អភិបាលខេត្តសៀមរាប ជំនួបពិភាក្សាការងារជាមួយឯកអគ្គកុងស៊ុលកូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការនានាក្នុងខេត្ត

4

សៀមរាប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យ លោក ផាក សឹងឃ្យូរ ដែលជាឯកអគ្គកុងស៊ុលទី១ ប្រចាំខេត្តសៀមរាប ដោយទទួលខុស​ត្រូវខេត្តចំនួន៦ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប មុខពេលលោក​ត្រូវបញ្ចប់បេសកកម្ម ជាឯកអគ្គកុងស៊ុលនៅខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ផាក សឹងឃ្យូរ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងការជួយសម្រួលកិច្ចការងារនៃការទំនាក់ទំនង ជាមួយបងប្អូនប្រជាជនកូរ៉េ ដែលបានមកប្រកបអាជីវ​កម្ម​នៅក្នុងខេត្តសៀមរាប ក៏ដូចខេត្តដទៃទៀត ជាសំខាន់ការធ្វើទិដ្ឋាការជូនដល់ប្រជាពលរដ្ឋកម្ពុជា បានទទួល​លទ្ធផលល្អ។ ម៉្យាងទៀតអាជ្ញាធរខេត្តសៀមរាបក៏បានបង្កភាពងាយស្រួល ក្នុងកិច្ចសហប្រតិបត្តិការ​ល្អនឹងគ្នា​ទៀតផង។

ក្នុងនោះដែរ លោក ផាក សឹងឃ្យូរ ក៏បានសាទរពីការជោគជ័យ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅ​កម្ពុជា ដែលបានដំណើរការទៅដោយសេរី គ្មានអំពើហិង្សា និងបានបង្ហាញពីការគោរពលទ្ធិ​ប្រជាធិបតេយ្យ​ពិតៗ នៅកម្ពុជា ដោយមានប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជាង៨២% លើសបណ្តាប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យស៊ីវិល័យទៀតផង។ លោក ក៏បានសាទរពីរលទ្ធផលនៃការបោះឆ្នោត​នៅខេត្តសៀមរាប ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានទាំង៦អាសនៈផងដែរ។

ក្នុងការជួបពិភាក្សាការងារនេះដែរ លោក ផាក សឹងឃ្យូរ ក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិ​ការរវាងខេត្តសៀមរាប និងខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េ បានទទួលនូវលទ្ធផលជាផ្លែផ្កា ព្រមទាំងទទួល​បាន​សមទ្ធិផលជាច្រើន លើវិស័យអប់រំ សុខាភិបាល ផ្លូវថ្នល់ និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័ត្រចិត្ត មកពិនិត្យព្យា​បាល​​ជម្ងឺជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និង ផ្គត់ផ្គង់ស្បៀងអាហារជាដើម។ លោកបានបន្តទៀតថា ក្នុងអាណត្តិឯកអគ្គកុងស៊ុនប្រចាំខេត្តសៀមរាប លោកបានរួមសហការជាមួយកម្លាំង សមត្ថកិច្ចក្នុង​បណ្តុះបណ្តាល​លើការបង្កាគ្រោះអគ្គីភ័យក្នុងក្រុង ដោយខេត្តសៀមរាប ជាមណ្ឌលប្រមូលផ្តុំទៅដោយ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

លោក ផាក សឹងឃ្យូរ បានគូសបញ្ជាក់ថា ចំពោះកិច្ចអភិវឌ្ឍន៍ភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម គឺប្រជាជនក្រុង​ស៊ូវ៉ុនក៏នៅតែបន្ត កិច្ចសហប្រតិបត្តិការនេះ។ ម៉្យាងទៀតចំពោះ អង្គការចយការកូរ៉េ ក៏បានធ្វើ ការជួសជុល​ប្រាសាទវិធូ ដែលនឹងត្រូវបញ្ចប់គម្រោងរបស់ខ្លួនក្នុងជំហានមួយ នាខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ ទាក់ទង ការងារនេះដែរ ក្រុមបច្ចេកទេសកូរ៉េ បានធ្វើកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើមី្បបង្កើតនូវមន្ទីរ​ពិសោធន៍ ក្នុងការថែទាំថ្មប្រាសាទ ដែលជាសម្បត្តិវប្បធម៌ខ្មែរ ។

