ទស្សនៈកូនខ្មែរ៖ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ក្រោមការសាទរពីសហគមន៍អន្តរជាតិ!

19

បណ្តាប្រទេសជាច្រើនក្នុងលោក រាប់ទាំងមហាប្រទេសប្រជាធិបតេយ្យធំៗផង បានចេញមុខអបអរសាទរជាបន្តបន្ទាប់ដល់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី ៦។ ជាក់ស្តែង បន្ទាប់ពីឥណ្ឌា និងអាល្លឺម៉ង់ ដល់វេន ជប៉ុន ដែលបានផ្ញើសារអបអរសាទរដល់លោក ហ៊ុន សែន ដែលបានបន្តទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីអាណត្តិទី៦។ គិតមកដល់ពេលនេះ មានប្រទេសជាច្រើនដូចជាមហាយក្សចិន រុស្ស៊ី អ៊ុយក្រែន និងបណ្តាប្រទេសអាស៊ា​ន រួមទាំងប្រទេសជាមិត្តជាច្រើនទៀតសុទ្ធតែបានផ្ញើសារអបអរសាទរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី ៦ ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ បានទទួលការស្វាគមន៍ពីសហគមន៍អន្តរជាតិយ៉ាងទូលំទូ​លាយ ផ្ទុយស្រឡះពីការឃោសនា និងការរំពឹងទុករបស់ក្រុមប្រឆាំងជ្រុលនិយមដែលបានខិតខំធ្វើសកម្មភាពបំផ្លាញការបោះឆ្នោត និងចង់ឲ្យរាជរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតដែលគ្មានគណបក្សរបស់ខ្លួនចូលរួមត្រូវបានសហគមន៍អន្តរជាតិផាត់ចោល។

មានមូលហេតុច្រើនយ៉ាងដែលសហគមន៍អន្តរជាតិស្វាគមន៍រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦៖

មូលហេតុទី១៖ ការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈនិងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរជាង ៨៣% ដែលបានចេញទៅបោះឆ្នោតដែលជាចំនួនច្រើនលើសលប់ទោះបីជាក្រុមប្រឆាំងបានធ្វើយុទ្ធនាការម្រាមដៃស្អាតមិនឲ្យពលរដ្ឋចេញទៅបោះឆ្នោតក៏ដោយ។ ហើយអ្នកបោះឆ្នោតភាគច្រើនលើសលប់បានបោះជូនគណបក្សប្រជាជនកម្ពុជាហូតដល់ជាង៧៧% ដែលធ្វើឲ្យបក្សកាន់អំណាចដណ្តើមបានកៅអីទាំងអស់នៅក្នុងរដ្ឋសភា។

មូលហេតុទី២៖ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា បាន ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រកបដោយសុខសន្តិភាព និងគ្មានអំពើហិង្សាកើតឡើងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះឆ្នោតនេះអាចចាត់ទុកថាជាលើកដំបូងហើយ ស្ថានភាពមានលក្ខណៈល្អប្រសើរក្នុងគ្រប់ដំ​ណា​ក់កាលទាំងមុន ទាំងអំឡុងពេល និងទាំងក្រោយការបោះឆ្នោត។ ពលរដ្ឋខ្មែរសម្តែងការ សប្បាយរីករាយដោយគ្មានអ្នកណាតវ៉ាអ្វីឡើយ តែផ្ទុយទៅវិញ ពួកគេមានអំណរយ៉ាងខ្លាំងដោយឃើញការបោះឆ្នោតដែលល្អបែបនេះ។

មូលហេតុទី៣៖ ភ្លាមៗក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោ​លនយោបាយបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរជាងមុន ឲ្យមន្ត្រីរាជរដ្ឋាភិបាលខិតខំធ្វើការបម្រើពលរដ្ឋទ្វេរដងដើម្បីឲ្យពលរដ្ឋទទួលផលប្រយោជន៍ជាក់ស្តែងបានច្រើនជាងមុន។ នេះជាសារដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ។

មូលហេតុទី៤៖ ភ្លាមៗក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីជាផ្លូវការ លោក ហ៊ុន សែន បាន បង្ហាញកាយវិការក្នុងនាមអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌ចំពោះអ្នកប្រព្រឹត្តខុសហើយទទួលស្គាល់កំហុស ដោយបានទូលស្នើព្រះមហាក្សត្រឲ្យលើកលែងទោសដល់ទណ្ឌិតដែលជាអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនឲ្យចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានសារភាពទទួលកំហុស ហើយសុំអន្តរាគមន៍ពីលោកហ៊ុន សែន។ ប្រមុខដឹកនាំប្រទេស ក៏បានប្រកាសផែន​ការលើកលែងទោសទ្រង់ទ្រាយធំនៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

មូលហេតុទី៥៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់តាមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យគណបក្សដែលមិនជាប់ឆ្នោតមានសំឡេងរួមចំណែកក្នុងគោលនយោបាយដឹកនាំប្រទេសក៏ជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

តើមានប្រទេសប្រជាធិបតេយ្យថ្មីថ្មោងណាដែលអាចរៀបចំការបោះឆ្នោតបានល្អបែបនេះ? ក្នុងន័យនេះ សហគមន៍អន្តរជាតិគ្មានជម្រើសអ្វីក្រៅតែពីបន្តកិច្ចសហការណ៍ល្អជាមួយរាជរដ្ឋា​ភិបាលថ្មីដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានកត់សម្គាល់ដោយមោទនៈភាពថា ប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អក្នុងសុខសន្តិភាព ពោលគឺកម្ពុជាត្រូវការស្ថានការណ៍បែបនេះ គឺមិនត្រូវការភាពវឹកវរ ចលាចលនៅក្រោយការបោះឆ្នោតឡើយ។ សុខសន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍ជីវភាពគ្រួសារ ហើយក៏ជាកត្តា អំណោយផលយ៉ាងល្អសម្រាប់ទំនាក់ទំនងអន្តរជាតិផងដែរ។

ការអបអរសាទរយ៉ាងកងរំពងពីសហគមន៍អន្តរជាតិគឺជាសញ្ញាប្រាប់ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតសម រង្ស៊ី ដើម្បីបំផ្លាញការបោះឆ្នោត បំផ្លាញរាជរដ្ឋាភិបាលថ្មី តាមបំណងទុច្ចរិតរបស់ខ្លួននោះ ទទួលបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្តងទៀត។ សហគមន៍អន្តរជាតិ បន្តសិ្ថតនៅជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតៗ គឺមិនមែនស្ថិតនៅជាមួយក្រុមឧទ្ទាមក្រៅច្បាប់ដែលដើរធ្វើសកម្មភាពប្រឆាំងប្រយោជន៍ជាតិនិងប្រជាជនខ្លួនឯងនោះឡើយ៕

ដោយ៖ អ្នកតាមដាន នយោបាយកម្ពុជា!

ចែករំលែក

បញ្ចេញយោបល់