្ឋចំនួន ២១៥០ គ្រួសារ។ ពិធីចែកអំណោយ មនុស្សធម៌នេះ បានធ្វើឡើងនៅ ដីរបស់លោក ហេង ឡុង ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក សាយ សំអាល់ បានលើកឡើងថា កន្លងមកអាជ្ញាធរឃុំ ស្រុក ខេត្ត បានខិតខំយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ពីទឹកជំនន់ ពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមជាមួយរដ្ឋបាលស្រុក និងខេត្ត។ អំណោយថ្ងៃនេះទោះបីតិចតួចតែសង្ឃឹមថា អាចជួយ ដោះស្រាយការលំបាករបស់បងប្អូនបានខ្លះ ព្រោះនេះគឺជាទឹកចិត្តរបស់មូលនិធិពុទ្ធសាសនា ឆឺជី សម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើមន្រ្តី គ្រប់លំដាប់ថ្នាក់ ព្រោះទីណាមានទុក្ខលំបាក មានក្រុមការងារ មានអាជ្ញាធរខេត្ត តំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា និងចុះដោះស្រាយជូនភ្លាមៗ។

ជាមួយគ្នានោះលោក សាយ សំអាល់ ក៏បានលើកឡើងដែរថា សម្រាប់អ្នកទន្លេ បើមិនជនលិចភូមិទើបចម្លែក ព្រោះពេលទឹកលិចដីស្រែចំការធ្វើឲ្យដីមានជីជាតិ ធ្វើឲ្យដំណាំល្អ និងម្យ៉ាងបានជួយកំចាត់សត្វចង្រៃផ្សេងៗ។ តែយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ពិសេសក្មេងៗ មិនត្រូវបណ្តែតបណ្តោយ ឲ្យកើតមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ នៅគ្រាដែលប្រទេសជាតិមានសុខសន្តិភាព មិនគួរត្រូវបាត់ជីវិត ដោយសារបញ្ហាទាំងនេះទេ ។ ជាងនេះទៅទៀត ត្រូវមានអនាម័យខ្ពស់ ជៀសវាងកើតមានជម្ងឺដង្កាត់ផ្សេងៗ ក្នុងនោះអាជ្ញាធរខេត្ត ដែលមានមន្ទីរជំនាញត្រូវចុះជាប់ជាប្រចាំ ហើយបើសិនជាមានករណីអ្វីកើតឡើងត្រូវ ចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះទេ។

តំណាងមូលនិធិពុទ្ធសាសនា ឆឺជី បានលើកឡើងថា គ្រោះមហន្តរាយកើតមានច្រើននៅលើពីភពលោក មិនថាតែនៅកម្ពុជា នៅប្រទេសជឿនលឿននោះទេ ជាក់ស្តែងដូចជានៅប្រទេសជប៉ុន តៃវ៉ាន់ ឡាវ ភូមា ជាដើម ដូចនេះយើងទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា។ យើងមិនអាចជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះគ្រប់ទីកន្លែងបាននោះទេ មានតែការសូមបួងសួង សុំឲ្យគ្រោះចង្រៃចៀសផុតពីបងប្អូនទាំងអស់គ្នា ។

បើតាមរបាយការណ៍របស់លោក លី ឡេង បានឲ្យដឹងថា ទាំងអំណោយកាកបាទក្រហមកម្ពុជា សប្បុរស ជននានា មានចំនួន១០ លើកមកហើយ ក្នុងនោះអំណោយកាកបាទក្រហមកម្ពុជាចំនួន ៦លើក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះបានចំនួន ៦៥៧៤ គ្រួសារ ។

សូមជម្រាបថា ខេត្តត្បូងឃ្មុំមានស្រុក ចំនួន៤ ដែលរងគ្រោះដោយជំនន់ទន្លេមេគង្គ ក្នុងនោះមានស្រុក២ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដោយបានប៉ះពាល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេចំនួន៨០៤៨ គ្រួសារ។ ក្នុងនោះស្រុក ក្រូចឆ្នារមានឃុំចំនួន ១២ និងប្រជាពលរដ្ឋ ៤,៤៤១ គ្រួសារដែលទទួលរងផលប៉ះពាល់។ ស្រុកត្បូងឃ្មុំទទួលរងផលប៉ះពាល់ចំនួន ៣ឃុំ ស្មើនិង៣៣ភូមិ ហើយប្រជាពលរដ្ឋ និងសត្វពាហនៈត្រូវបានជម្លៀសទៅរកទីទួល សុវត្ថិភាពចំនួន១២កន្លែង ស្មើនឹង៣៤១៧ គ្រួសាររួមជាមួយសត្វគោ ៤៤១៨ក្បាល ក្របី១៦០ក្បាល សេះ ៣៨ក្បាល និងពពែ ៤៦៩ក្បាល ៕

ចែករំលែក

បញ្ចេញយោបល់