លោកក៏បានឲ្យដឹងផងដែរថា នៅខែខាងមុខនេះ ជាខួប៥០ឆ្នាំ បុណ្យឯករាជ្យនៃសាធារណរដ្ឋកូរ៉េ ដែលនឹង​រៀបចំធ្វើការបង្ហាញពីវប្បធម៌ របស់ប្រជាជនកូរ៉េ នៅខេត្តសៀមរាប ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណីនៃ​ប្រទេសទាំងពីរផងដែរ។ លោកបានបន្តទៀតថា អាណត្តិដែលលោកបញ្ចប់បេសកកម្មជាឯកអគ្គកុងស៊ុលនោះ នៅខែមេសា ឆ្នាំ២០១៩ ហើយក៏ត្រូវជាខែដែលលោកចូលនិវត្តន៍ផងដែរ។

លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណុរគុណ ចំពោះឯកអគ្គកុងស៊ុល ប្រចាំនៅខេត្តសៀមរាប ដែលបានរួម​សហការ​ល្អជាមួយអាជ្ញាធរខេត្ត ដោយខេត្តសៀមរាប ជាតំបន់គោលដៅដ៏សំខាន់នៃ​ភ្ញៀវទេសចរណ៍​លើក​ពិភពលោក ចូលមកទស្សនាកម្សាន្ត។ ម៉្យាងទៀតដោយទំហំនៃភ្ញៀវទេចរណ៍កូរ៉េ ចូលមកទស្សនាកម្សាន្ត និង វិនិយោគ ប្រកបអាជីវកម្មនៅខេត្តសៀមរាប ក៏ដូចបណ្តាខេត្តនានាក្នុងតំបន់ ក៏ត្រូវបានជួយ​សម្រួលភាព​ងាយ​ស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលករទៅធ្វើការនៅប្រទេសកូរ៉េ។

លោកក៏បាន លើកផងដែរពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងខេត្តសៀមរាប ជាមួយបណ្តាក្រុង ខេត្តនៃសាធារណរដ្ឋកូរ៉េ ជាសំខាន់ជាមួយទីក្រុងស៊ូវ៉ុន ដែលបានបង្កើតនូវភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ដោយបានកសាងនូវអគារសិក្សា អនុវិទ្យាល័យ សាលាបឋមសិក្សា ព្រមទាំងរៀបចំនូវបរិស្ថាន អនាម័យ​បានល្អទៀតផង។

លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ក្រោយពីការបង្កើតឲ្យមានអគ្គកុងស៊ុលនៅខេត្តសៀមរាប អាជ្ញាធរខេត្ត​បានធ្វើកិច្ចសហការជាមួយឯកអគ្គកុងស៊ុល លើកិច្ចការទំនាក់ទំនងការទូត បានដំណើរការទៅដោយជោគជ័យ និង គាំទ្រនូវរាល់សកម្មភាពរបស់ឯកអគ្គកុងស៊ុល ទៅតាមសំណូមពររបស់លោក ក្នុងការរៀបចំការ​បង្ហាញ​វប្បធម៌ ប្រពៃណីរបស់ប្រជាជនកូរ៉េ។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ឯកអគ្គកុងស៊ុល សូមឲ្យធ្វើការជួយជម្រុញដល់អ្នកវិនិយោគកូរ៉េ ចូលមកវិយោគនៅខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍ ដោយខេត្តសៀមរាប នូវមានការខ្វះខាត​ជាច្រើន សំខាន់នូវផ្សារទំនើប និង ទីកម្សាន្តធំៗ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការជាមិត្តភាព ក្នុងការ​អភិវឌ្ឍន៍​ភូមិមិត្តភាព ស៊ូវ៉ុន ភ្នំក្រោមផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់